ជាច្រើនសប្តាហ៍មុនពេលការប្រកាសរបស់លោក Joe Biden កាលពីថ្ងៃអង្គារ ជ្រើសរើសសមាជិកព្រឹទ្ធសភាលោកស្រី Kamala Harris ជាបេក្ខជនអនុប្រធានាធិបតី ស្ត្រីជាច្រើនក្រុមបានត្រៀមធ្វើយុទ្ធនាការប្រឆាំងការផ្សាយព័ត៌មានមិនពិត ទាក់ទងនឹងភាពជាស្ត្រីរបស់លោកស្រី Harris ដែលត្រូវបានជ្រើសតាំងជាបេក្ខជនអនុប្រធានាធិបតីសម្រាប់ការបោះឆ្នោតក្នុងខែវិច្ឆិកាខាងមុខ។
ក្រុមស្ត្រីទាំងនោះថា ព័ត៌មានមិនពិត និងការវាយប្រហារទាំងនេះ នឹងបន្តកើតមានជាច្រើនខែពីក្រុមមិនពេញចិត្តក្នុងបណ្តាញអិនធឺណិត។
ក្រុមស្ត្រីទាំងនេះបានប្រាប់ទៅបណ្តាញព័ត៌មានក្នុងពេលថ្មីៗនេះ ពួកគេនឹងប្រកាសពីការរើសអើងខាងភេទនោះ នៅពេលដែលពួកគេឃើញវា។ ពួកគេថែមទាំងបានបង្កើតយុទ្ធនាការគាំទ្រមួយ និងបន្ទប់ព័ត៌មានមួយ ដើម្បីត្រៀមវាយបកវិញ ចំពោះព័ត៌មានវាយប្រហារទៅលើបេក្ខភាពអនុប្រធានាធិបតីជាស្ត្រីរូបនេះ។
មិនយូរប៉ុន្មាន ក្រោយពីឈ្មោះរបស់លោកស្រី Harris ត្រូវបានគេប្រកាសជ្រើសរើសភ្លាម កាលពីថ្ងៃអង្គារនោះ មានព័ត៌មានជាច្រើនត្រូវបានគេបង្ហោះតាមបណ្តាញសង្គម ដោយចោទលោកស្រីថាបានហៅបេក្ខជនប្រធានាធិបតីលោក Joe Biden ថាជាជនប្រកាន់ពូជសាសន៍ ហើយពួកគេវាយប្រហារលោកស្រីថា មិនមានគុណសម្បត្តិធ្វើជាប្រធានាធិបតីអាមេរិកនោះទេ។
ក្រុមស្រ្តីទាំងនោះថា ការប្រឹងប្រែងរបស់ពួកគេផ្អែកលើបទពិសោធន៍ពេលលោកស្រី Hillary Clinton ប្រកួតប្រជែងជាមួយលោក Donald Trump ក្នុងឆ្នាំ ២០១៦ ដែលពេលនោះក៏មានការវាយប្រហារដោយលោក ដូណាល់ ត្រាំ និងក្រុមសារព័ត៌មានផងដែរ ក្នុងអំឡុងពេលនៃយុទ្ធនាការបោះឆ្នោតនៅពេលនោះ។
ខណៈដែលក្រុមស្ត្រីទាំងនេះត្រូវបានដឹកនាំដោយសមាជិកគណបក្សប្រជាធិបតេយ្យ កិច្ចប្រឹងប្រែងរបស់ពួកគេត្រូវបានគាំទ្រដោយក្រុមរបស់គណបក្សធំៗទាំងពីរ រួមទាំងសមាជិកគណបក្សសាធារណរដ្ឋផងដែរ៕