ស្ត្រី​មក​ពី​គ្រប់ទិសទីដើរ​ដង្ហែ​ក្បួន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ ដើម្បី​ទាមទារ​សមភាព​​យេនឌ័រ​និង​សិទ្ធិ​បង្ក​កំណើត

សកម្មជន​ពី​គ្រប់ទិសទី​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​សៅរ៍ ដើម្បី​ដើរ​ដង្ហែ​ក្បួន​សម្រាប់​សិទ្ធិ​ស្ត្រី​នៅ​ឆ្នាំ​ទី​៤។

សកម្មជន​ពី​គ្រប់ទិសទី​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​សៅរ៍ ដើម្បី​ដើរ​ដង្ហែ​ក្បួន​សម្រាប់​សិទ្ធិ​ស្ត្រី​នៅ​ឆ្នាំ​ទី​៤។ ការ​ដើរ​ដង្ហែ​ក្បួន​នេះ​គឺ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំងក្លា​ជាង​មុន​ទៅ​លើ​សិទ្ធិស្ត្រី​និង​បញ្ហា​សង្គម​ដទៃទៀត។

ការ​ដង្ហែ​ក្បួន​នេះ​ចាប់​ផ្ដើម​ឡើង​ដំបូង​ដោយសារ​ការ​ប្រតិកម្ម​នឹង​ការ​ឈ្នះឆ្នោត​របស់​លោក​ ដូណាល់ ត្រាំ ក្លាយ​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក។ ឥឡូវ​នេះ​ការ​ដង្ហែ​ក្បួន​នេះ​ក្លាយ​ទៅ​ជា​ការ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ក្នុង​សង្គម​ឲ្យ​បានកាន់​តែ​ច្រើន​ជាង​មុន។

សមភាព​យេនឌ័រ​និង​សិទ្ធិ​បង្ក​កំណើត​របស់​ស្ត្រី​នៅ​តែ​ជា​បញ្ហា​ចម្បង​សម្រាប់​អ្នក​ចូលរួម​ជាច្រើន។ មនុស្ស​ម្នា​រាប់​ពាន់​នាក់​បាន​ជម្នះ​សីតុណ្ហភាព​ចុះត្រជាក់​ខ្លាំង​ដល់​ក្រោម​សូន្យ​អង្សាសេ ដែល​អម​ដោយ​ព្រិលទឹកកក​ ដើម្បី​ទាមទារ​នូវ​អ្វី​ដែល​ពួកគេ​ចង់​បាន​លើ​បញ្ហា​មួយ​ចំនួន។ ការ​ដង្ហែ​ក្បួន​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ជិត​សេតវិមាន​។

អ្នក​ចូលរួម​ក៏​បាន​យក​ការ​ប្រមូលផ្ដុំ​គ្នា​នេះ​ដើម្បី​ទាមទារ​លើ​បញ្ហា​ផ្សេងៗ​ទៀត​ដែរ ដូចជា​អន្តោប្រវេសន៍ និង​គោលនយោបាយ​ទៅ​លើ​ការ​ប្រែប្រួល​បរិស្ថាន​ជាដើម៕