ធនាគារ​ពិភពលោក​​ព្រមាន​ពី«ទសវត្សរ៍​​គាំង​សេដ្ឋកិច្ច​​» ដោយសារ​កំណើន​ថមថយ

រូបឯកសារ៖ អគារ​ World Bank ក្នុង​ទីក្រុង Washington កាលពី​ខែមេសា ថ្ងៃ០៥ ឆ្នាំ២០២១។

នៅក្នុង​របាយការណ៍ដ៏​គួរឲ្យ​បារម្ភ​មួយ ដែលចេញ​ផ្សាយ​កាល​ពីសប្តាហ៍​ថ្មីៗ​នេះ​ ធនាគារ​ពិភពលោក​ បាន​ព្រមាន​ពី​វិបត្តិ​ នៃកំណើន​អន់ថយនៅ​ក្នុង​សេដ្ឋកិច្ច​សាកលលោក​ ដែល​អាច​អូស​បន្លាយ​ពេលជាច្រើន​ទសវត្សរ៍​ទៅ​មុខ​ទៀត​ ប្រសិន​បើ​រដ្ឋាភិបាល​នានា​ ​ជុំវិញ​ពិភពលោក​ មិន​ដាក់​ចេញ​នូវ​អ្វី​ ដែល​គេ​ហៅ​ថា ជា«​គោល​នយោបាយ​សម្រម​សម្រួល​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព»​ នោះ​ទេ។​ ​

របាយការណ៍​របស់​ធនាគារ​ពិភពលោកបង្ហាញ​ថា​ កំណើន​សាកលក្នុង​ផលិតផល​សរុប​ក្នុង ស្រុក​រវាងពី​ឆ្នាំ​២០២២​ដល់​ឆ្នាំ​២០៣០ នឹង​មាន​ការ​ធ្លាក់ចុះ​ប្រមាណ​២.២​ភាគរយ ដែល​ចុះ​១​ភាគ​៣ពី​អត្រា​រវាង​ពី​ឆ្នាំ​២០០០​ ដល់​ឆ្នាំ​២០១០។​ បើ​ទោះ​ជា​អត្រា​កំណើន​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​មានចំនួន​ខ្ពស់​ជាង​ក៏ដោយ​ ក៏​វា​ទំនង​នឹង​មាន​ការ​ថយចុះប្រមាណ​១ភាគ៣​ដែរ គឺ​ធ្លាក់ចុះ​ពី​ចំនួន​៦ភាគរយដល់​៤​ភាគរយ។ នេះ​បើ​យោង​ទៅ​លើ​ឯកសារ​របាយការណ៍​ ដែល​មាន​ចំណង​ជើង​ថា​ «ការ​ប្រមើល​មើល​អំពីការធ្លាក់​ចុះ​កំណើន​សេដ្ឋកិច្ច​រយ:ពេល​វែង»។

របាយ​កាណ៍​នេះ​បង្ហាញ​ថា​ មាន​កត្តា​កំណត់​ជា​ច្រើន​ ដែល​ធ្វើឲ្យ​អន់ថយ​ក្តីសង្ឃឹមនៃ​កំណើន​សេដ្ឋកិច្ច​រយៈពេល​យូរ ដែល​ក្នុង​នោះ​រួមមានកម្លាំង​ពលកម្ម​មនុស្សដែល​មាន​វ័យ​កាន់​តែ​ចាស់ កំណើន​ប្រជាជន​កាន់​តែ​យឺត​ទៅៗ​ ក៏​ដូច​ជា​អត្រា​នៃការ​វិនិយោគ​ផ្នែកការ​បង្កើន​ផលិតភាព​ស្ថិត​ក្នុង​កម្រិត​ទាបជា​ដើម។​ ​ការ​ប៉ះពាល់​ជា​អវិជ្ជមាន​ កាន់តែ​ដុនដាបទៅ​ ដោយ​សារ​ការ​ធ្លាក់ ចុះសេដ្ឋកិច្ច​សាកល​ ដែល​ក្នុង​នោះរួម​មានការ​ប៉ះពាល់​យូរ​ ដោយ​សារជំងឺ​រាតត្បាត​កូវីដ១៩ និង​សង្គ្រាម​ កំពុង​កើត​មាន​ក្នុង​ប្រទេស​អ៊ុយក្រែន​ផង​ដែរ។​

លោក​ Indermit Gill ប្រធាន​ក្រុម​សេដ្ឋវិទូ​នៃ​ធនាគារ​ពិភពលោក​ បាននិយាយ​នៅ​ក្នុង​ឯកសារ​ភ្ចាប់​នៃ​របាយការណ៍​នោះ​ថា៖ «ទសវត្សរ៍​ជាប់​គាំង​សេដ្ឋកិច្ច​ អាចកើត​ឡើង​ចំពោះ​សេដ្ឋកិច្ច​សាកល។​ ការ​បន្តធ្លាក់ចុះ​កំណើន​សេដ្ឋកិច្ច​សាកល​ដែល​អាចកើត​ឡើង​នេះ​ បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរលើ​សមត្ថភាព​របស់​ពិភពលោក ក្នុង​ការ​ទប់ទល់​នឹង​ការ​ប្រឈម​សំខាន់​ៗ​ជា​ច្រើនជាពិសេស​នៅក្នុង​សម័យកាល​យើង​នេះ ដែលរួម​មាន​ភាព​ក្រីក្រ​ខ្លាំងក្លា​ ប្រាក់ចំណូល​ខុសគ្នា​ និង​ការ​ប្រែប្រួល​អាកាស​ធាតុ​ជា​ដើម។ ប៉ុន្តែការធ្លាក់​ចុះ​ទាំង​នេះ​ នឹង​អាច​កែប្រែបាន ហើយការ​កំណត់​ល្បឿន​នៃ​សេដ្ឋកិច្ចពិភព​លោក​អាចកើនឡើង​បាន​ តាម​រយៈ​គោល​នយោបាយ​នៃ​ការ​ផ្តល់​ប្រាក់​លើក​ទឹក​ចិត្តការងារ​ បង្កើន​ផលិតភាព​ និង​បន្ថែម​ល្បឿន​វិនិយោគ​ទុន​ជា​ដើម»។

​តាម​ការ​ប៉ាន់ស្មាន​របស់​ខ្លួន​ របាយការណ៍ធនាគារ​ពិភពពលោក​មួយ​នេះ ក៏ផ្តល់​អនុសាសន៍​មួយ​ចំនួន​ ដែល​រំពឹងថា​នឹង​ជួយ​ជំរុញដល់អត្រា​កំណើន​សេដ្ឋកិច្ច​សាកល​ជា​មធ្យម​ ​ដល់​២.៩​ភាគរយ​ គឺកើនឡើង​ពី​២.២​ភាគរយ​ ក្នុង​រយៈ​ពេល​ដែល​នៅ​សល់ក្នុង​ទសវត្សរ៍​ជាប់​គាំង​សេដ្ឋកិច្ច​នេះ។​

របាយការណ៍​នេះ​ ក៏​បាន​ជំរុញ​ដល់​រដ្ឋាភិបាល​នានានៅ​ជុំវិញ​ពិភពលោក​ ឱ្យបញ្ចុះ​អតិផរណា​ និង​ធានា​ដល់​ស្ថិរភាពនៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ផង​ដែរ។​ ​ របាយការណ៍​នេះ​ ក៏​បាន​ផ្តល់​អនុសាសន៍​ ឱ្យ​មាន​ការ​កាត់​បន្ថយ​កម្រិត​ប្រាក់​បំណុល​រដ្ឋ​ ដែល​អាច​ជួយ​ឱ្យនៅ​សល់​លុយ​ សម្រាប់​ការ​ធ្វើ​វិនិយោគទុន ក្នុង​វិស័យ​ហេដ្ឋា​រចនាសម្ពន្ធ​បង្កើន​ផលិតភាព​នោះ។​ ​

​ការវិនិយោគ​ផ្នែក​វិស័យ​ហេដ្ឋារចនា​សម្ពន្ធ​ដែលត្រូវបានផ្តល់​អនុសាសន៍​នោះ​ រួម​មានធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ដឹកជញ្ជូន​ និង​ការ​លើកកម្ពស់​ដោយ​ចីរភាព​នៃ​បរិដ្ឋាន​សម្រាប់វិស័យ​កសិកម្ម​ ការ​ផលិត ក៏​ដូច​ជាប្រព័ន្ធ​គ្រប់គ្រង​ទឹក​និង​ដីផង​ដែរ។​

របាយការណ៍​នេះ​ ក៏​បានអំពាវនាវ​ដល់ប្រទេស​នានា ឱ្យ​ដក​ចេញ​នូវ​ឧបសគ្គ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ ដោយ​ផ្តោត​ទៅ​លើ​វិធី​ផ្សេងៗ ដើម្បីធ្វើ​សាកលភាវូបនីយកម្ម​កំណើន​សេដ្ឋកិច្ច​ផ្នែក​សេវា​និង​បង្កើនការ​ចូលរួម​ផ្នែក​កម្លាំង​ពលកម្មផង​ដែរ៕