ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វេទិកា​សេដ្ឋកិច្ច​ពិភពលោក៖​ កម្ពុជា​ត្រៀម​ខ្លួន​សម្រាប់​បដិវត្តន៍​ឧស្សាហកម្ម​ឌីជីថល


នាយក​រដ្ឋមន្ត្រី​កម្ពុជា ​លោក​ ហ៊ុន ​សែន​ ថ្លែង​ទៅកាន់​អ្នក​សារ​ព័ត៌មាន​ជាតិ និង​អន្តរជាតិ​ ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៃវេទិកា​សេដ្ឋកិច្ច​ពិភពលោកនៅ​រាជ​ធានី​ភ្នំពេញ​ នៅ​ថ្ងៃទី១១​ ខែ​ឧសភា​ ឆ្នាំ​២០១៧​។ (ហ៊ាន​ សុ​ជាតា​/ VOA)
នាយក​រដ្ឋមន្ត្រី​កម្ពុជា ​លោក​ ហ៊ុន ​សែន​ ថ្លែង​ទៅកាន់​អ្នក​សារ​ព័ត៌មាន​ជាតិ និង​អន្តរជាតិ​ ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៃវេទិកា​សេដ្ឋកិច្ច​ពិភពលោកនៅ​រាជ​ធានី​ភ្នំពេញ​ នៅ​ថ្ងៃទី១១​ ខែ​ឧសភា​ ឆ្នាំ​២០១៧​។ (ហ៊ាន​ សុ​ជាតា​/ VOA)

«ប៉ុន្តែ​អ្វី​ដែល​ជា​ក្តី​សង្ឃឹម​របស់​ខ្ញុំ​ នោះ​គឺ​ការ​កាត់បន្ថយ​គម្លាត​ខាង​ខួរក្បាល។​ ប្រទេស​អាស៊ាន​ចេះអី​ យើង​ក៏​ត្រូវ​ខិតខំ​ប្រឹងប្រែង​ឲ្យ​ចេះ​ហ្នឹង​ដែរ។​ នេះ​ជា​វិធី​ដែល​អាច​ធ្វើ​ទៅ​រួច​ តាម​រយៈ​ការ​វិនិ​យោគ​ កាន់​តែ​ច្រើន​ថែម​ទៀត​ សម្រាប់​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​របស់​កម្ពុជា»។​

នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ លើក​ឡើង​ពី​ការ​ត្រៀម​ខ្លួន​របស់​កម្ពុជា​សម្រាប់​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី​៤ (Fourth Industrial Revolution) ​ឬ​បដិវត្ត​បច្ចេកវិទ្យា​ឌីជីថល​ ដែល​ជា​និន្នាការ​សាកល​ផ្តោត​សំខាន់​លើ​ការ​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា។​

​នៅ​ថ្ងៃ​ព្រហស្បត្តិ៍​នេះ​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​លើក​ឡើង​ពី​ការ​ត្រៀមខ្លួន​របស់​កម្ពុជា​សម្រាប់​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី៤​ ដែល​ផ្តោត​សំខាន់​លើ​ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា។​

ថ្លែង​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ដែល​ធ្វើ​ឡើង​ក្នុង​រាជ​ធានីភ្នំពេញ​ ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ថ្លែង​ថា​បើ​ទោះ​ជា​កម្ពុជា​មិន​ទាន់​មាន​សេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង​ដូច​ប្រទេស​មួយ​ចំនួន​ក្នុង​សមាគមន៍​អាស៊ាន​ក្តី ​កម្ពុជា​អាច​មាន​លទ្ធភាព​ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ផ្នែក​បច្ចេកវិទ្យា​ ​ឲ្យ​ស្មើ​នឹង​ពលរដ្ឋ​ក្នុង​តំបន់​អាស៊ាន​ផ្សេង​ទៀត។​

លោក​ ហ៊ុន សែន​ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​យ៉ាង​ដូច្នេះ៖​

«ប៉ុន្តែ​អ្វី​ដែល​ជា​ក្តី​សង្ឃឹម​របស់​ខ្ញុំ​ នោះ​គឺ​ការ​កាត់បន្ថយ​គម្លាត​ខាង​ខួរក្បាល។​ ប្រទេស​អាស៊ាន​ចេះអី​ យើង​ក៏​ត្រូវ​ខិតខំ​ប្រឹងប្រែង​ឲ្យ​ចេះ​ហ្នឹង​ដែរ។​ នេះ​ជា​វិធី​ដែល​អាច​ធ្វើ​ទៅ​រួច​ តាម​រយៈ​ការ​វិនិ​យោគ​ កាន់​តែ​ច្រើន​ថែម​ទៀត​ សម្រាប់​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​របស់​កម្ពុជា»។​

លោក​ ហ៊ុន សែន​ ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​បាន​បន្តថា​ កម្ពុជា​ក៏​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​របស់​ខ្លួន ដើម្បី​អភិវឌ្ឍ​ធនធាន​មនុស្ស​ផ្នែក​បច្ចេកវិទ្យា​នេះ​ ឲ្យ​គ្រប់គ្រាន់​សម្រាប់​ចូលរួម​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ឬ​ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​នេះ។

នាយក​រដ្ឋមន្ត្រី​កម្ពុជា ​លោក​ ហ៊ុន ​សែន​ ថ្លែង​ទៅកាន់​អ្នក​សារ​ព័ត៌មាន​ជាតិ និង​អន្តរជាតិ​ ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៃវេទិកា​សេដ្ឋកិច្ច​ពិភពលោក នៅ​រាជ​ធានី​ភ្នំពេញ​ នៅ​ថ្ងៃទី១១​ ខែ​ឧសភា​ ឆ្នាំ​២០១៧។​ (ហ៊ាន​ សុ​ជាតា​/ VOA)
នាយក​រដ្ឋមន្ត្រី​កម្ពុជា ​លោក​ ហ៊ុន ​សែន​ ថ្លែង​ទៅកាន់​អ្នក​សារ​ព័ត៌មាន​ជាតិ និង​អន្តរជាតិ​ ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៃវេទិកា​សេដ្ឋកិច្ច​ពិភពលោក នៅ​រាជ​ធានី​ភ្នំពេញ​ នៅ​ថ្ងៃទី១១​ ខែ​ឧសភា​ ឆ្នាំ​២០១៧។​ (ហ៊ាន​ សុ​ជាតា​/ VOA)

លោក​នាយករដ្ឋមន្ត្រី​កម្ពុជា​រូប​នេះ​ថ្លែង​ថា៖

«កម្ពុជា​មាន​គោល​នយោបាយ​ ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥​ ដែល​បញ្ហា​នេះ​ ក្លាយ​ជា​ប្រធានបទ​ធំ​ ដើម្បី​ឆ្លើយតប​ជាមួយ​បច្ចេកវិទ្យា​ ដែល​ត្រូវ​ហូរ​ចូលមក។​ បើ​យើង​គ្មាន​ធនធាន​មនុស្ស​ គេ​ក៏​មិន​មាន​លទ្ធភាព​ដើម្បី​ដាក់​រោងចក្រ​ ឬ​វិនិយោគ​ដែល​មាន​បច្ចេកវិទ្យា​ជាន់ខ្ពស់​មក​នោះ​ទេ»។​

បដិវដ្តន៍​ឧស្សាហ​កម្ម​លើកទី៤​ ​ដែល​សំដៅ​ដល់​ការ​អភិវឌ្ឍ​លើ​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​នេះ​ ​មានន័យ​ថា​ ការ​ទាញ​យកផលប្រយោជន៍​អំពី​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ទំនើបៗ​ ដើម្បី​បម្រើ​ដល់​ភាព​រីក​ចម្រើន​ក្នុង​វិស័យ​ដទៃ​ទៀត ដូច​ជា​ឧស្សាហកម្ម សេដ្ឋកិច្ច​ និង​ការ​ជជែក​ដេញ​ដោល​អំពីអត្ថន័យ​ និង​តម្លៃ​ជាមនុស្សជាដើម។ នេះ​បើ​យោង​តាម​ការ​ពន្យល់​នៅ​ក្នុង​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា​ The Fourth Industrial Revolution ​(បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី៤) របស់​លោក​ Klaus Schwab ​ស្ថាបនិក​វេទិកា​សេដ្ឋកិច្ច​ពិភពលោក World Economic Forum។​

សៀវភៅ​ដដែល​នេះ​ ក៏​បាន​បញ្ជាក់​ទៀត​ថា​ ​បដិវដ្តន៍​ឧស្សាហ​កម្ម​លើក​ទី៤​ ​នេះ​ក៏​អាចបង្ក​ជា​ក្តី​បារម្ភ​ដល់​សាកលលោក​ផង​ដែរ​ គឺ​នៅ​ពេល​ដែលអង្គការ​ និង​ស្ថាប័ន​នានា​ដែល​កំពុង​ជំរុញបដិវត្តន៍​នេះ​បរាជ័យក្នុងការ​អនុវត្ត​ការងារ​នេះ ហើយ​រដ្ឋាភិបាល​តាម​ប្រទេសមិនអាច​បង្កើត​យន្តការ​ដែល​ប្រសិទ្ធភាព​ក្នុង​ការ​ទាញ​យក​ផល​ប្រយោជន៍​ពី​បច្ចេកវិទ្យា​ទំនើបៗ។​ មិន​តែ​ប៉ុណ្ណោះ​ ការ​ផ្លាស់​ប្តូរ​នេះ​អាច​បង្ក​ជា​បញ្ហា​អសន្តិសុខ​លើ​ប្រព័ន្ធ​អ៊ិនធឺណេត​ គម្លាត​សេដ្ឋកិច្ច និង​ការ​បែកបាក់​ក្នុង​សង្គម​ជាដើម។​

អាស៊ាន​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ឌីជីថល​ គឺ​ជា​ប្រធានបទ​សំខាន់​មួយ​នៃ​កិច្ច​ពិភាក្សា​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​សប្តាហ៍​នេះ។​

លោក​ ឈាង វណ្ណារិទ្ធិ​ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​ បាន​លើក​ឡើងថា​ ​ការ​លូតលាស់​ផ្នែក​សេដ្ឋកិច្ច​ និង​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ គឺ​ជា​មែកធាង​២​សំខាន់​ ដែល​បំពេញ​គ្នា​ទៅវិញ​ទៅមក​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។

លោក​ថ្លែង​ប្រាប់​ VOA ​យ៉ាង​ដូច្នេះ៖ ​

«ឧទាហរណ៍​ថា​ បើ​ក្នុង​សហគមន៍​មួយ​មិន​មាន​សេដ្ឋកិច្ច​រីកចម្រើន​ ប៉ុន្តែ​បើ​ពួកគាត់​មាន​ចំណេះដឹង​ ឬ​ជំនាញ​ វា​អាច​ធ្វើ​ឲ្យ​សហគមន៍​ហ្នឹង​មាន​ការ​រីកចម្រើន​ដែរ។ ចឹង​វា​ត្រូវ​ដើរ​ទន្ទឹម​គ្នា។ បើ​តំបន់​ហ្នឹងក្រ​ ក៏​អត់​មាន​លទ្ធភាព​ជូន​កូន​ទៅរៀន​ ចឹងវា​ធ្វើឲ្យ​គម្លាត​ហ្នឹង​កាន់តែ​ខ្ពស់»។

លោក​ ឈាង​ វណ្ណារិទ្ធិ​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​វិទ្យា​ស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​ ចូល​រួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃទី​ ១១​ ខែ​ឧសភា​ ឆ្នាំ​២០១៧​។ (ហ៊ាន សុ​ជាតា​/ VOA)
លោក​ ឈាង​ វណ្ណារិទ្ធិ​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​វិទ្យា​ស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​ ចូល​រួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃទី​ ១១​ ខែ​ឧសភា​ ឆ្នាំ​២០១៧​។ (ហ៊ាន សុ​ជាតា​/ VOA)

លោក​បន្ត​ថា​ រដ្ឋាភិបាល​ដើរ​តួនាទី​យ៉ាង​សំខាន់​ ដើម្បី​អាច​កាត់​បន្ថយ​គម្លាត​ចំណេះដឹង ​និង​អភិវឌ្ឍ​ធនធាន​មនុស្ស​ផ្នែក​បច្ចេកវិទ្យា​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​បាន។ ​លោក​ថា​ ការ​អភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា​ អាច​ជួយ​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​បាន​ឆាប់​រហ័ស។​

លោក ឈាង វណ្ណារិទ្ធិ​ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​កម្ពុជា​ពន្យល់​បន្ថែម​ថា៖​

«អ្វី​ដែល​យើង​អាច​ភ្ជាប់​ជាមួយ​ Fourth Industrial Revolution ទាក់ទង​ហ្នឹង​ Digital Education អាច​ជា​មធ្យោបាយ​មួយ​ដែរ។​ ដូច្នេះ​យើង​អាច​បង្កើត​ឲ្យ​មាន​ e-learning​ នៅ​ភ្នំពេញ​ ហើយ​យើង​អាច​បង្កើត​តាម​ខេត្ត​ តាម​ស្រុក។​ យើង​អាច​មាន​មជ្ឈមណ្ឌល​រៀន​ e-learning ដែល​អាច​ជួយឲ្យ​គម្លាត​ចំណេះ​មាន​ការ​ថយ​ចុះ​ និង​ឈាន​ដល់​បន្ថយគម្លាតសេដ្ឋកិច្ច»។​

ក៏​ប៉ុន្តែ​ លោក​បណ្ឌិត​រូប​នេះ​យល់​ឃើញ​ថា​ កម្ពុជា​នៅ​មាន​បញ្ហា​ច្រើនទៀត​ចំពោះ​ ការ​ត្រៀមខ្លួន និង​អភិវឌ្ឍ​ធនធាន​មនុស្ស​ផ្នែក​បច្ចេកវិទ្យា​នេះ​ ជាពិសេស​នៅ​ពេល​ដែល​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​របស់​ពលរដ្ឋ​កម្ពុជា​នៅ​មាន​កម្រិត​ និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​មិន​ទាន់​ទូលំទូលាយ​ពេញ​ផ្ទៃ​ប្រទេស​នោះ។​

វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ២០១៧​ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​ និង​ធ្វើ​ឡើង​ពី​ថ្ងៃទី​១០​ ដល់​ ១២ ​ខែ​ឧសភា​នេះ ​ផ្តោត​សំខាន់​លើ​ប្រធានបទ​ស្តីពី​«យុវជន​ បច្ចេកវិទ្យា​ និង​ការរីក​ចម្រើន»។​ យ៉ាង​ហោច​ណាស់​មាន​គណៈប្រតិភូមក​ពី​វិស័យ​ឯកជន​រដ្ឋាភិបាល​ អ្នក​សិក្សា​ស្រាវជ្រាវ​ និង​សង្គម​ស៊ីវិល​ចំនួន​ប្រមាណ​ ៧០០​នាក់​ មក​ពី​៤០​ប្រទេស​បាន​មក​ចូលរួម​ក្នុង​វេទិកា​រយៈ​បីថ្ងៃ​ដែល​ចាប់​តាំងពី​ថ្ងៃ​ពុធ។​ នៅ​ក្នុង​ថ្ងៃ​ទី២​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នេះ​ ​គេ​សង្កេត​ឃើញ​មាន​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​អាស៊ាន​មួយ​ចំនួន​ចូលរួម​ផង​ដែរ​រួម​ទាំង​លោក​ប្រធានាធិបតី​ហ្វីលីពីន​ Rodrigo Duterte​ ផងដែរ។​

​ដោយ​ឡែក​ក្នុងសន្និសីទ​សារព័ត៌មាន​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក ​ហ៊ុន សែន​ បាន​ឆ្លៀត​ពេល​និយាយ​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​កម្ពុជា​និង​លើក​តម្លៃ​ខ្លួន​លោក​ និងគណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​ជួយ​ដល់​អ្នក​សារព័ត៌មាន​និង​ប្រជាជន​កម្ពុជា​ពី​របប​ខ្មែរ​ក្រហម៕​

XS
SM
MD
LG