ស្នងការនគរបាលខេត្តកំពង់ធំដែលត្រូវបានព្យួរការងារ លោក អ៊ុក កុសល បានចេញមុខបកស្រាយថា មានគេចង់ធ្វើបាបរូបលោក ដូច្នេះហើយទើបមានពាក្យបណ្តឹងចោទប្រកាន់លោក ទាក់ទងនឹងការបៀតបៀនផ្លូវភេទ។
ចាប់តាំងពីដើមសប្តាហ៍នេះ សារព័ត៌មាននិងអ្នកប្រើប្រាស់ប្រព័ន្ធសង្គមហ្វេសប៊ុកបានចាប់ផ្តើមចុះផ្សាយអំពីពាក្យបណ្តឹងរបស់ស្រ្តី ៤រូប ដែលជាមន្រ្តីធ្វើការនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។ ពួកគេបានចោទប្រកាន់ថា លោក អ៊ុក កុសល បានលួងលោមមន្ត្រីនគរបាលជាស្ត្រីឲ្យផ្តល់ខ្លួនប្រាណឲ្យលោក ឬអនុញ្ញាតឲ្យលោកប៉ះពាល់កេរភេទ ជាថ្នូរនឹងការបានឡើងឋានន្តរស័ក្តិ។ ពាក្យបណ្តឹងនេះបញ្ជាក់ថា ក្រៅពីពាក្យសម្តីលួងលោម លោកក៏បានចាប់បង្ខំស្ទាបអង្អែលកេរខ្មាស ដោយមិនញញើត។
កាលពីថ្ងៃព្រហស្បតិ៍ លោក អ៊ុក កុសល ដែលរងការចោទប្រកាន់បានចេញមុខបកស្រាយនៅក្នុងវីដេអូមួយជាង ១៧នាទី ដែលត្រូវបានបង្ហោះលើបណ្តាញសង្គម និងសារព័ត៌មាន Freshnews។
លោក អ៊ុក កុសល បានលើកឡើងថា បណ្តឹងនេះកើតឡើងដោយ «មានការរៀបចំជាប្រព័ន្ធនិងមានសេណារីយ៉ូ» ដើម្បីធ្វើបាបរូបលោក ក្នុងគោលដៅឲ្យលោកបាត់បង់តំណែងជាស្នងការ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំអះអាងថាជាការរៀបចំជាប្រព័ន្ធ ដើម្បីផ្តួលរំលំរូបខ្ញុំបាទ ឲ្យចេញខ្ទាតឆ្ងាយពីឋានៈជាស្នងការនគរបាលខេត្តកំពង់ធំ»។
លោកឲ្យដឹងថា នេះការរៀបចំដោយបុគ្គលមួយចំនួន ហើយលោកមានភ័ស្តុតាង ប៉ុន្តែលោកថា មិនអាចបញ្ចេញបានទេ ព្រោះទាក់ទងនឹងផ្លូវច្បាប់កិត្តិយស និងការលាក់ការសម្ងាត់របស់សាក្សី និងអ្នកផ្តល់ព័ត៌មាន។ លោកបន្តថា ការដែលស្រ្តីទាំងនេះប្តឹងប្រហែលដោយការខឹងសម្បារ ឬការអូសទាញរបស់ក្រុមណាមួយ ដែលលោកថា ស្អប់រូបលោក និងឆ្លៀតឱកាសកេងចំណេញ។
លោក អ៊ុក កុសល ឲ្យដឹងទៀតថា លោកមិនបានចេញបកស្រាយភ្លាមៗ ដោយសាររង់ចាំគោលការណ៍របស់ថ្នាក់ដឹកនាំរបស់លោកជាមុនសិន គឺលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ មុននឹងចេញមុខបកស្រាយ។ លោកថា ការស៊ើបអង្កេតរបស់ក្រសួងមហាផ្ទៃ នឹងផ្តល់យុត្តិធម៌ដល់រូបលោក និងបញ្ចប់រឿងរ៉ាវដែលកើតមានកន្លងមក។
លោកបញ្ជាក់ថា៖ «ខ្ញុំរង់ចាំចំណាត់ការរបស់ក្រុមការងារ ដើម្បីខ្ញុំទទួលបានភាពយុត្តិធម៌ដែរ»។
នាយករងទទួលបន្ទុកឃ្លាំមើល និងការពារសិទ្ធិមនុស្ស នៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ដោយសារមានការអះអាងផ្ទុយគ្នា ដូច្នេះត្រូវតែមាន «ការស៊ើបអង្កេតមួយដោយតម្លាភាពឯករាជ្យ និងយុត្តិធម៌» ដើម្បីស្វែងរកការពិត និងយុត្តិធម៌គ្រប់ភាគី។
ដោយសារមានពាក្យបណ្តឹងរឿងបៀតបៀនផ្លូវភេទនេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានសម្រេចផ្អាកការងាររបស់លោក អ៊ុក កុសល ជាបណ្តោះអាសន្ន។ នេះបើតាមសេចក្តីសម្រេចមួយ ចុះថ្ងៃទី១២ ខែសីហា។ ក្រសួងមហាផ្ទៃបញ្ជាឲ្យលោក អ៊ុក កុសល ត្រូវបង្ហាញខ្លួននៅនាយកដ្ឋានបុគ្គលិករៀងរាល់ម៉ោងធ្វើការ ដើម្បីរង់ចាំការសម្រេចជាថ្មី៕