ធនាគារ​ពិភព​លោក​​ជំរុញ​ឱ្យ​កម្ពុជា​​​បង្កើន​ការគិតគូរ​លើ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដើម្បី​ទប់ស្កាត់​​ការប្រែប្រួល​អាកាស​ធាតុ

រូបឯកសារ៖ បុរស​ម្នាក់​ដើរ​ចាប់​ត្រី​ក្នុង​ភក់​បាត​ព្រែក​ក្នុង​រដូវប្រាំង នៅ​ជាយ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ថ្ងៃ​សៅរ៍ ទី១១ ខែ​មីនា ឆ្នាំ​២០២៣។

ធនាគារ​ពិភព​លោក (World Bank) ជំរុញ​ឱ្យ​កម្ពុជាកែ​លម្អ​ភាព​ធន់​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដើម្បី​បន្សាំ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ និង​ទប់​ស្កាត់​កំណើន​ភាព​ក្រីក្រ ខណៈ​កម្ពុជា​ជា​ប្រទេសដែល​ងាយ​រងគ្រោះ​ដោយ​ទឹកជំនន់ និង​គ្រោះ​រាំង​ស្ងួត។

របាយការណ៍​របស់​ធនាគារ​ពិភព​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា បញ្ជាក់ថា កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មាន​អត្រា​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខ្ពស់​បំផុត​ក្នុង​ពិភព​លោក ហើយ​កម្ពុជា​ជា​ប្រទេស​ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​កម្រិត​ទាប ប៉ុន្តែ​មាន​កំណើន​នៃ​អត្រា​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​លឿន​បំផុត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

ក្នុង​របាយការណ៍​របស់​ធនាគារ​ពិភព​លោក​ដដែល​បន្ថែម​ថា គ្រោះ​រាំង​ស្ងួត​ធ្ងន់​ធ្ងរ​ដែល​បាន​កើត​ឡើង​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥ និង​២០១៦​ បាន​ប៉ះ​ពាល់​ដល់​១៨​ខេត្ត​ក្នុង​ចំណោម​២៥​ខេត្ត/​រាជធានី និង​ប៉ះ​ពាល់​ដល់​មនុស្ស​ជាង​២,៥​លាន​នាក់​ ហើយ​ផល​ស្រូវ​បាន​បាត់​បង់​ប្រមាណ​១០០​លាន​ដុល្លារ​អាមេរិក​ដោយ​សារ​គ្រោះ​រាំង​ស្ងួត​ដែល​បណ្តាល​មក​ពី​បាតុភូត El Nino​ នា​ឆ្នាំ​២០១៩។

របាយការណ៍​ដដែល​បន្ថែម​ថា នៅ​ខែ​កញ្ញា​ ឆ្នាំ​២០២២ ជាខែ​ដែលមាន​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​នា​រយៈ​ពេល​៣​ឆ្នាំ​ បាន​បង្ក​គ្រោះ​ទឹក​ជំនន់​ធ្ងន់​ធ្ងរ​ក្នុង​ខេត្ត​ចំនួន​១៤​ ដោយ​ប៉ះ​ពាល់​ប្រមាណជា​៨៥​ម៉ឺនគ្រួសារ និង​មាន​ការ​បាក់​ដី​ដែល​នាំ​ឱ្យ​មាន​ការ​ជម្លៀស​ប្រជាជន​៥,០០០​គ្រួសារ។

របាយកាណ៍​របស់​ធនាគារ​ពិភព​លោក​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖ «យោង​តាម​ការ​ព្យាករណ៍អាកាស​ធាតុ ហានិភ័យ​ទឹក​ជំនន់ និង​សម្ពាធ​កម្តៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​នឹង​មាន​សភាព​កាន់​តែ​អាក្រក់​នា​ពេល​អនាគត។ ប្រសិន​បើ​គ្មាន​វិធាន​ការ​បន្សាំ និង​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​សម​ស្រប​ទេ​ បម្រែ​បម្រួល​អាកាស​ធាតុ​អាច​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ខាត​បង់ ផ.ស.ស (ផលិត​ផល​ក្នុង​ស្រុក​សរុប​) អស់​៩​ភាគ​រយ​ គិត​ត្រឹម​ឆ្នាំ​២០៥០ និង​ធ្វើ​ឱ្យអត្រាភាព​ក្រីក្រ​កើន​ឡើង​៦ភាគ​រយ​ពិន្ទុ ​គិត​ត្រឹម​ឆ្នាំ​២០៤០»។

ផល​ប៉ះ​ពាល់​នៃ​អាកាស​ធាតុ​បង្ក​ហានិភ័យ​ច្រើន​ដល់​ប្រទេស និង​ប្រជាជន​ ហើយ​ធ្វើ​ឱ្យ​បញ្ហា​ប្រឈម​ដល់​ការ​អភិវឌ្ឍ​មាន​សភាព​កាន់​តែ​ធ្ងន់ធ្ងរ ដោយ​ទឹក​ជំនន់​នឹង​បង្ក​ការ​ខាត​បង់​កាន់​តែច្រើន​ឡើង​ដល់​រោង​ចក្រ ផ្លូវ​ថ្នល់ ផ្ទះ​សម្បែង និង​សាលារៀន និង​បណ្តាល​ឱ្យ​សេវាកម្ម និង​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​សំខាន់ៗ​ជួប​ភាព​រអាក់​រអួល​។ បម្រែ​បម្រួល​អាកាសធាតុ​ត្រូវ​បាន​ព្យាករណ៍​ថា​ នឹង​បណ្តាល​ឱ្យ​ទិន្នផលដំណាំ​ និង​ជលផល​ធ្លាក់​ចុះ ​ដែល​បង្ក​បញ្ហា​ប្រឈម​ដល់​សន្តិ​សុខ​ស្បៀង​ និង​អាហារូបត្ថម្ភ សីតុណ្ហភាព​កាន់​តែ​ខ្ពស់ និង​ភ្លៀង​ធ្លាក់​ខ្លាំង​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សុខភាព ហើយ​ជា​ដើម​ចម​នៅ​ពី​ក្រោយ​ការ​កើន​ឡើង​នៃ​ករណី​ជំងឺ​ផង​ដែរ។ នេះ​បើ​តាម​របាយការណ៍​របស់​ធនាគារ​ពិភព​លោក។

ក្នុង​របាយការណ៍នោះ ធនាគារ​ពិភព​លោក​បាន​ផ្តល់​អនុសាសន៍​ដល់រដ្ឋាភិបាល​កម្ពុជា​ដូច​ជា ការ​បន្សាំ​ការ​រួម​បញ្ចូល​ការ​កែ​លម្អ​ឱ្យ​កាន់​តែ​ប្រសើរ​នូវ​ភាព​ធន់​នឹង​អាកាស​ធាតុរ​បស់​បណ្តាញ​ផ្លូវ​ថ្នល់​ដែល​មាន​ស្រាប់ និង​ការ​បង្កើន​ស្តង់​ដា​នៃ​ភាព​ធន់​សម្រាប់​ហេដ្ឋា​រចនា​សម្ព័ន្ធសេវា​សុខា​ភិបាល និង​អប់រំ​។ សម្រាប់​សកម្មភាព​របស់​វិស័យ​ឯកជន​អាច​បញ្ចូល​ការ​វិនិយោគ​លើ​ប្រព័ន្ធ​ត្រជាក់​ដែល​មាន​ប្រសិទ្ធ​ផល​ថាមពល និង​សំណង់​អគារ​ដែល​ធន់​នឹង​ទឹក​ជំនន់​ផង​ដែរ។

ធនាគារ​ពិភព​លោក​ក៏​ណែ​នាំ​ឱ្យ​កម្ពុជា​ពង្រឹង​សមត្ថភាព​បន្ថែម​ក្នុង​ការ​អភិវឌ្ឍ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ ឬ​ប្រព័ន្ធ​សូឡា​ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ច្រើន​ទៅ​លើ​ថាមពល​អគ្គិសនី​ផង​ដែរ។

វីអូអេ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក ផៃ ប៊ុនឈឿន និង​រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត បាន​នៅ​ឡើយ​ទេ​ទាំង​តាម​ទូរស័ព្ទ និង​បណ្តាញ​សង្គមតេឡេក្រាម។

វីអូអេ​ក៏​ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល លោក ប៉ែន បូណា បាន​ដែរ។

មន្ត្រី​សម្រប​សម្រួល​គំរោង​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន ប្រាប់​វីអូអេ​ថា របាយការណ៍​របស់​ធនាគារ​ពិភព​លោក​ដែល​បង្ហាញ​ពី​បម្រែ​បម្រួល​អាកាស​ធាតុ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ ជា​រឿង​ដែល​ត្រឹម​ត្រូវ​ ដោយ​សារ​តែ​បច្ចុប្បន្ន​កម្ពុជា​មាន​ការ​កាប់​ទន្ទ្រាន​ព្រៃ​ឈើ​ជា​ច្រើន ដែល​បាន​ជះ​ប៉ះ​ពាល់​ដល់​បញ្ហា​អាកាសធាតុ។ លោក​បន្ត​ថា បច្ចុប្បន្ននេះ ​ប្រជា​ពលរដ្ឋ​មិន​សូវ​មាន​ការ​រំពឹង​ច្រើន​ទៅ​លើ​ការ​ធ្វើ​ស្រែ​ចំការ​ ដោយ​សារ​ពួក​គេ​មាន​ការ​លំបាក​ក្នុង​ការ​ប៉ាន់​ស្មាន​ពី​ទំហំ​ទឹក​ភ្លៀង។

លោក​ថ្លែង​ថា៖ «ពួក​គាត់​ធ្វើ​ស្រែ​ចំការ​ពឹង​ផ្អែក​ទៅ​លើ​ទឹក​ភ្លៀង​ ប៉ុន្តែ​វា​មាន​ការ​បម្រែ​បម្រួល​ជា​បន្ត​បន្ទាប់​ធ្វើ​ឱ្យ​ពួក​គាត់​បាត់​បង់​នូវ​ចំណូល​ដែល​ទទួល​បាន​ពី​ការ​ធ្វើ​ស្រែ​ធ្វើ​ចំការ​ហ្នឹង។ ខ្ញុំ​មើល​ឃើញ​ថា ការ​បម្រែ​បម្រួល​អាកាស​ធាតុ​នេះ​គឺ​វា​ជះ​ឥទ្ធិពល​ធ្ងន់​ធ្ងរ​ទៅ​ដល់​ការ​ប្រកប​របរ​កសិកម្ម​របស់​ប្រជា​ជន​កម្ពុជា​ ហើយ​ក៏​វា​ជះ​ឥទ្ធិពល​ទៅ​ដល់​សេដ្ឋកិច្ច​របស់​ប្រជា​ពលរដ្ឋ​ដែរ»។

បើ​តាម​ការ​លើក​ឡើង​របស់​លោក អូត ឡាទីន រដ្ឋា​ភិបាល​កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ការពារ​គម្រប​ព្រៃ​ឈើ​ឱ្យ​បាន​៦០%​គិត​ត្រឹម​ឆ្នាំ​២០៣០ ប៉ុន្តែ​លោក​ថា លោក​តែង​ឃើញ​មាន​ការ​កាប់​បំផ្លាញ​បន្ថែម​ទៅ​វិញ។

លោក​ថ្លែង​ថា៖ «ជាក់​ស្តែង​ខ្ញុំ​សង្កេត​ឃើញ​ការ​បេ្តជ្ញា​វា​ហាក់​បី​ដូច​ជា​ផ្សេង​ តែ​ស្ថាន​ភាព​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​គឺ​វា​នៅ​តែ​បន្ត​កើត​មាន។ អ៊ីចឹង​ខ្ញុំ​យល់​ថា​រដ្ឋាភិបាល​មាន​ចេតនា​នៅ​ក្នុង​ការ​ការពារ​ព្រៃ​ឈើ ការពារ​គម្រាប​ព្រៃ​ឈើ​ឱ្យ​បាន​ល្អ​ប្រសើរ​ ចំណុច​សំខាន់​ទី​១​ រដ្ឋា​ភិបាល​ត្រូវ​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ការពារ​ព្រៃ​ឈើ​ដែល​មាន​ស្រាប់​ ចំណុច​ទី​២​មាន​ការ​លើក​ទឹក​ចិត្ត​ទៅ​ដល់​ក្រុម​ហ៊ុន​ឯកជន​ ទៅ​ដល់​ស្ថាប័ន​ដែល​ពាក់​ព័ន្ធ​ឱ្យ​គាត់​ធ្វើ​ការ​វិនិយោគ​ដោយ​ភ្ជាប់​ជាមួយ​ការ​អភិវឌ្ឍ​បែប​បៃតង»។

ក្នុង​ចន្លោះ​ឆ្នាំ ២០០១ ដល់​ឆ្នាំ ២០២០ កម្ពុជា​បាត់បង់​គម្រប​ព្រៃឈើ​ជិត ២ លាន ៥ សែន​ហិកតា ឬ​ស្មើ​នឹង​ប្រមាណ ២៨% នៃ​គម្រប​ព្រៃឈើ​សរុប​។ ​នេះបើ​តាម​របាយការណ៍​ត្រួតពិនិត្យព្រៃឈើ​លើកទី​ ១ ចេញ​ផ្សាយ​ជា​សាធារណៈ​កាលពី​ខែ​មករា ឆ្នាំ​ ២០២២​ ​ដោយ​បណ្តាញ​សហគមន៍​ព្រៃឡង់ ក្រោម​គម្រោង «ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​យុត្តិធម៌​បរិស្ថាន​សម្រាប់ទាំងអស់គ្នា (CEEJA)»។

ការ​បាត់​បង់​នេះ​ធ្វើ​ឱ្យមាន​បម្រែបម្រួល​អាកាសធាតុ ប៉ះពាល់​ដល់​ការអភិរក្ស​ធនធាន​ជីវៈ​ចម្រុះ​ និង​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​ដែល​ពឹង​ផ្អែក​លើ​ព្រៃឈើ៕