ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូស្ត្រាលី​ផ្តល់​ជាង​១០​លាន​ដុល្លារ​ជួយ​ជនពិការ​និង​ស្រ្តីកម្ពុជា​ដែល​រង​គ្រោះ​ដោយ​អំពើ​ហិង្សា

សិល្បៈករមួយក្រុមដែលខ្លះជាជនពិការ សម្តែងនៅក្នុងកម្មវិធីសម្ពោធ​ដាក់​ដំណើរការ​កម្មវិធី​សហប្រតិបត្តិការ​អូស្ត្រាលី-កម្ពុជា ដើម្បី​ការ​ផ្តល់​សេវា​ប្រកប​ដោយ​និរន្តរភាព និង​សមធម៌ ឬហៅថា (ACCESS) នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។ (រូបថត៖ ស្ថានទូតអូស្ត្រ

​ស្ត្រី​កម្ពុជា​ម្នាក់​ក្នុង​ចំណោម​ប្រាំ​រូប​ធ្លាប់​ទទួល​រង​អំពើ​ហិង្សា​ ​ហើយ​ចំនួន​នេះ​គឺ​ខ្ពស់​ជាង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​អាគេ្នយ៍។

ស្ថានទូត​អូស្រ្តាលី​ប្រចាំ​កម្ពុជា​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ បាន​ប្រកាស​បើក​គម្រោង​ដើម្បី​ផ្តួចផ្តើម​កម្មវិធី​កិច្ច​សហ​ប្រតិបត្តិការ​កម្ពុជា-អូស្រា្តលី​ ​ដើម្បី​លើក​កម្ពស់​ការ​ផ្តល់​សេវា​ជន​ពិការ​និង​ស្រ្តី​ដែល​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ ​ហៅ​កាត់​ថា ACCESS។​

​កម្មវិធី​កិច្ច​សហប្រតិបត្តិការ​កម្ពុជា-អូស្រ្តាលី​ ​ដើម្បី​ការ​ផ្តល់​សេវា​ប្រកប​ដោយ​និរន្តរភាព​ និង​សមធម៌​ (ACCESS)​ មាន​រយៈពេល​បី​ឆ្នាំ​ ចាប់ពី​ឆ្នាំ​២០១៨ ​ដល់​ ២០២១​ ក្រោម​ប្រាក់​ឧបត្ថម្ភ​សរុប​ ១៥លាន​ដុល្លារ​អូស្រ្តាលី​ ឬ​ប្រមាណ​ ១០​លាន​ដុល្លារ​អាមេរិក។​ កមុ្មវិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ដើម្បីកម្ពស់​និង​ផ្តល់​សេវា​ជន​ពិការ និង​ស្រ្តី​ដែល​ងាយ​រងគ្រោះ​ដោយ​អំពើ​ហិង្សា​នៅ​កម្ពុជា​ ដោយ​ផ្តោត​លើការ​លើ​កម្ពស់​សិទ្ធិ​សេវា​កម្ម​ប្រកប​ដោយ​និរន្តរភាព​ និង​គុណភាព។​

​ឯកអគ្គរាជ​ទូត​អូស្រ្តាលី​ប្រចាំ​កម្ពុជា​ អ្នកស្រី​ Angela Corcoran​ ដែល​បាន​ចូលរួម​កម្មនេះ​លើក​ឡើង​ថា៖​

«កម្មវិធី​ ACCESS​ ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​រដ្ឋាភិបាល​អូស្រ្តាលី​ក្នុង​ការ​គាំទ្រ​ការ​គោរព​សិទ្ធិ​មនុស្ស​ សមភាព​យេនឌ័រ​ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​បរិយាបន្ន​សម្រាប់​ជន​មាន​ពិការ​ភាព​នៅ​ក្នុង​តំបន់​របស់​យើង»។

ឯកអគ្គរាជ​ទូត​អូស្រ្តាលី​ប្រចាំ​កម្ពុជា​ អ្នកស្រី​ Angela Corcoran ថ្លែងនៅក្នុងកម្មវិធីសម្ពោធ​ដាក់​ដំណើរការ​កម្មវិធី​សហប្រតិបត្តិការ​អូស្ត្រាលី-កម្ពុជា ដើម្បី​ការ​ផ្តល់​សេវា​ប្រកប​ដោយ​និរន្តរភាព និង​សមធម៌ ឬហៅថា (ACCESS) នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។ (រូបថតដោយស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា)

​អ្នកស្រី​បន្ថែម​ថា៖​

«ការ​បញ្ចប់​អំពើ​ហិង្សា​ផ្អែក​លើ​យេនឌ័រ​ និង​ការ​ជួយ​លើក​កម្ពស់​ការ​ចូល​រួម​ពី​សំណាក់​ជន​មាន​ពិការ​ភាព​ គឺនៅ​តែ​ជា​បញ្ហា​ចោទនៅ​កម្ពុជា ​ក៏​ដូចជា​នៅ​ប្រទេស​អូស្រ្តាលី​ផង​ដែរ»។​

រដ្ឋមន្រ្តី​ក្រសួង​កិច្ចការ​នារី​ លោកស្រី​ អ៊ឹង កន្ថាផាវី​ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​សម្ពោធ​គម្រោង​ ACCESS​ លើក​ឡើង​ថា​ ក្រសួង​កិច្ចការនារី​គាំទ្រ​យ៉ាង​ខ្លាំង​លើ​កម្មវិធី​គាំទ្រ​ជន​ពិការ​ និង​ស្រ្តី​ងាយ​រងគ្រោះ​ ផ្តួច​ផ្តើម​ដោយ​ស្ថានទូត​អូស្រ្តាលី​ប្រចាំ​កម្ពុជា។​ លោក​ស្រី​បាន​បន្ត​ថា​ ស្រប​ពេល​ដែល​មាន​ការ​វិវត្ត​ទៅមុខ​ក៏​ដោយ​ ស្រី្ត​ និង​ក្មេងស្រី​នៅ​កម្ពុជា​នៅ​តែ​ប្រឈម​មុខ​នឹង​អំពើ​ហិង្សា។​

តាម​ការ​ឱ្យ​ដឹង​របស់​រដ្ឋមន្ត្រី​ដដែល​ស្ត្រី​កម្ពុជា​ម្នាក់​ក្នុង​ចំណោម​ប្រាំ​រូប​ធ្លាប់​ទទួល​រង​អំពើ​ហិង្សា​ ​ហើយ​ចំនួន​នេះ​គឺខ្ពស់​ជាង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​អាគេ្នយ៍។​

​លោក​ស្រី​ អ៊ឹង កន្ថាផាវី​ បាន​បន្ត​ថា៖​

«កម្មការិនី​ដែល​ធ្វើការ​នៅ​តាម​រោងចក្រ​ប្រឈម​នឹង​ការ​បៀតបៀន​ផ្លូវ​ភេទ​ក្នុង​កម្រិត​អត្រា​ខ្ពស់​ដែរ រហូត​ដល់​ជិត​មួយ​ភាគ​បី​នៃ​ស្រ្តី​ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​បាន​រាយការណ៍​ថា​ ធ្លាប់​ទទួល​រង​នូវ​ឥរិយាបថ​នៃ​ការ​បៀតបៀន​ផ្លូវ​ភេទ​ក្នុង​អំឡុងពេល​ ១២​ខែ​ចុងក្រោយ»។

រដ្ឋមន្រ្តី​ក្រសួង​កិច្ចការ​នារី​ លោកស្រី​ អ៊ឹង កន្ថាផាវី ថ្លែងនៅក្នុងកម្មវិធីសម្ពោធ​ដាក់​ដំណើរការ​កម្មវិធី​សហប្រតិបត្តិការ​អូស្ត្រាលី-កម្ពុជា ដើម្បី​ការ​ផ្តល់​សេវា​ប្រកប​ដោយ​និរន្តរភាព និង​សមធម៌ ឬហៅថា (ACCESS) នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។ (រូបថតដោយស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា)

រដ្ឋ​មន្រ្តី​ក្រសួង​កិច្ចការ​នារី​លោកស្រី អ៊ឹង​ កន្ថាផាវី បាន​បញ្ជាក់ថា​ ក្រសួង​កិច្ចការ​នារី​កំពុង​តែ​សិក្សា​លើ​មូល​ហេតុ​ច្បាស់លាស់​ ដើម្បី​ដោះស្រាយ​បញ្ហា​អំពើ​ហិង្សា​ផ្លូវភេទ​លើ​ក្មេងស្រី​ និង​ស្រ្តី​ឲ្យ​មាន​ប្រសិទ្ធ​ភាព។​ ​លោកស្រីក៏​បាន​សាទរ​ផង​ដែរ​ចំពោះ​ការ​បង្កើត​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​ស្រ្តី​ក្រីក្រ​ និង​ស្រ្តី​ងាយ​រង​គ្រោះ​ពី​ការ​រំលោភបំពាន​ផ្សេងៗ​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន សែន ​ផង​ដែរ។​

​កញ្ញា​ បុណ្យ រចនា​ នាយិកា​អង្គការ​ក្លាហាន​ ដែល​គាំទ្រ​សិទ្ធិ​ស្រ្តី​នៅ​កម្ពុជា បាន​លើក​ឡើង​ថា​ កញ្ញា​មាន​ទំនុក​ចិត្ត​ថា​កម្មវិធី​ ACCESS​ ​នឹង​ជួយ​ជ្រោមជ្រែង​ដល់​ជន​ពិការ​ និង​ស្រ្តី​ងាយ​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​នៅ​កម្ពុជា។​

​កញ្ញា​រចនា ​បាន​សង្កត់​ធ្ងន់​ពី​សារៈសំខាន់​នៃ​កម្មវិធី​ ACCESS​ ក្នុង​ន័យ​ដើម​ថា៖​

«ខ្ញុំ​មើល​ឃើញ​វា​ជា​យន្តការ​មួយ​ ដែល​ជួយ​ឲ្យ​ភាគី​សំខាន់ៗ​ពាក់ព័ន្ធ​នៅ​ក្នុង​សង្គម​របស់​យើង​ហ្នឹង​គាត់​អាច​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​បាន»។​

​កញ្ញា​រចនា​ ក៏​បាន​យល់​ស្រប​ជាមួយ​នឹង​រដ្ឋមន្រ្តី​ក្រសួង​កិច្ចការ​នារី​លោកស្រី ​អ៊ឹង កន្ថាផាវី​ ចំពោះ​ការ​ឡើង​ថា អត្រា​នៃ​ស្រ្តី​រងគ្រោះ​ពី​អំពើ​ហិង្សា​ផ្លូវ​ភេទនៅ​កម្ពុជា​មិន​ទាន់​ថយ​ចុះ​នៅ​ឡើយ​ទេ។​ ​កញ្ញា​ក៏​គាំទ្រ​ឲ្យ​មាន​ដំណោះស្រាយ​ឲ្យ​ស្រប​តាម​តម្រូវការ​របស់​ស្រ្តី​ងាយ​រងគ្រោះ។​

​«ជា​ចាំបាច់ ត្រូវ​តែ​មាន​ការ​គិតគូរ​រួម​មួយ​ដែល​រក​នូវ​យុទ្ធសាស្រ្ត​ ឬ​ក៏​កម្មវិធី​ ឬ​ក៏​អញ្ជើញ​ពួកគាត់​មក​ជា​ក្រុម​ ដើម្បី​ពិភាក្សា​រួម​គ្នា​ ដើម្បី​ដោះស្រាយ​បញ្ហា ហើយ​ឲ្យ​ស្រប​តាម​តម្រូវការ​រៀងៗខ្លួន និង​ស្ថានភាព​របស់​ពួកគាត់​ដែរ»។​

​កញ្ញា ​បុណ្យ រចនា​ នាយិកា​អង្គការ​ក្លាហាន​ បាន​បន្ថែម​ថា ​ឱកាស​នៅ​ក្នុង​ការ​ទទួល​បាន​យុត្តិធម៌​សម្រាប់​ស្រ្តី​ងាយ​រងគ្រោះ​នៅ​កម្ពុជា​គឺ​នៅ​មាន​កម្រិត​នៅ​ឡើយ​ដោយ​សារ​បញ្ហា​ភាព​ក្រីក្រ​ ខ្វះ​ធន​ធាន​ ​និង​និទ្ទណ្ឌភាព​ក្នុង​សង្គម។​

​«ដោយ​សារ​តែ​យើង​ដឹង​ស្រាប់​ហើយ​ ការ​ប្រើប្រាស់​ប្រព័ន្ធ​ច្បាប់​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ហ្នឹង​ គឺ​វា​ពាក់ព័ន្ធ​នឹង​ការ​ចំណាយ​ថវិកា​ច្រើន ចំណាយ​ពេល​វេលា​ ត្រូវ​ការ​មាន​មេធាវី​ការពារ​អី​អញ្ចឹង​ទៅ​ណា។​ អញ្ចឹង​ស្រ្តី​រងគ្រោះ​ ដែល​មាន​កម្រិត​ជីវភាព​ក្រីក្រ​ ឬ​ក៏​មធ្យម​ហ្នឹង​គឺ​គាត់​សឹង​តែ​ថា​បោះបង់​ឱកាស​ស្វែងរក​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​ផង»។​

​កញ្ញា​ ជា បុប្ផា​ ​អ្នក​សម្រប​សម្រប​កម្មវិធី​ប្រចាំ​មជ្ឈមណ្ឌល​ជីវិត​រស់នៅ​ដោយ​ឯករាជ្យ​នៃ​ជនពិការ​ភ្នំពេញ ​ដែល​ចូលរួម​ក្នុង​កម្មវិធី​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​និយាយ​ដោយ​សង្ឃឹម​ថា ​កម្មវិធី​ ACCESS ​ក្រោម​ការ​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​អូស្រ្តាលី​នឹង​ជួយ​លើក​កម្ពស់​ឲ្យ​មាន​ការ​យក​ចិត្តទុក​ដាក់​បន្ថែម​លើ​ជនពិការ។​

កញ្ញា​ ជា បុប្ផា​ ​អ្នក​សម្រប​សម្រប​កម្មវិធី​ប្រចាំ​មជ្ឈមណ្ឌល​ជីវិត​រស់នៅ​ដោយ​ឯករាជ្យ​នៃ​ជនពិការ​ភ្នំពេញ (កណ្តាលខាងមុខ) ​និង​អ្នកចូលរួម​ដទៃ​ទៀត​នៅក្នុងកម្មវិធីសម្ពោធ​ដាក់​ដំណើរការ​កម្មវិធី​សហប្រតិបត្តិការ​អូស្ត្រាលី-កម្ពុជា ដើម្បី​ការ​ផ្តល់​សេវា​ប្រកប​ដោយ​និរន្តរភាព និង​សមធម៌ ឬហៅថា (ACCESS) នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។ (ណឹម​ សុភ័ក្រ្តបញ្ញា/VOA)⁠

​ចំពោះ​ស្ថានភាព​ជនពិការ​នៅ​កម្ពុជា​កញ្ញា​ ជា បុប្ផា ដែល​ជា​ជន​ពិការ​ជើង​មួយ​រូប​បាន​និយាយ​ថា៖​

​«បើ​តាម​ការ​សង្កេត​ខ្ញុំ​ ខ្ញុំ​គិត​ថា ​នា​ពេល​បច្ចុប្បន្ន​ស្ថានភាព​ហាក់​ដូចជា​ល្អ​ប្រសើរ​ជាង​កាល​ពី​មុន​ច្រើន។​ ដោយ​សារ​ហេតុអី?​ បើ​សម្លឹង​មើល​ការ​រើសអើង​ហាក់​ដូចជា​ មាន​ការ​កាត់​បន្ថយ។ ការ​យល់​ដឹង​ពី​បញ្ហា​ពិការ​ភាព​ មាន​ការ​យល់​ដឹង​ច្រើន​ជាង​មុន។​ ហើយ​ការ​ឲ្យ​តម្លៃ​លើ​ជន​ពិការ​ហ្នឹង​ក៏​ខ្ពស់​ជាង​មុន​ដែរ»។​

​យ៉ាង​ណា​ក៏ដោយ​កញ្ញា​ បុប្ផា បាន​លើកឡើង​ថា ​ជនពិការ​នៅ​តែ​រង​ការ​រើស​អើង​នៅ​ក្នុង​ការ​ស្វែងរកការ​ងារ​ ដោយ​សារ​តែ​កញ្ញា​សង្កេត​ឃើញ​ថា ​ជនពិការ​មួយ​ចំនួន​នៅ​តែ​មាន​ការ​លំបាក​នៅ​ក្នុង​ការ​ស្វែង​រក​ការងារ។​ ហើយ​កញ្ញា ​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការ​យកចិត្ត​ទុក​ដាក់​ចំពោះ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​កិច្ច​ការពារ​ និង​លើក​កម្ពស់​ជន​ពិការ​ឲ្យ​មាន​ប្រសិទ្ធភាព​ផង​ដែរ៕

XS
SM
MD
LG