ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ធ្វើ​ជាម្ចាស់​ផ្ទះវេទិកាសេដ្ឋកិច្ច​ពិភពលោក​ ខណៈដែល​វិសមភាព​នៅជា​បញ្ហាប្រឈម


លោក ស៊ុន ចាន់ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ចូន​ នៅក្នុង​សន្និសិទ​សារព័ត៌មាន​ ទាក់ទង​អំពី​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ក្នុង​តំបន់​អាសា៊ន​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី៨​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
លោក ស៊ុន ចាន់ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ចូន​ នៅក្នុង​សន្និសិទ​សារព័ត៌មាន​ ទាក់ទង​អំពី​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ក្នុង​តំបន់​អាសា៊ន​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី៨​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

នៅ​គ្រា​មាន​ការ​ស្រាវជ្រាវ​អំពី​ភាព​មិន​ស្មើ​ភាព​គ្នា​ក្នុង​សង្គម​កម្ពុជា​ ពាក់​ព័ន្ធ​នឹង​ជីវភាព​រស់​នៅ​របស់​ប្រជាជន រដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​រួច​រាល់​ក្នុង​ការ​រៀបចំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ដែល​នឹង​ធ្វើ​ឡើង​រយៈពេល​បី​ថ្ងៃ​នៅ​សប្តាហ៍​នេះ​ ក្នុង​រាជធានី​ភ្នំពេញ។ តំណាង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​និយាយ​ថា​ ការ​ប្រែប្រួល​ជា​ច្រើន​របស់​កម្ពុជា​ក្នុង​វិស័យ​សង្គម​ និង​សេដ្ឋកិច្ច​ អនុញ្ញាត​ឲ្យ​ប្រទេស​នេះ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​វេទិកា​នេះ​បាន។

ប្រធាន​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (World Economic Forum) ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ លោក​ Justin Wood ​បាន​ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ប្រទេស​កម្ពុជា​ត្រូវ​បាន​សម្រេច​ឲ្យ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ជា​លើក​ដំបូង​ក្នុង​ប្រទេស​នេះ​ ដោយ​ហេតុ​វេទិកា​នេះ​ ចង់​បើក​ឱកាស​ឲ្យ​ពិភពលោក​ស្គាល់​កាន់​តែ​ច្រើន​អំពី​ប្រទេស​កម្ពុជា​ ខណៈ​ដែល​សេដ្ឋកិច្ច​ប្រទេស​នេះ​កំពុង​រីកចម្រើន​ ហើយ​ភាព​ក្រីក្រ​ត្រូវ​បាន​កាត់​បន្ថយ។

ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ VOA ​ក្រោយ​សន្និសីទ​ព័ត៌មាន​ដែល​រៀបចំ​នៅ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ស្តី​ពី​ការ​រៀបចំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នេះ​ លោក Justin Wood មាន​ប្រសាសន៍​ថា​ មនុស្ស​ជា​ច្រើន​បាន​មើល​ឃើញ​តែ​បញ្ហា​អវិជ្ជមាន​ចេញ​ពី​ភាព​ច្របូកច្របល់​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​ នៅ​ពេល​ដែល​ពួកគេ​គិត​អំពី​ប្រទេស​នេះ។ ប៉ុន្តែ​មាន​ការ​ប្រែប្រួល​ជាច្រើន​នៅ​ក្នុង​ប្រទេស​នេះ។

លោក Justin Wood ជា​ប្រធាន​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ប្រចាំ​តំបន់​អាសុី​បា៉សុីហ្វិក​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី៨​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
លោក Justin Wood ជា​ប្រធាន​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ប្រចាំ​តំបន់​អាសុី​បា៉សុីហ្វិក​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី៨​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

លោក Justin Wood មាន​ប្រសាសន៍​ថា៖

«អ្នក​ដឹង​ទេ​ថា​ អ្វីៗ​បាន​រំកិល​ទៅ​មុខ​ ហើយ​មាន​បញ្ហាប្រឈម​ជាច្រើន​បាន​បន្ត​កើត​មាន​ ប៉ុន្តែ​ក៏​មាន​រឿង​វិជ្ជមាន​ជាច្រើន​ បាន​លេច​ឡើង​ ដូច​ជា​សេដ្ឋកិច្ច​បាន​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​ ភាព​ក្រីក្រ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ មាន​រឿង​ផ្សេងៗ​ជាច្រើន​ដែល​នឹង​ត្រូវ​បាន​ប្រាប់​អំពី​ប្រទេស​កម្ពុជា។ ជាមួយ​បញ្ហា​ទាំង​នេះ​ ក៏​មាន​បញ្ហា​ផ្សេងៗ​ទៀត​កំពុង​កើត​ឡើង។​ ដូច្នេះ​យើង​មាន​លទ្ធភាព​ជួយ​ពិភពលោក​ឲ្យ​យល់​ច្រើន​បន្តិច​ជាង​នេះ​ទៅ​ទៀត អំពី​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

វេទិកា​សេដ្ឋកិច្ច​ពិភពលោក​អំពី​អាស៊ាន ដែល​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី១០​ ដល់​ថ្ងៃ​ទី​១២​ ខែ​ឧសភា​ នឹង​ផ្តោត​លើ​ប្រធានបទ​ស្តី​ពី​យុវជន បច្ចេកវិទ្យា និង​ការ​រីក​លូតលាស់៖ ធានា​នូវ​ឌីជីថល និង​តួលេខ​ប្រជាសាស្ត្រ​របស់​អាស៊ាន។ មនុស្ស​ប្រមាណ​ជាង​៧០០​នាក់​ ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​ចូលរួម​ក្នុង​វេទិកា​នេះ។​ ពួកគេ​មក​ពី​វិស័យ​ឯកជន រដ្ឋាភិបាល​ អ្នក​សិក្សា​ស្រាវជ្រាវ​ និង​សង្គម​ស៊ីវិល។

នៅ​មុន​ការ​ផ្តើម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​របស់​កម្ពុជា​ ក្រុម​អ្នក​ស្រាវជ្រាវ​ជាតិ​ និង​អន្តរជាតិ​ប្រមាណ​ជា​ជាង​៥០នាក់​ បាន​លើក​ឡើង​អំពី​បញ្ហា​វិសមភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ តាម​រយៈ​សៀវភៅ​មួយ​ក្បាល​មាន​ចំណង​ជើង​ថា​ «សៀវភៅ​ស្តី​ពី​បច្ចុប្បន្នភាព​កម្ពុជា» ដែល​បាន​បោះពុម្ព​ផ្សាយ​នៅ​ឆ្នាំ​២០១៧​នេះ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​ទៅ​លើ​បញ្ហា​វិសមភាព​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ វិស័យ​នយោបាយ ហិរញ្ញវត្ថុ​ ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ និង​ការ​អភិវឌ្ឍ​តាម​ទី​ជនបទ​ និង​ជម្លោះ​តាម​ទីក្រុង​ ដូចជា​ការ​ផ្លាស់​ប្តូរ​ទីលំនៅ​ដោយ​បង្ខំ និង​ការ​សិក្សា​អប់រំ​ដែល​នៅ​មាន​បញ្ហា​ប្រឈម​ជាច្រើន​ ពាក់ព័ន្ធ​នឹង​ម៉ោង​បង្រៀន​ដែល​មាន​កម្រិត​ និង​ការណ៍​ដែល​គ្រូបង្រៀន​តម្រូវ​ឲ្យ​សិស្ស​រៀន​គួរ​បន្ថែម។

អ្នក​ស្រាវជ្រាវ​ខ្មែរ និង​បរទេស​ជាង​៣០នាក់ បាន​សហការ​គ្នា ដើម្បី​សរសេរ​សៀវភៅ​មួយ​ក្បាល​ដែល​មាន​ចំណង​ជើង​ថា «‍សៀវភាវ​ស្តីពី​បច្ចុប្បន្នភាព​កម្ពុជា» ដែល​នឹង​បោះពុម្ព​ផ្សាយ​នៅ​ចុង​ឆ្នាំ២០១៦​នេះ។ (រូបថត​ផ្តល់​ឲ្យ)
អ្នក​ស្រាវជ្រាវ​ខ្មែរ និង​បរទេស​ជាង​៣០នាក់ បាន​សហការ​គ្នា ដើម្បី​សរសេរ​សៀវភៅ​មួយ​ក្បាល​ដែល​មាន​ចំណង​ជើង​ថា «‍សៀវភាវ​ស្តីពី​បច្ចុប្បន្នភាព​កម្ពុជា» ដែល​នឹង​បោះពុម្ព​ផ្សាយ​នៅ​ចុង​ឆ្នាំ២០១៦​នេះ។ (រូបថត​ផ្តល់​ឲ្យ)

ពួក​គេ​ក៏​បាន​ស្រាវជ្រាវ​អំពី​ប្រព័ន្ធ​សុខាភិបាល​ បញ្ហា​ស្រ្តី​និង​អំពើ​ហិង្សា ក៏​ដូច​ជា​ បញ្ហា​សាសនា វប្បធម៌ និង​សីលធម៌​ជាដើម។

ការី​និពន្ធ​ពីររូប​នៃ​សៀវភៅថ្មី​នេះ​ គឺ​អ្នកស្រី Katherine Brickell នៃ​សាកលវិទ្យាល័យ​ឡុងដ៍ (The University of London) ប្រទេស​អង់គ្លេស​ និង លោក​ Simon Springer នៃ​សាកលវិទ្យាល័យ​វិចតូរីយ៉ា (The University of Victoria) ​ នៅ​ប្រទេស​កាណាដា ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ដកស្រង់​សម្តី​ក្នុង​ន័យ​ដើម​ថា៖

«សៀវភៅ​នេះ​នឹង​ធ្វើ​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ថា​ វិបត្តិ​ភ័យ និង​គ្រោះ​កាច​នឹង​បន្ត​កើត​មាន»។

ពួក​គេ​បាន​លើកឡើង​បន្ថែម​ថា​ សម្រាប់​អនាគត​របស់​កម្ពុជា​ គ្មាន​អ្វី​ត្រូវ​បាន​ធានា​នោះ​ឡើយ។

យ៉ាង​ណា​ក៏​ដោយ​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ ស៊ុន ចាន់ថុល បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​អំពី​ការ​រៀបចំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ធ្វើ​ឡើង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា វេទិកា​ដែល​គ្រោង​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​នេះ​ នឹង​ជួយ​កសាង​មុខមាត់​ថ្មី​របស់​កម្ពុជា​ដែល​ធ្លាប់​មាន​មុខមាត់​ជា​វាល​ពិឃាត។​ លោក​ថា​ វេទិកា​នេះ​នឹង​ទាក់ទាញ​អ្នក​វិនិយោគ​ និង​អ្នក​ទេសចរណ៍​មក​កម្ពុជា​ឲ្យ​កាន់តែ​ច្រើន​បន្ថែម​ទៀត​មក​កម្ពុជា។

​រដ្ឋមន្ត្រី​រូប​នេះ​បញ្ជាក់​ថា៖

«យើង​ចង់​ឲ្យ​អ្នក​វិនិយោគ​មក​ឃើញ​ ដោយ​ខ្លួន​គេ ហើយ​ឲ្យ​គេ​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្រៅ​ពី​នេះ​ ឧស្សាហកម្ម​ទេសចរណ៍​ក៏​មាន​លក្ខណៈ​សំខាន់​សម្រាប់​កម្ពុជា។ ដូច្នេះ​ព្រឹត្តិការណ៍​នេះ​នឹង​បង្ហាញ​ពី​វប្បធម៌​ និង​ការ​អប់រំ​របស់​កម្ពុជា​ផង​ដែរ»។

បន្ថែម​លើ​ការ​ពិភាក្សា​អំពី​បញ្ហា​យុវជន បច្ចេកវិទ្យា និង​ការ​រីក​លូតលាស់​ លោក​ ស៊ុន ចាន់ថុល​ បាន​ឲ្យ​ដឹង​ថា​ វេទិកា​ដដែល​នេះ ក៏​នឹង​ពិភាក្សា​អំពី​បញ្ហា​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ហៅ​កាត់​ថា​ (អាស៊ាន) នៅ​គ្រា​អាស៊ាន​បាន​ឈាន​ដល់​ខួប​៥០​ឆ្នាំ នៃ​ការ​បង្កើត​សមាគម​មួយ​នេះ។ លោក​ថា​ នឹង​មាន​ការ​ពិភាក្សាអំពី​កិច្ចការ​ដែល​អាស៊ាន​បាន​ធ្វើ​ ក្រោយ​មួយ​ឆ្នាំ​នៃ​ការ​បង្កើត​សមាគម​សេដ្ឋកិច្ច​អាស៊ាន។

វេទិកា​សេដ្ឋកិច្ច​ពិភពលោក​អំពី​អាស៊ាន (World Economic Forum on ASEAN) ​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី១០​ ដល់​ថ្ងៃ​ទី​១២​ ខែ​ឧសភា​ នឹង​ផ្តោត​លើ​ប្រធានបទ​ស្តី​ពី​យុវជន បច្ចេកវិទ្យា និង​ការ​រីក​លូតលាស់៖ ធានា​នូវ​ឌីជីថល និង​តួលេខ​ប្រជាសាស្ត្រ​របស់​អាស៊ាន។ (រូប​ដក​ស្រង់ចេញ​ពី​គេហទំព័រ World Economic Forum)
វេទិកា​សេដ្ឋកិច្ច​ពិភពលោក​អំពី​អាស៊ាន (World Economic Forum on ASEAN) ​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី១០​ ដល់​ថ្ងៃ​ទី​១២​ ខែ​ឧសភា​ នឹង​ផ្តោត​លើ​ប្រធានបទ​ស្តី​ពី​យុវជន បច្ចេកវិទ្យា និង​ការ​រីក​លូតលាស់៖ ធានា​នូវ​ឌីជីថល និង​តួលេខ​ប្រជាសាស្ត្រ​របស់​អាស៊ាន។ (រូប​ដក​ស្រង់ចេញ​ពី​គេហទំព័រ World Economic Forum)

តាម​ការ​បញ្ជាក់​របស់​ប្រធាន​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ លោក​ Justin Wood វេទិកា​នេះ​នឹង​មាន​ការ​ពិភាក្សា​អំពី​កម្មវិធី​ពាណិជ្ជកម្មដែល​មាន​ឈ្មោះ​ថា «ខ្សែ​ក្រវាត់​មួយ ផ្លូវ​មួយ»។ កម្មវិធី​នេះ​ ជា​ផ្នែក​មួយ​របស់​វិថី​សូត្រ​ ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់​ប្រទេស​ចិន​ ក្នុង​ការ​ការពារ​សេដ្ឋកិច្ច​របស់​ខ្លួន​ និង​សម្រាប់​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ​នៅ​ក្នុង​តំបន់។

តាម​ឯកសារ​បញ្ជាក់​ពី​កម្មវិធី​លម្អិត​របស់​វេទិកា​នេះ​ បាន​ឲ្យ​ដឹង​ថា​ វេទិកា​នឹង​មាន​កិច្ច​ពិភាក្សា​ជា​ច្រើន​ ដែល​រួម​មាន​ បញ្ហា​សន្តិសុខ​ទឹក​ អាស៊ាន​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី​បួន (ឧស្សាហកម្ម​ឌីជីថល)​ និង​បញ្ហា​សុខភាព​ជា​ដើម។

ឥស្សរជន​សាធារណៈ​ចំនួន​៩០​រូប​ ដែល​តំណាង​ឲ្យ​ប្រទេស​អាស៊ាន​ទាំង​១០​ ​ក៏​នឹង​ចូលរួម​ក្នុង​វេទិកា​នេះ​ ក្នុង​នោះ​រួម​មាន​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន​ លោក​ Rodrigo Duterte ប្រធានាធិបតី​ហ្វីលីពីន​ និង​លោក​ Nguye Xuan Phuc នាយករដ្ឋមន្ត្រី​ប្រទេស​វៀតណាម និង​លោក​ Thongloun Sisolith នាយក​រដ្ឋមន្ត្រី​ប្រទេស​ឡាវ​ផង​ដែរ៕

XS
SM
MD
LG