ធនាគារពិភពលោកនៅថ្ងៃសុក្រនេះ បានសម្រេចផ្តល់ជំនួយហិរញ្ញប្បទានគ្មានការប្រាក់បន្ថែមចំនួន១១០លានដុល្លារអាមេរិក ដើម្បីកែលម្អលក្ខខណ្ឌ សុវត្ថិភាព និងភាពធន់អាកាសធាតុរបស់ផ្លូវជាតិលេខ៤ ដែលជាផ្លូវមានប្រយោជន៍ខាងសេដ្ឋកិច្ចរបស់កម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសរបស់ការិយាល័យធនាគារពិភពលោកប្រចាំនៅកម្ពុជា។
សេចក្តីប្រកាសរបស់ធនាគារពិភពលោកចុះថ្ងៃទី២១ខែមិថុនា និងដែលបានផ្ញើជូនប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃសុក្រនេះ បានបញ្ជាក់ឲ្យដឹងថា ប្រទេសកម្ពុជានឹងបន្តកែលម្អលក្ខខណ្ឌ សុវត្ថិភាព និងភាពធន់នឹងអាកាសធាតុនៃផ្លូវជាតិដ៏សំខាន់មួយ«ជាមួយនឹងហិរញ្ញវត្ថុបន្ថែមចំនួន១១០លានដុល្លារសហរដ្ឋអាមេរិក ដែលក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោកបានអនុម័តនៅថ្ងៃនេះ»។
ការគាំទ្រខាងហិរញ្ញវត្ថុបន្ថែមសម្រាប់គម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ជំហានទី២ (Road Asset Management Project II/RAMP/II)នេះក៏នឹងត្រូវបានគេរំពឹងថា នឹងជួយផ្តល់ការឆ្លើយតបភ្លាមៗនិងប្រកបដោយប្រសិទ្ធភាពក្នុងករណីមានស្ថានភាពបន្ទាន់។
ធនាគារពិភពលោកបានបញ្ជាក់បន្តក្នុងសេចក្តីប្រកាសរបស់ខ្លួនទៀតថា បច្ចុប្បន្ន ផ្លូវជាតិលេខ៤ ដែលជាផ្លូវជាតិតភ្ជាប់រាជធានីភ្នំពេញទៅកំពង់ផែសមុទ្រទឹកជ្រៅរបស់កម្ពុជាតែមួយគត់នៅក្នុងខេត្តព្រះសីហនុ កំពុងរងសម្ពាធចរាចរណ៍យ៉ាងមមាញឹកឆ្លងកាត់តំបន់សេដ្ឋកិច្ចមួយចំនួន និងតំបន់កសិកម្មជាច្រើន ក្នុងនោះរួមមានកសិដ្ឋានខ្នាតធំផងដែរ។
លោក ផែង សុវិជ្ជានោ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានស្រង់ប្រសាសន៍ក្នុងសេចក្តីប្រកាសនោះតាមន័យដើមថា៖
«ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាពឹងផ្អែកលើផ្លូវជាតិលេខ៤នេះ ដោយសារថា វាជាផ្លូវតែមួយគត់សម្រាប់តភ្ជាប់មជ្ឈមណ្ឌលសេដ្ឋកិច្ចជាមួយកំពង់ផែសមុទ្រទឹកជ្រៅរបស់កម្ពុជា»។
លោកត្រូវបានស្រង់ប្រសាសន៍បន្ថែមថា៖
«ការកែលម្អស្ថានភាពផ្លូវដ៏សំខាន់មួយនេះនឹងជួយកាត់បន្ថយការចំណាយពេលវេលា និងការចំណាយលើការដឹកជញ្ជូនដែលអាចជួយធ្វើឲ្យសេដ្ឋកិច្ចរបស់កម្ពុជាកាន់តែមានភាពប្រកួតប្រជែងខ្លាំងឡើងថែមទៀតនៅក្នុងតំបន់»។
VOA ព្យាយាមសុំការអធិប្បាយបន្ថែមពីលោក ផែង សុវិជ្ជានោ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន តែលោកបដិសេធមិនផ្តល់ការអធិប្បាយ ដោយបានបង្វែរសំណួរទៅលោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ វីអូអេបានព្យាយាមទាក់ទងលោកដើម្បីសុំការអធិប្បាយ តែមិនអាចទាក់ទងបានទេនៅថ្ងៃសុក្រនេះ។
ផ្លូវជាតិលេខ៤ជាផ្លូវសំខាន់មួយ ដែលភា្ជប់ការធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តផ្សេងៗទៀតនៅតាមតំបន់សមុទ្រកម្ពុជា ក្នុងនោះមានខេត្តព្រះសីហនុ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងកន្លែងទេសចរណ៍ដ៏សំខាន់មួយរបស់កម្ពុជា។
នៅក្រោមជំនួយហិរញ្ញប្បទានបន្ថែមនេះ ផ្លូវប្រវែងជាង២០០គីឡូម៉ែត្រនេះនឹងទទួលបានការបង្កើនគុណភាពឲ្យល្អជាងមុន តាមរយៈការអ៊ុតកៅស៊ូថ្មីពីលើ និងការរៀបចំឡើងវិញនូវចិញ្ចើមសងខាងផ្លូវ ការដាក់លូបង្ហូរទឹក និងការធ្វើស្ពាន នៅក្នុងតំបន់ងាយលិចទឹក នៅតាមដងផ្លូវនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ធនាគារពិភពលោកដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
អ្នកស្រី Inguna Dobraja នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា ត្រូវបានស្រង់ប្រសាសន៍ក្នុងសេចក្តីប្រកាសនោះតាមន័យដើមថា៖
«ការខ្វះចន្លោះផ្នែកហេដ្ឋារចនាសម្ព័ន្ធជាការប្រឈមដ៏ធំមួយដល់សមត្ថភាពប្រកួតប្រជែង និងការអភិវឌ្ឍវិស័យឯកជន។ គម្រោងដែលនឹងកែលម្អស្ថានភាពផ្លូវជាតិលេខ៤នេះ នឹងជួយដោះស្រាយភាពប្រឈមទាំងនោះ ហើយវានឹងពង្រីកកាលានុវត្តភាពផ្នែកសេដ្ឋកិច្ចសម្រាប់ពលរដ្ឋកម្ពុជា»។
ការិយាល័យរបស់ធនាគារពិភពលោកប្រចាំទីក្រុងភ្នំពេញមិនទាន់មានការឆ្លើយតបសំណួរតាមសារអេឡិចត្រូនិក Email ទេមកដល់ល្ងាចថ្ងៃសុក្រនេះ។
ធនាគារពិភពលោកបានបញ្ជាក់ឲ្យដឹងបន្តទៀតក្នុងសេចក្តីប្រកាសរបស់ខ្លួនថា ហិរញ្ញប្បទានបន្ថែមនេះបានពង្រីកវិសាលភាពរបស់គម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ជំហានទី២ ហៅកាត់ថា (RAMP II) ដែលត្រូវបានអនុម័តកាលពីខែឧសភា ឆ្នាំ២០១៦ ក្នុងគោលដៅកែលម្អផ្លូវជាតិនៅក្នុងខេត្តកំពត ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ។ កញ្ចប់ហិរញ្ញប្បទាននេះនឹងជួយសម្រួលដល់ការឆ្លើយតបភ្លាមៗផងដែរក្នុងករណីស្ថានភាពមានវិបត្តិ ឬស្ថានភាពបន្ទាន់ណាមួយដែលចាំបាច់។
ធនាគារពិភពលោកបានថ្លែងបញ្ជាក់ថា មូលនិធិបន្ថែម សម្រាប់គាំទ្រគម្រោងដែលពង្រីករហូតដល់រយៈពេលប្រាំបីឆ្នាំកន្លះនេះបានផ្តល់ហិរញ្ញវត្ថុដោយសមាគមអភិវឌ្ឍន៍អន្តរជាតិ ដែលជាផ្នែកមួយរបស់ក្រុមធនាគារពិភពលោកសម្រាប់ប្រទេសក្រីក្រ។ មូលនិធិនេះជាឥណទានដែលគ្មានការប្រាក់ ហើយនឹងត្រូវសងទូទាត់ក្នុងរយៈពេល៣៨ឆ្នាំ រាប់ទាំងដំណាក់កាលអនុគ្រោះរយៈពេល៦ឆ្នាំផងដែរ។
ការសម្រេចបន្ថែមហិរញ្ញប្បទានគ្មានការប្រាក់នេះកើតមានឡើង ក្រោយការប្រកាសរបស់ការិយាល័យធនាគារពិភពលោកប្រចាំទីក្រុងភ្នំពេញកាលពីខែឧសភាថា កំណើនសេដ្ឋកិច្ចកម្ពុជានៅតែមានភាពខ្លាំងក្លា ទោះបីជាមានល្បឿនយឺតជាងមុនបន្តិចក្តី។ កំណើនសេដ្ឋកិច្ចកម្ពុជាមានត្រឹម៦,៨ភាគរយក្នុងឆ្នាំ២០១៧គឺទាបជាងកំណើនក្នុងឆ្នាំ២០១៦ដែលសម្រេចបានដល់ទៅ៧,០ភាគរយ។ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងទុកថា នឹងមានភាពរឹងមាំ ដោយសារការទ្រទ្រង់មួយផ្នែកកើតចេញពីការចំណាយកាន់តែច្រើនរបស់រដ្ឋាភិបាល និងលក្ខខណ្ឌសេដ្ឋកិច្ចពិភពលោកមានអំណាយផល ក្នុងនោះរួមមានតម្រូវការយ៉ាងច្រើននៅក្នុងបណ្តាប្រទេសសេដ្ឋកិច្ចជឿនលឿនផង។
ក៏ប៉ុន្តែក្រុមសេដ្ឋវិទូរបស់ធនាគារនេះបានព្រមានថា អត្រាកំណើនសេដ្ឋកិច្ចកម្ពុជានឹងត្រូវចុះថមថយដោយសន្សឹមៗ ប្រសិនបើបញ្ហារចនាសម្ព័ន្ធ ជាឧទាហរណ៍ ការបាត់បង់សមត្ថភាពប្រកួតប្រជែង ត្រូវបានទុកចោលមិនដោះស្រាយនោះ។
បន្ថែមលើការជួយទ្រទ្រង់ក្នុងបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ធនាគារពិភពលោកបានបន្តជួយកម្ពុជាក្នុងកិច្ចការអប់រំសិក្សាធិការ ដែលជាផ្នែកមួយនៃការទ្រទ្រង់ការចម្រើនជឿនលឿនទៅមុខរបស់ប្រទេសក្រីក្រមួយនេះ។
កាលពីខែមេសា ធនាគារនេះបានយល់ព្រមផ្តល់ហិរញ្ញប្បទានចំនួន៩០លានដុល្លារដើម្បីកែលម្អការស្រាវជ្រាវ និងការអប់រំថ្នាក់ឧត្តមសិក្សានៅកម្ពុជា។
ធនាគារពិភពលោកបាននិយាយថា ថវិកានេះនឹងត្រូវផ្តល់ទៅឱ្យគម្រោងកែលម្អសមត្ថភាពនៃគ្រឹះស្ថានឧត្តមសិក្សាសម្រាប់រយៈពេល៦ឆ្នាំ ហើយមានគោលបំណងលើកកម្ពស់គុណភាពនៃការអប់រំ និងការស្រាវជ្រាវនៅតាមស្ថាប័នគោលដៅដើម្បីពង្រីកលទ្ធភាពទទួលបានការអប់រំថ្នាក់ខ្ពស់និងលើកកម្ពស់អភិបាលកិច្ច៕