វេទិកាសេដ្ឋកិច្ចពិភពលោករបាយការណ៍អំពីការវាស់ស្ទង់ទៅលើគុណភាពយេនឌ័រនៅប្រទេសចំនួន១៤៩ ដោយផ្អែកលើការអនុវត្តនៅក្នុងវិស័យចំនួន៤ គឺឱកាសក្នុងវិស័យសេដ្ឋកិច្ច ការពង្រឹងអំណាចលើវិស័យនយោបាយ ការទទួលបានការអប់រំនិងសុខភាព និងការរស់រានមានជីវិត។
តាមរយៈការវាស់ស្ទង់នេះ ប្រទេសអ៊ីស្លង់ស្ថិតក្នុងចំណាត់ថ្នាក់ជាប្រទេសមានការអនុវត្តផ្នែកយេនឌ័រល្អជាងគេបំផុតក្នុងរយៈពេល១០ឆ្នាំជាប់ៗគ្នា។ ប្រទេសបន្ទាប់គឺប្រទេសន័រវេស ស៊ុយអ៊ែត និងប្រទេសហ្វាំងឡង់។ ប្រទេសដែលជាប់ចំណាត់ថ្នាក់ទី៦គឺប្រទេសរវ៉ាន់ដា ខណៈប្រទេសណាមីប៊ីស្ថិតក្នុងចំណាត់ថ្នាក់ទី១០ជាលើកដំបូង ក្លាយជាប្រទេសទីពីរនៅតំបន់ភាគខាងត្បូងនៃវាលខ្សាច់សាហារ៉ា។
ចំណែកឯសហរដ្ឋអាមេរិកវិញបានធ្លាក់ចុះមកនៅលេខរៀងទី៥១នៅឆ្នាំនេះ។ លោកស្រី Saadia Zahidi ប្រធានដឹកនាំការសិក្សាស្រាវជ្រាវនេះបានប្រាប់ VOA ថា ការធ្លាក់ចុះចំណាត់ថ្នាក់របស់សហរដ្ឋអាមេរិកនេះគឺដោយសារតែប្រទេសនេះ
អនុវត្តមិនបានល្អក្នុងវិស័យសេដ្ឋកិច្ចនិងនយោបាយ។ លោកស្រី Zahidi បានថ្លែងថា
«នៅពេលនិយាយអំពីការចូលរួមក្នុងវិស័យសេដ្ឋកិច្ច គេរកឃើញសូចនាករអាក្រក់បំផុតនៅសហរដ្ឋអាមេរិកពាក់ព័ន្ធទៅនឹងប្រាក់ចំណូលរកបានដោយស្រ្តី។ នៅក្នុងការស្រាវជ្រាវនេះយើងធៀបប្រាក់ចំណូលទាំងអស់ដែលស្រ្តីរកបានគឺស្មើនឹងប្រាក់ចំណូលជាមធ្យមទាំងអស់ដែលបុរសរកបាន។ នៅតែមានគម្លាតខ្លាំងនៅសហរដ្ឋអាមេរិក។ ហើយចំណុចទីពីរគឺការពង្រឹងសមត្ថភាពក្នុងវិស័យនយោបាយ ដែលសហរដ្ឋអាមេរិកស្ថិតក្នុងចំណាត់ថ្នាក់ទី៩៨នៅទូទាំងពិភពលោក ហើយបើគិតពីមធ្យមភាគវិញប្រទេសនេះបានធ្លាក់ចុះយ៉ាងខ្លាំង»។
លោកស្រី Zahidiបានថ្លែងបន្តថាពិន្ទុលើការលើកកម្ពស់ស្ត្រីក្នុងវិស័យនយោបាយនៅសហរដ្ឋអាមេរិកគឺទទួលបានប្រហែល១២,៥ភាគរយ ហើយចំនួននេះទាបជាងមធ្យមភាគនៅទូទាំងសកលលោកដែលមានចំនួន២២,៣ភាគរយ។ លោកស្រីបានគូសបញ្ជាក់ថារបាយការណ៍នេះមិនបានរួមបញ្ជូលការកើនឡើងនៃចំនួនស្រ្តីនៅក្នុង
ការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតីនៅសហរដ្ឋអាមេរិកទេ។
របាយការណ៍នេះក៏បានបង្ហាញផងដែរថា ការឡើងចំណាត់ថ្នាក់របស់ប្រទេសណាមីប៊ីនេះគឺមួយផ្នែកដោយសារតែមានការកើនឡើងចំនួនស្រ្តីនៅក្នុងរដ្ឋសភា។ របាយការណ៍ក៏បានបញ្ជាក់ដែរថា ប្រទេសអាហ្វ្រិកខាងត្បូងដែលស្ថិតក្នុងចំណាត់ថ្នាក់ទី១៩ដោយសារមានការវិវត្តន៍មួយចំនួននៅក្នុងការលើកកម្ពស់ផ្នែកនយោបាយ។
គេបានរកឃើញថាប្រទេសនេះមានការថយចុះបន្តិចបន្តួចនៅក្នុងសមភាពប្រាក់ឈ្នួល។ របាយការណ៍ក៏បានរកឃើញថាប្រទេសអ៊ឺរ៉ុបខាងលិចជាមធ្បមគឺជាតំបន់ដែលមានកម្រិតខ្ពស់បំផុតនៃសមភាពយេនឌ័រ។ ចំណាត់ថ្នាក់បន្ទាប់គឺប្រទេសនៅតំបន់អាមេរិកខាងជើង អាមេរិកឡាទីន អ៊ឺរ៉ុបខាងកើត អាស៊ីកណ្តាល និងតំបន់អាស៊ីខាងកើតនិងប៉ាស៊ីហ្វិក។
របាយការណ៍បានបង្ហាញថា គម្លាតយេឌ័រនៅតំបន់ភាគខាងត្បូងនៃវាលខ្សាច់សាហារ៉ាបានចាប់ផ្តើមរីកធំម្តងទៀតបន្ទាប់ពីតំបន់នេះបានវិវត្តន៍ទៅរកការបញ្ចប់
គម្លាតយេនឌ័រក្នុងរយៈពេល៦ឆ្នាំជាប់ៗគ្នា។ របាយការណ៍បានរាយការណ៍ថាប្រទេសនៅតំបន់អាស៊ីខាងត្បូងបានទទួលពិន្ទុទាបជាងគេបំផុតទីពីរនៅក្នុងតំបន់ ខណៈតំបន់មជ្ឈិមបូព៌ានិងអាហ្រ្វិកខាងជើងត្រូវបានដាក់នៅក្នុងចំណាត់ថ្នាក់អាក្រក់បំផុតដែលត្រូវធ្វើការកែលម្អផ្នែកសមភាពយេនឌ័រ៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា