វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ជួយ​វៀតណាម​ឲ្យ​ក្លាយ​ជា​ជម្រើស​ដៃគូ​ពាណិជ្ជកម្ម​ជំនួស​ឲ្យ​ចិន

  • Ralph Jennings

នាយករដ្ឋមន្រ្តី​វៀតណាម​លោក Nguyen Xuan Phuc (កណ្តាល) ឧបនាយករដ្ឋមន្រ្តី​ចិន​លោក Hu Chunhua (ខាងឆ្វេង) និង​នាយកប្រតិបត្តិ​​វេទិកា​សេដ្ឋកិច្ច​ពិភពលោក លោក Klaus Schwab ថតរូបរួម​គ្នា​ មុន​ពេល​បើក​វេទិកាសេដ្ឋកិច្ច​ពិភពលោក​នៅ​ក្រុងហាណូយ ប្រទេស​វៀតណាម។

វៀតណាម​ចង់​ធ្វើ​វិនិយោគ​ជាមួយ​នឹង​ក្រុមហ៊ុន​បរទេស ក្នុង​ការ​នាំចេញ​ទំនិញ​នានា ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ច​ឲ្យ​នៅ​ថេរ​ពី​ ៦ភាគរយទៅ​៧ភាគរយ​ដដែល។

សប្តាហ៍​នេះ ​វៀតណាម​មាន​ឱកាស​ក្លាយ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ដើម្បី​បង្ហាញ​ដល់​វិនិយោគិន​បរទេស​ដែល​ចង់​ដឹង​ព័ត៌មាន​បន្ថែម​ថា វៀតណាម​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីក​លូតលាស់​លឿន ​អាច​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ប្រទេស​ចិន ឬ​សហរដ្ឋអាមេរិក​បាន ​ដោយ​មិន​រង​ផល​ប៉ះពាល់​ពី​ជម្លោះ​ពាណិជ្ជកម្ម​ដែល​កាន់​តែ​រីក​ធំ​ឡើង​រវាង​ចិន​និង​អាមេរិក​ឡើយ​។

លោក Frederick Burke ដែល​ជា​បុគ្គលិក​ជាន់ខ្ពស់​និង​ជា​ម្ចាស់​មួយ​រូប​នៃ​ក្រុមហ៊ុន​ច្បាប់ Baker McKenzie ក្នុង​ទីក្រុង ហាណូយ ថ្លែង​ថា ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​ដែល​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​អង្គារ​ដល់​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​សប្តាហ៍​នេះ នៅ​ក្នុង​ទីក្រុង ហាណូយ នេះ ផ្តល់​ឱកាស​ឲ្យ​វៀតណាម​អាច​ជួប​ជាមួយ​នឹង​ក្រុមហ៊ុន​បរទេស​មក​ពី​ប្រទេស​ជាច្រើន ដែល​ក្រុមហ៊ុន​មួយ​ចំនួន​ក្នុង​ចំណោម​នោះ​មិន​ដែល​ទៅ​ប្រទេស​វៀតណាម​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ។

គណៈប្រតិភូ​ប្រហែល​ ១០០០​នាក់​ទៅ​ចូលរួម​ក្នុង​កម្មវិធី​នេះ​ ដែល​ផ្តោត​ទៅ​លើ​តំបន់​អាស៊ីអាគ្នេយ៍។វៀតណាម​ចង់​ធ្វើ​វិនិយោគ​ជាមួយ​នឹង​ក្រុមហ៊ុន​បរទេស ក្នុង​ការ​នាំចេញ​ទំនិញ​នានា ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ច​ឲ្យ​នៅ​ថេរ​ពី​៦ភាគរយទៅ​៧ភាគរយ​ដដែល។ អ្នក​ជំនាញ​នានា​និយាយ​ថា វៀតណាម​ប្រហែល​ជា​នឹង​ធ្វើ​ឲ្យ​គណៈប្រតិភូ​ទាំង​នោះ​មាន​ការ​ភ្ញាក់ផ្អើល​ក្នុង​ឆ្នាំ​នេះ ដោយសារ​ដែល​វិនិយោគិន​ដែល​វិនិយោគ​ក្នុង​ប្រទេស​វៀតណាម​អាច​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក​ ដោយ​មិន​រង​ផល​ប៉ះពាល់​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​ឡើយ។

លោក Burke ​និយាយ​ថា «នៅ​ទីបំផុត អ្វី​ដែល​សំខាន់​គឺ​ពាណិជ្ជកម្ម​និង​ការ​រួម​ចំណែក​ខ្លាំង​ជាងមុន​នៅ​ក្នុង​សេដ្ឋកិច្ច​សកលលោក ហើយ​រឿង​ទាំង​អស់​នេះ​កំពុង​តែ​កើតឡើង។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​យើង​ឃើញ​មាន​ក្រុមហ៊ុន​មក​ពី​ប្រទេស​ធំៗ​ជាច្រើន​មក​ចូលរួម​និង​វាយតម្លៃ​ប្រទេស​វៀតណាម​ផ្អែក​លើ​ការ​ប្រែប្រួល​លំហូរ​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​សកលលោក ​និង​ថា​តើ​វៀតណាម​កាន់​ជំហរ​យ៉ាង​ណា​ក្នុង​ការ​ពង្រឹង​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​សង្វាក់​ផ្តត់ផ្គង់»។

កិច្ចប្រជុំ​បន្ទាប់បន្សំ​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​

ព្រឹត្តិការណ៍​នៅ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ប្រទេស​វៀតណាម ដែល​ក្នុង​នោះ​រួម​មាន​មេដឹកនាំ​មក​ពី​ប្រទេស​កម្ពុជា ឡាវ ម៉ាឡេស៊ី សិង្ហបុរី ស្រីលង្កា ឥណ្ឌូណេស៊ី ហ្វីលីពីន និង​មីយ៉ាន់ម៉ា ផ្តោត​ការ​ពិភាក្សា​ទៅ​លើ​ប្រជាជន​ចាស់​ជរា សេដ្ឋកិច្ច​អ៊ីនធឺណិត និង​កសិកម្ម​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប។ មេដឹកនាំ​មួយ​ចំនួន​ក្នុង​ចំណោម​មេដឹកនាំ​ទាំង​៩​នាក់​ដែល​ទៅ​ចូលរួម​នោះ​ គ្រោង​នឹង​ឡើង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កិច្ចប្រជុំ​នោះ។

វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ដែល​មាន​អាយុកាល​៤៧​ឆ្នាំ​នេះ ជំរុញ​ធ្វើ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​រវាង​វិស័យ​សាធារណៈ​និង​ឯកជន ហើយ​បច្ចុប្បន្ន​នេះ ​មនុស្ស​ជាច្រើន​យល់​ឃើញ​ថា ​វេទិកា​នេះ​ជា​អង្គការ​មួយ​គាំទ្រ​ពាណិជ្ជកម្ម​ទីផ្សារ​សេរី។ ​

ប៉ុន្តែ​អ្នក​វិភាគ​ជឿ​ថា កិច្ចប្រជុំ​បន្ទាប់​បន្សំ​ទៅ​វិញ​ទេ ដែល​សំខាន់​សម្រាប់​វៀតណាម។ អ្នក​ជំនួញ​នឹង​មើល​ឃើញ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​នៅ​ក្នុង​ប្រទេស​នេះ ហើយ​ប្រហែល​ជា​ដឹង​អំពី​ការ​លើកទឹកចិត្ត​របស់​រដ្ឋាភិបាល​វៀតណាម​ក្នុង​ការ​ទាក់ទាញ​សហគ្រាស​ផលិតកម្ម​សម្រាប់​ការ​នាំចេញ​នានា។ លោក Burke ថ្លែង​ថា «វៀតណាម​កំពុង​តែ​ទាក់ទាញ​ក្រុមហ៊ុន​វិនិយោគ​បរទេស​ឲ្យ​បណ្តាក់​ទុន»។​

ការ​ផលិត​ក្នុង​ប្រទេស​វៀតណាម​ចំណាយ​អស់​ប្រាក់​តិច​ជាង​ក្នុង​ប្រទេស​ចិន​ដែល​គេ​តែងតែ​ទៅ​វិនិយោគ​នៅ​ទីនោះ​ពី​មុន​មក។ នេះ​គឺ​ជា​ចំណុច​ទាក់ទាញ​នៃ​សេដ្ឋកិច្ច​វៀតណាម​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​នេះ។

វៀតណាម​ក៏​ប្រហែល​ជា​ប្រើប្រាស់​វេទិកា​នេះ ដើម្បី​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​នឹង​ប្រទេស​មួយ​ចំនួន​ផង​ដែរ។ នេះ​បើ​យោង​តាម​លោក Carl Thayer សាស្ត្រាចារ្យ​កិត្តិយស​ជំនាញ​ខាង​តំបន់​អាស៊ីអាគ្នេយ៍​នៃ​សាកលវិទ្យាល័យ New South Wales ក្នុង​ប្រទេស អូស្ត្រាលី។ បើ​ដូច្នេះ​មែន នោះ​គោលបំណង​របស់​វៀតណាម​នឹង​ខុស​ពី​គោលបំណង​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែល​ចង់​ផ្តោត​តែ​លើ​កិច្ចព្រមព្រៀង​ទ្វេភាគី​ប៉ុណ្ណោះ។

ជា​ឧទាហរណ៍ វៀតណាម​សង្ឃឹម​ថា នឹង​មាន​ការ​សម្រេច​ចុងក្រោយ​ទៅ​លើ​ប្រទេស​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដៃគូ​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែល​មាន​ប្រទេស​ជា​សមាជិក​ចំនួន​១១ ​បន្ទាប់ពី​សហរដ្ឋអាមេរិក​ដែល​ជា​សមាជិក​ទី​១២ បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​កាល​ពី​ឆ្នាំ​មុន។ ​

លោក Thayer ថ្លែង​ថា ដោយ​គិត​គូរ​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក វៀតណាម​នឹង​អាច​ប៉ាន់ស្មាន​ដឹង​នូវ​អ្វី​ដែល​មេដឹកនាំ​ដទៃទៀត​គិត។ លោក​ថ្លែង​បន្ថែម​ទៀត​ថា ប្រទេស​ទាំង​នោះ​ប្រហែល​ជា​ព្រួយបារម្ភ​ដូច​វៀតណាម​ដែរ ដែល​ជម្លោះ​ពាណិជ្ជកម្មនោះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​ដែក​ថែប​និង​រាំង​ស្ទះ​ដល់​សេដ្ឋកិច្ច​ឌីជីថល។ សហរដ្ឋអាមេរិក​បាន​ប្រកាស​កាល​ពី​ដើម​ឆ្នាំ​នេះ​ថា​នឹង​យក​ពន្ធគយ​ ទៅ​លើ​ដែកថែប​ដែល​នាំ​ចូល​ពី​ប្រទេស​ភាគច្រើន​នៅ​ទូទាំង​ពិភពលោក។

លោក Thayer មាន​ប្រសាសន៍​ថា «គោលបំណង​សំខាន់​មួយ​នៃ​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​នេះ គឺ​ដើម្បី​ឲ្យ​ប្រទេស​ដទៃ​មើល​ឃើញ​ប្រទេស​វៀតណាម​ថា​ជា​ប្រទេស​សមាជិក​ដ៏​ល្អ​មួយ​នៅ​ក្នុង​ពិភពលោក ដែល​រួម​ចំណែក​ដើម្បី​ពិភពលោក​និង​ដើម្បី​អត្ថប្រយោជន៍​ផ្ទាល់​ខ្លួន​ផង​ដែរ»។

វៀតណាម​ជា​ជម្រើស​មួយ​ក្រៅ​ពី​ចិន

កាល​ពី​ខែ​មុន សហរដ្ឋអាមេរិក​បាន​សម្រេច​យក​ពន្ធ​គយ​២៥ភាគរយ​ទៅ​លើ​ទំនិញ​នាំ​ចូល​ពី​ចិន​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់១៦ពាន់​លាន​ដុល្លារ ក្រោយ​ពី​យក​ពន្ធ​ក្នុង​អត្រា​ដូចគ្នា​នេះ​ទៅ​លើ​ទំនិញ​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​៣៤​ពាន់​លាន​ដុល្លារ​កាល​ពី​ខែ កក្កដា។ រដ្ឋាភិបាល​ក្រុង​ ប៉េកាំង បាន​ឆ្លើយតប​នឹង​ករណី​នីមួយៗ ដោយ​ដំឡើង​ពន្ធគយ​ក្នុង​អត្រា​ដូចគ្នា​ទៅ​លើ​ទំនិញ​នាំ​ចូល​ពី​អាមេរិក។ រដ្ឋាភិបាល​អាមេរិក​បាន​ប្តេជ្ញា​ថា​នឹង​ដំឡើង​ពន្ធ​គយ​កាន់​តែ​ខ្ពស់​ជាង​នេះ​ទៀត/

ក្រុមហ៊ុន​នានា​ដែល​នាំ​ចេញ​ទំនិញ​ពី​វៀតណាម​ទៅ​កាន់​សហរដ្ឋអាមេរិក​នឹង​ចំណេញ​ច្រើន​ជាង​ក្រុមហ៊ុន​ដែល​នាំ​ចេញ​ទំនិញ​ពី​ប្រទេស​ចិន​ទៅ​កាន់សហរដ្ឋអាមេរិក ដោយ​មាន​ហានិភ័យ​តិចតួច​ប៉ុណ្ណោះ​ចំពោះ​សង្វាក់​ផ្គត់ផ្គង់​ឆ្លង​ព្រំដែន។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​បុគ្គលិក​ម្នាក់​នៃ​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា​ខាង​ជំនួញ Dezan Shira & Associates ក្នុង​ទីក្រុង ហូជីមិញ កាល​ពី​ដើម​ឆ្នាំ​នេះ។ ​

ក្នុង​ចំណោម​ក្រុមហ៊ុន​នានា​ដែល​នាំ​ចេញ​ទំនិញ​ពី​វៀតណាម​ទៅ​សហរដ្ឋអាមេរិក ​ឥឡូវ​នេះ​ក៏​រួម​មាន​ក្រុមហ៊ុន Intel និង​ក្រុមហ៊ុន Samsung Electronics ផង​ដែរ។ ក្រុមហ៊ុន​ចិន​ហាក់​ដូចជា​ចាប់​អារម្មណ៍​បង្កើត​រោងចក្រ​កាន់​តែ​ច្រើន​នៅ​ក្នុង​ប្រទេស​វៀតណាម ដែល​បង្ក​ឲ្យ​មាន​ការ​តវ៉ា​កាល​ពី​ខែ​មិថុនា កន្លង​ទៅ​នេះ ដោយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ស្ថិត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​ភ័យ​ខ្លាច​ថា ក្រុមហ៊ុន​ចិននឹង​លទ្ធភាព​ច្រើន​ក្នុង​ការ​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​។

ប្រទេស​វៀតណាម​ចាត់​ទុក​សហរដ្ឋអាមេរិក​ជា​គោលដៅ​ចម្បង​សម្រាប់​ការ​នាំចេញ​ទំនិញ​កាល​ពី​ឆ្នាំ​មុន ដែល​នៅ​ពេល​នោះ​វៀតណាម​បាន​នាំ​ចេញ​ទំនិញ​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​៤៦,៥ពាន់​លាន​ដុល្លារ ទៅ​កាន់​ទីផ្សារ​អាមេរិក។ ការ​នាំចេញ​ទៅ​សហរដ្ឋអាមេរិក​កើន​ឡើង​១២,៥ភាគរយ កាល​ពី​ខែ​ សីហា ខណៈ​ដែល​ការ​នាំចេញ​ទៅ​កាន់​ប្រទេស​ចិន​កើន​ឡើង​៣០ភាគរយ។ ការ​វិនិយោគ​បរទេស​ក្នុង​ប្រទេស​វៀតណាម​កាល​ពី​ឆ្នាំ​មុន រួម​ចំណែក​ដល់​ការ​នាំចេញ​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ ១៥៥,២៤ពាន់​លាន​ដុល្លារ។

អ្នកស្រី Alicia Garcia Herrero ​សេដ្ឋវិទូ​ជាន់ខ្ពស់​ទទួល​បន្ទុក​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​ធនាគារ​វិនិយោគ​បារាំង Natixis បាន​ថ្លែង​ថា ​វៀតណាម​ប្រហែល​ជា​អាច​បញ្ចុះបញ្ចូល​អ្នក​ជំនួញ​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​នោះ​ថា ប្រទេស​វៀតណាម​គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់ការវិនិយោគ​លើ​ទំនិញ​ពាក់​កណ្តាល​សម្រេច​នានា ដូចជា​គ្រឿងបន្លាស់​អេឡិចត្រូនិក​ជាដើម។ អ្នកស្រី​បាន​បន្ថែម​ថា ​ប្រទេស​វៀតណាម​គឺ​ជា​ជម្រើស​មួយ​ដ៏​ល្អ​ក្រៅ​ពី​ប្រទេស​ចិន ដោយសារ​តែ​វៀតណាម​ធ្វើ​ពាណិជ្ជកម្ម​ជាមួយប្រទេស​ចិនផង​និង​ជាមួយ​សហរដ្ឋអាមេរិក​ផង។

អ្នកស្រី​បាន​បន្ថែម​ទៀត​ថា «ខ្ញុំ​គិត​ថា ប្រទេស​វៀតណាម​អាច​ធ្វើ​បាន​ល្អ​ចំពោះ​បញ្ហា​នេះ»។

អ្នកស្រី Garcia បាន​និយាយ​ទៀត​ថា «នេះ​មាន​ន័យ​ថា​នឹង​មាន​ការ​វិនិយោគ​បរទេស​ដោយ​ផ្ទាល់​ទៅ​វៀតណាម​កាន់​តែ​ច្រើន​ ដោយសារ​តែ​គេ​នឹង​ដឹង​ថា ប្រទេស​វៀតណាម​គឺ​ជា​កន្លែង​ដ៏​ល្អ​មួយ​ដើម្បី​ទាក់ទាញ​យ៉ាង​ហោច​ណាស់​ក៏​វិនិយោគ​មួយ​ចំនួន​ពី​ប្រទេស​ចិន​ផង​ដែរ ពាក់ព័ន្ធ​នឹង​សង្វាក់​តម្លៃ​ទៅ​កាន់​អាមេរិក ហើយ​ខ្ញុំ​គិត​ថា ចំណុច​នេះ​គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​សម្រាប់​ប្រទេស​វៀតណាម»៕

ប្រែសម្រួល​ដោយ ហុង ចិន្តា