ក្រុម​ការពារ​សិទ្ធិ​ស្ត្រី​អំពាវនាវ​ឲ្យ​ផ្តន្ទាទោស​អតីត​ស្នងការ​ខេត្ត​កំពង់ធំ​រឿង​ការ​បៀតបៀន​ផ្លូវ​ភេទ

លោក អ៊ុក កុសល​ ស្នង​ការ​នគរបាល​ខេត្ត​កំពង់​ធំ ត្រូវបានដក​ចេញ​ពី​តំណែង​ ក្រោយ​រក​ឃើញ​ថា​បាន​ប្រព្រឹត្ត​អំពើ​បៀត​បៀនកេរ​ខ្មាស​លើ​នគរបាល​ស្ត្រី។ (រូបដកស្រង់ពីបណ្តាញសង្គម)

ក្រុម​មេ​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​ការ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ស្នើ​ឲ្យ​មន្ត្រី​អនុវត្ត​ច្បាប់​នាំ​ខ្លួន​អតីត​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ​ លោក​អ៊ុក កុសល​មក​ប្រឈម​នឹង​ការ​កាត់​ទោស​នៅ​តុលាការបន្ទាប់​ពី​អតីត​មេ​ប៉ូលិស​រូប​នេះ​ ត្រូវ​បាន​ដក​ហូត​ពី​តំណែង​ដោយសារ​រឿង​បៀតបៀន​ផ្លូវ​ភេទ។​

ក្រសួង​មហាផ្ទៃ​បាន​សម្រេច​បញ្ចប់​តំណែង​លោក ​អ៊ុក កុសល ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ក្រោយ​ពី​រក​ឃើញ​ថា​លោក​បាន​ប្រព្រឹត្ត​អំពើ​បៀតបៀន​ផ្លូវ​ភេទ​លើ​មន្ត្រី​នគរបាល​ដែល​ជា​ស្ត្រី​នៅ​ស្នងការដា្ឋន​នគរបាល​ខេត្ត​កំពង់ធំ។​

លោក​ស្រី​ ចក់ សុភាព​ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ប្រាប់​វីអូអេ​ថា​ ​អតីត​មេ​ប៉ូលិស​រូប​នេះ​គួរ​តែ​ត្រូវ​បាន​នាំ​ខ្លួន​មក​ផ្តន្ទាទោស​នៅ​តុលាការ​ ពីព្រោះ​វិធានការ​រដ្ឋបាល​ គឺ​មិន​គ្រប់​គ្រាន់ ​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ។ ​ លោកស្រី​អះអាង​ថា​ការ​ដាក់​ទោស​មន្ត្រី​នគរបាល​ជាន់​ខ្ពស់​រូប​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ឆ្ពោះ​ទៅ​បញ្ចប់​និទណ្ឌ​ភាព​នៅ​កម្ពុជា។​

«ចំណាត់​ការ​(មួយ)​ផ្នែក​ប៉ុណ្ណេះ​ គឺ​វា​មិន​គ្រប់​គ្រាន់​នោះ​ទេ​ យើង​ត្រូវ​ធ្វើ​ទៅ​តាម​នីតិវិធី​ច្បាប់​ ហើយ​ដើម្បី​ធានា​ថា រាល់​នូវ​ករណី​រំលោភ​បំពាន​ បែប​នេះ​ គឺ​រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុកដាក់​ ហើយ​យើង​ធ្វើ​ទៅ​តាម​នីតិវិធី​ច្បាប់​ ដោយ​មិន​បង្ក​នូវ​បរិយាកាស​មួយ​ដែល​យើង​មើល​ឃើញ​នូវ​ការ​បន្ត​នៃ​វប្បធម៌​និទណ្ឌភាព​នោះ​ទេ»។​

នាយិកា​អង្គការ​ក្លាហាន​ដែល​ធ្វើ​ការ​លើ​សិទ្ធិ​ស្ត្រី​ កញ្ញា​ បុណ្យ រចនា​ផ្តល់​យោបល់​ស្រដៀង​គ្នា​ដែរ​ថា​ គួរ​នាំ​ខ្លួន​អតីត​មេ​ប៉ូលិស​ខេត្ត​កំពង់ធំ​ លោក ​អ៊ុក កុសល​មក​ផ្តន្ទាទោស ​ដោយ​កញ្ញា​យល់​ថា​ ​អតីត​មេ​ប៉ូលិស​រូប​នេះ​បាន​ប្រព្រឹត្ត​បទលើ្មស​ដែល​មាន​ចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។​

«ការណ៍​ដែល​នាំ​យក​រឿង​នេះ​ទៅ​ធ្វើ​ការ​ជំនុំ​ជម្រះ​ គឺ​ជា​រឿង​ដែល​...​គឺ​ជា​រឿង​ត្រឹម​ត្រូវ​តាម​ច្បាប់​ ហើយ​នេះ​ ជា​បទ​ល្មើស​ព្រហ្មទណ្ឌ។​ វា​អត់​អាច​ធ្វើ​ការ​ទូទាត់​ឬ​ក៏​សម្រុះ​សម្រួល​នៅ​ក្រៅ​តុលាការ​បាន​ទេ​ច៎ា»។​

នាយិកា​រូប​នេះ​លើក​ឡើង​ថា​ បើ​ត្រឹម​វិធានការ​រដ្ឋបាល​ នោះ ​មន្ត្រី​មាន​បុណ្យ​ស័ក្តិ​ធំៗ​ផ្សេង​ទៀត​ នឹង​មិន​ញញើត​ចំពោះ​ការ​ប្រព្រឹត្ត​បទ​ល្មើស​នេះ​បន្ត​ទៀត​ទេ។​

«អ៊ីចឹង​ នៅ​ពេល​ដែល​បុរស​លោក​មាន​អំណាច​ មាន​បុណ្យ​ស័ក្តិ​គាត់​ធ្វើ​អ៊ីចឹង​ គាត់​ថា​ ធ្ងន់​ធ្ងរ​បំផុត​ត្រឹម​តែ​អស់​តំណែង​ហ្នឹង​ មាន​ទៅ​ដល់​ជាប់​គុក​ ជាប់​ច្រវាក់​អី!​ អីចឹង​វា​អត់​ល្អ​ទេ​ សម្រាប់​សង្គម​របស់​យើង​ហ្នឹង​នោះ»។​

កាលពី​ចុង​ខែ​កក្កដា​ លិខិត​មួយ​ច្បាប់​ដែល​ជា​ពាក្យ​បណ្តឹង​របស់​មន្ត្រី​នគរបាល​ជាស្ត្រី​បួន​នាក់​ ត្រូវ​បាន​គេ​ចែក​រំលែក​តៗ​គ្នា​នៅ​តាម​បណ្តាញ​សង្គម​ និង​ត្រូវ​បាន​យក​មក​ផ្សព្វផ្សាយ​ដោយ​បណ្តាញ​សារ​ព័ត៌មាន​ផង​ដែរ។​ពាក្យ​បណ្តឹង​ចុះ​ថ្ងៃ​ទី​៣០ ​ខែ​កក្កដា​ និង​ដែល​បាន​ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក​ស ខេង​នោះក្រុម​នគរបាល​ជាស្ត្រី​បួនរូប​នោះ ​បាន​ចោទ​ប្រកាន់​លោក ​អ៊ុក​ កុសល ​ធ្ងន់ៗ​ថា​បាន​លួង​លោម​មន្ត្រី​នគរបាល​ជា​ស្ត្រី​ឲ្យ​ផ្តល់​ខ្លួន​ប្រាណ​ឲ្យ​លោក ​ឬ​ អនុញ្ញាត​ឲ្យ​លោក​ប៉ះ​ពាល់​កេរ​ភេទ​ ជា​ថ្នូរ​នឹង​ការ​បាន​ឡើង​ឋានន្តរ​ស័ក្តិ។​

មាត្រា​២៤៦​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ស្តីពី​បទ​ប្រទូស្ត​កេរ​ខ្មាស​ បាន​ចែង​ថា៖​ «គ្រប់​អំពើ​ប៉ះពាល់​ ស្ទាប​អង្អែល​កេរ​ភេទ​ ឬ​ផ្នែក​ភេទ​ផ្សេង​ទៀត​របស់​បុគ្គល​ដទៃ​ តែ​បុគ្គល​នេះ​មិន​ស្ម័គ្រ​ផង​ទេ​ ឬ​បង្ខំ​បុគ្គល​ដទៃ​ឲ្យ​ប្រព្រឹត្ត​អំពើ​នេះ​មក​លើ​ខ្លួន​ ឬ​ទៅ​លើ​តតិយ​បុគ្គល​ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​រំជួល​ ឬ​រីក​រាយ​ដល់​ចំណង់​ផ្លូវ​ភេទ​របស់​ជន​ល្មើស​គឺ​ជា​អំពើ​ប្រទូស្ត​កេរខ្មាស»។​

បទ​ល្មើស​នេះ ​អាច​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំ​ទៅ​៣ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​ពីរ​លាន​រៀល ​ទៅ​ប្រាំមួយ​លាន​រៀល។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​អតីត​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ​លោក ​អ៊ុក កុសល​បាន​ទេ​ ដោយ​ទូរស័ព្ទ​រោទិ៍​គ្មាន​អ្នក​ទទួល។​វីអូអេ​ក៏​មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​មន្ត្រី​នគរបាល​ជា​ស្ត្រី​ដែល​ប្តឹង​លោក ​អ៊ុក កុសល​ ផង​ដែរ។​

ក្រោយ​បែក​ធ្លាយ​ពាក្យ​បណ្តឹង​របស់​មន្ត្រី​នគរបាល​ជាស្ត្រី​នៅ​ខេត្ត​កំពង់ធំ​លោក​អ៊ុក កុសល ​បាន​បក​ស្រាយ​ក្នុង​ឃ្លីប​វីដូអេ​មួយ​ថា​ បណ្តឹង​ប្រឆាំង​នឹង​លោក​នោះ​កើត​ឡើង​ដោយ​«មាន​ការ​រៀបចំ​ជាប្រព័ន្ធ​ និង​មាន​សេណារីយ៉ូ»​ ដើម្បី​ធ្វើ​បាប​រូប​លោក ​ក្នុង​គោល​ដៅ​ឲ្យ​លោក​បាត់​បង់​តំណែង​ជា​ស្នងការ។​

លោក​នាយ​ឧត្តម​សេនីយ៍​ខៀវ សុភ័គ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ មាន​ប្រសាសន៍​ថា​ លោក​សូម​ស្វាគមន៍​ទទួល​យក​យោបល់​របស់​ក្រុម​សង្គម​ស៊ីវិល​ ទាក់​ទង​នឹង​វិធាន​ការ​ផ្លូវ​ច្បាប់​ប្រឆាំង​លោក ​អ៊ុក កុសល​ ដែល​ត្រូវ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ដក​ចេញ​ពី​មុខ​តំណែង​កាល​ពី​ថ្ងៃ​ច័ន្ទ។​

យ៉ាង​ណា​ក៏ដោយ​លោក​យល់​ថា​វិធានការ​ដក​ហូត​បុណ្យ​ស័ក្តិ​នេះ​ គឺ​វា​គ្រប់​គ្រាន់​ និង​ធ្ងន់​រួច​ទៅ​ហើយ​សម្រាប់​មន្ត្រី​នគរបាល​នោះ។​ លោក​បន្ថែម​ថា​ ក្រសួង​ក៏​បាន​ដាក់​សំណើ​ទៅ​រដ្ឋាភិបាល​ឲ្យ​បន្ថយ​ឋានន្តរ​ស័ក្តិ​លោក​អ៊ុក កុសល ​ពី​ថ្នាក់​ឧត្តម​សេនីយ៍​ទោ​(ផ្កាយ​ពីរ)​មក​ត្រឹម​ថ្នាក់​វរសេនីយ៍​ឯក​(ស័ក្តិប្រាំ)​ផង​ដែរ។​

«ការ​លើក​យោបល់​សម្តែង​មតិ​អ៊ីចឹង​ វា​មិន​អី​ជា​ការ​ខុស​ច្បាប់​ទេ គ្រាន់​ថា​សូម​ជម្រាប​ជូន​ថា​ការណ៍​ដែល​ប្តឹង​ទៅ​តុលាការ​នេះ​ ​ក៏​វា​អាច​បញ្ជូន​ធ្វើ​ទៅ​បាន​ដែរ​ប៉ុន្តែ​ខ្ញុំ​គិត​ថា​ ការ​ដោះ​ស្រាយ​ប៉ុណ្ណោះ ​គឺ​ជា​រឿង​មួយ​ដែល​វា​ធ្ងន់​សមរម្យ​ដែរ​សម្រាប់​មន្ត្រី​នគរបាល​ព្រោះ​ថា ​ មិន​ត្រឹមតែ​បញ្ឈប់​ពី​តំណែង​ទេ ​គឺ​បាន​ស្នើ​សុំ​ទៅ​រាជ​រដ្ឋាភិបាល​ ដើម្បី​បញ្ចុះ​ឋានន្តរ​ស័ក្តិ​ សាមី​ខ្លួន​ពីរ​ថ្នាក់​ទៀត​ បាន​សេចក្តី​ថា​ ពី​ផ្កាយ​ពីរ​ មក​នៅ​ត្រឹម​ស័ក្តិ​ប្រាំ​ ហើយ​ខ្ញុំ​គិត​ថា​ នេះ​ជា​សារ​មួយ​យ៉ាង​ធ្ងន់​ដែរ​ចំពោះ​កង​នគរបាល​ជាតិ​ទាំង​មូល»។​

លោក​នាយ​ឧត្តម​សេនីយ៍​នេត សាវឿន​ អគ្គ​ស្នងការ​នគរបាល​ជាតិ​ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​កាលពី​ថ្ងៃ​អង្គារ​ថា​សំណុំ​រឿង​លោក ​អ៊ុក កុសល​ មិន​អាច​បញ្ជូន​ទៅ​តុលាការ​បាន​ទេ​ ដោយ​សារ​តែ​«អាជ្ញាធរ​លំបាក​ក្នុង​ការ​ចងក្រង​ឯកសារ​ និង​ធាតុ​ផ្សំ​នៃ​រឿង​...​និង​ដើម្បី​ការពារ​សេចក្តី​ថ្លៃ​ថ្នូរ​របស់​ជន​រងគ្រោះ​ជា​នគរបាល​ស្ត្រី​ទាំង​នោះ​ផង​ដែរ»។​

លោក​ ស៊ឹង សែនករុណា ​មន្ត្រី​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាហុក​ គាំទ្រ​ឲ្យ​មាន​វិធាន​ការ​ច្បាប់​ លើ​អតីត​ស្នងការ​ប៉ូលិស​ខេត្ត​កំពង់ធំ​ដើម្បី​ព្រមាន​ដល់​មន្ត្រី​មាន​បុណ្យ​ស័ក្តិ​ផ្សេង​ទៀត ​មិន​ឲ្យ​ឆ្លៀត​ប្រព្រឹត្ត​អំពើ​អសីល​ធម៌​បែប​នេះ​មក​លើ​មន្ត្រី​ក្រោម​បង្គាប់​របស់​ខ្លួន។​

«បើ​មិន​មាន​ចំណាត់​ការ​បែប​នេះ​យើង​ព្រួយ​បារម្ភ​ថា​លើក​ក្រោយៗ​អ្នក​ដែល​មាន​តួនាទី​មាន​ឥទ្ធិពល​ មាន​អំណា​បែប​ហ្នឹង​ ចេះ​តែ​ប្រព្រឹត្ត​នូវ​អំពើ​ល្មើស​ច្បាប់​ លើ្មស​សីលធម៌​អី​បែប​ហ្នឹង»៕​