អ្នក​វិភាគ​៖ អ្នក​ដែល​ចង់​នៅ​កាន់​អំណាច​យូរ​ក្នុង​តំបន់​នឹង​យក​លោក​ហ៊ុន​សែន​ជា​គំរូ

Your browser doesn’t support HTML5

អ្នក​វិភាគ៖​មេដឹកនាំ​ដែល​ចង់​ក្រាញ​អំណាច​យូរ​នឹង​យក​លោក​ហ៊ុន​សែន​ជាគំរូ

កំណត់​និពន្ធ៖ អាស៊ាន​បាន​ក្លាយ​ជា​តំបន់​មួយ​ដែល​មាន​ការ​ទាក់​ទាញ​សម្រាប់អ្នក​វិនិយោគ​ទុន​មក​ពី​តំបន់​នានា​នៅ​ជុំ​វិញ​ពិភពលោក។ ជាពិសេស​នៅ​ពេល​ដែល​តំបន់​នេះ​រួម​បញ្ចូល​គ្នា​ជាសហគមន៍​ពាណិជ្ជកម្ម​តែ​មួយ​នៅ​ដំណាច់​ឆ្នាំ​២០១៥។ប៉ុន្តែ​បញ្ហា​ផ្ទៃក្នុង​នៅ​ក្នុង​ប្រទេស​នីមួយៗ​នៃ​សមាគម​អាស៊ាន​ក៏​ជា​កត្តា​មួយ​ដែល​អ្នក​វិភាគ​កំពុង​តាម​ដាន​ផងដែរ។ លោក​ម៉ែន គឹមសេង​នៃ ​VOA​ បាន​សម្ភាស​លោក​បណ្ឌិត Peter Tan Keo ​ស្ថាបនិក​នៃ​មជ្ឈមណ្ឌល​យុទ្ធសាស្រ្ត​ពិភពលោកនៃ​តំបន់​អាស៊ី ​អំពី​និន្នាការ​នៅ​អាស៊ាន​និង​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។ ខាងក្រោម​នេះ​ជា​បទសម្ភាស​ទាំងស្រុង៖

វីអូអេ៖ សូមជម្រាបសួរ​លោក​បណ្ឌិត​តាន់​កែវ

ភីធឺ​ តាន់​កែវ៖ សូម​ជម្រាបសួរ

វីអូអេ៖ សូម​អគុណ​ណាស់​ដែល​បាន​អញ្ជើញ​មក​វីអូអេ​ដើម្បី ផ្តល់​បទសម្ភាស​។ បណ្តា​ប្រទេស​អាស៊ាន​នឹង​រួម​បញ្ចូល​គ្នា​ជា​សហគមន៍​តែមួយ​នៅ​ដំណាច់​ឆ្នាំ​នេះ​។ តើ​លោក​រំពឹង​ថា​នឹង​មាន​សកម្មភាព​ពាណិជ្ជកម្ម​យ៉ាង​ម៉េច​ខ្លះ?

ភីធឺ​ តាន់​កែវ​៖ បាទ​សូម​អរគុណ​។ បណ្តាប្រទេស​អាស៊ាន​បាន​និយាយ​ពីការ​ចូល​គ្នា​ជាយូរ​មក​ហើយនៅ​ត្រឹម​ថ្ងៃទី​៣១ ខែ​ធ្នូ​ឆ្នាំ​២០១៥ ដូច្នេះ​បើ​និយាយ​ពី​បញ្ហា​ថា​តើ​ពាណិជ្ជកម្ម​នឹង​កើនឡើង​ឬ​យ៉ាងណា​នោះ? ​ខ្ញុំ​រំពឹង​ថា​ជាការ​ពិត​នឹង​មាន​ការរីកចម្រើន។ ប៉ុន្តែ​បើ​និយាយ​ដោយ​ជាក់​លាក់​ដូច​ជា​ការ​បង្កើត​ទីផ្សារ​តែ​មួយ​ មូលដ្ឋាន​នៃ​ការ​ប្រើ​ប្រាស់​សម្រាប់​ពលរដ្ឋ​អាស៊ាន​គឺ​នឹង​មាន​លក្ខណៈ​ល្អ​សម្រាប់​បណ្តា​ប្រទេស​អាស៊ាន។​

វីអូអេ៖ នៅ ឆ្នាំ​នេះ​អាស៊ាន​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​ប្រទេស​ម៉ាឡេស៊ី​តើ​លោក​រំពឹង​ថា​នឹង​មាន​ហេតុការណ៍​ធំដុំ​កើត​ឡើ​ង​ទេ?

ភីធឺ​ តាន់​កែវ​៖ ខ្ញុំ​មិន​និយាយ​ថា​នឹង​មាន​បញ្ហា​ធំដុំ​កើត​ឡើង​ទេ​ប៉ុន្តែ​អ្វីដែល​ខ្ញុំ​នឹង​និយាយ​គឺ​ថា​ប្រទេស​ម៉ាឡេស៊ី​នឹង​អាច​ដឹកនាំ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ដែល​នឹង​ជួយ​ជំរុញ​ដល់​ការ​ភ្ជាប់​ពាណិជ្ជកម្ម។ ប៉ុន្តែ​អ្វី ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ពី​ប្រទេស​ម៉ាឡេស៊ី​គឺ​ថា​មិន​ដូច​ជា​ភូមា​ដែល​ជា​ប្រធាន​មុនទេ ព្រោះ ម៉ាឡេស៊ី​គឺ​ជា​ប្រទេស​មួយ​ដែល​ជា​អ្នក​ទាម​ទារ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែរ។ វាជាការ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ណាស់​ថា​តើ​ប្រទេស​ម៉ាឡេស៊ី​នឹង​ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូងនៅ​ពេល​ដែល​ខ្លូន​ធ្វើ​ជា​ប្រធាន​នេះ។

វីអូអេ៖ លោក​គិត​ថា​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នឹង​ត្រូវ​គេ​យក​មក​ពិភាក្សា​យ៉ាង​ក្តៅ​ជាងមុន?

ភីធឺ​ តាន់​កែវ៖ ខ្ញុំ​គិត​ថា​អញ្ចឹង​ដែរ​។ ខ្ញុំ​គិត​ថា​ក្នុង​ពេល​ដែលអាស៊ានបោះជំហាន​ទៅមុខយើង​នឹង​ឃើញ​ប្រទេស​ដទៃ​ទៀត​ដូច​ជា​វៀតណាម​និង​ហ្វីលីពីន​ដែល​ទាម​ទារ​ដែរ​នឹង​លើក​បញ្ហា​នេះហើយ​ចាប់ផ្តើម​បញ្ចេញ​ការព្រួយ​បារម្ភ​កាន់​តែ​ច្រើន​ឡើងៗ។ ខ្ញុំ​គិត​ថា​វៀតណាម​និង​ហ្វីលីពីន​នឹង​ជំរុញ​ឱ្យ​ប្រទេស​ម៉ាឡេស៊ី​ដែល​ជា​ប្រធាន​លើក​យក​បញ្ហា​នេះ​មក​ពិភាក្សា​។

វីអូអេ៖ ​ សូម​អរគុណ​ដែល​លោក​បាន​ចែក​រំលែក​ទស្សនៈ​វិស័យ​ទាក់​ទង​នឹង​តំបន់។ ឥឡូវ​សូម​សំឡឹង​ចូលមក​ប្រទេស​កម្ពុជា​វិញ​ម្តង។ ព្រះអង្គ​ម្ចាស់​នរោត្តម​រណឫទ្ធិ​បាន​យាង​ចូល​មក​ដឹកនាំ​គណបក្ស​ហ៊្វុន​ស៊ីនប៉ិច​ឡើង​វិញ​តើ​យើង​នឹង​ឃើញ​ទិដ្ឋភាព​នយោបាយ​ថ្មី​ឬទេ​ពី​ពេល​នេះ​តទៅ?

ភីធឺ​ តាន់​កែវ​៖ ខ្ញុំ​សូម​មិន​និយាយ​ថា​នឹង​ឃើញ​ទិដ្ឋភាព​នយោបាយ​ថ្មី​ទេ។ បើ​និយាយ​ក្នុង​ន័យ​ទូលាយ​គឺ​ហ៊្វុន​ស៊ីនប៉ិច​នឹង​មាន​ថ្នាក់​ដឹកនាំ​ថ្មី។ ខ្ញុំ​ជឿ​ថា​យុទ្ធនាការ​របស់​ពួកគេ​នឹង​ខុស​ពី​នេះ​ដោយ​សារ​តែ​ថ្នាក់​ដឹកនាំ​ថ្មី​របស់​ពួកគេ​ បើ​និយាយ​ដោយ​ស្មោះ​ទៅ​ខ្ញុំ​មិន​ឃើញ​ថា​គណបក្ស​ហ៊្វុន​ស៊ីនប៉ិច​ដែល​ហក់​ចូល​មក​វិញ នេះ​នឹង​អាច​ផ្លាស់​ប្តូរ​ទិដ្ឋភាព​នយោបាយ​ដែល​យើង​បាន​ឃើញ​នេះ​ទេ។ ដូច​ដែល​អ្នក​តាម​ដាន​វីអូអេ​ដឹង​ហើយ​ថា​ទិដ្ឋភាព​នយោបាយ​នេះ​នៅ​តែ​គ្របដណ្តប់​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ។​

វីអូអេ៖ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​ទទួល​លទ្ធផលល្អ​ទេ​នៅ​ក្នុង​ការ​បោះឆ្នោត​លើក​មុន។ហើយ​នៅ​ពេល​ដែល​ហ៊្វុន​ស៊ីនប៉ិច​ត្រឡប់​មក​វិញ ​នឹង​ជួយ​ឱ្យ​គណបក្ស​ប្រជាជន​ខ្លាំង​ជាងមុន​ទេ​ពីព្រោះ​អ្នក​វិភាគ​នានា​យល់​ថា​នៅ​ពេល​ដែល​អ្នក​ប្រជាធិបតេយ្យ​បែក​សំឡេង​ជាពិសេស​នៅ​ពេល​ដែល​ហ៊្វុន​ស៊ីនប៉ិច​ត្រឡប់​មក​វិញ​ហើយ​អាច​ខ្លាំង​ជាងមុន​បន្តិច​ក្រោម​ការដឹកនាំ​របស់​ព្រះ​អង្គម្ចាស់​រណឫទ្ធិ​ពេលនោះ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​បែក​ខ្ញែក​គ្នា​ទៅ​ច្រើន​កន្លែង?

ភីធឺ​ តាន់​កែវ​៖ នេះ​គឺ​ជា​ការ​វាយតម្លៃ​ដ៏​ល្អ​មួយ​។ យើង​ឧបមា​ថា​គណបក្ស​ហ៊្វុន​ស៊ីនប៉ិច​អាច​ឈ្នះ​បាន​អាសនៈ​ខ្លះ​ពី​សភាជាតិ​។ ពីព្រោះ​កាលពី​ការ​បោះឆ្នោត​លើក​មុន​ពួកគេ​មិន​បាន​អាសនៈ​ទេ។ ឧបមា​ថា​គណបក្ស​ហ៊្វុន​ស៊ីនប៉ិច​អាច​ឈ្នះ​បាន​អាសនៈ​ខ្លះ​ ពេល​នោះ​អាសនៈ​នោះ​គឺ​ប្រាកដ​ជា​យក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​គឺ​មិន​មែន​ជា​គណបក្ស​ប្រជាជន​កម្ពុជា​ទេ។ ខ្ញុំ​គិត​ថា​ពិត​ជា​អាច​កើត​មាន​អញ្ចឹង​មែន។

វីអូអេ៖ នៅ​ក្នុង​សេណារីយោ​បែប​នេះ​តើ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទៅវិញ​?

ភីធឺ​ តាន់​កែវ​៖ ខ្ញុំ​គិត​ថា​អ្វី​ដែល​ពួកគេ​ធ្វើ​ឥឡូវ​នេះ​គឺ​មាន​ប្រសិទ្ធភាព។ ការពិត​ដែល​ពួកគេ​ប្រើ​ប្រាស់​យុទ្ធនាការ​បណ្តាញ​សង្គម​យ៉ាង​ខ្លាំង​ពិតជា​ជួយ​ពួកគេ​ច្រើន​ក្នុង​ការ​បោះឆ្នោត​លើក​មុន។ ហើយ​ជាការពិត​គណបក្ស​កាន់​អំណាច​ក៏​បាន​មើល​ឃើញ​អញ្ចឹង​ដែរ​ព្រោះ​ឥឡូវ​នេះ​ពួកគេ​ប្រើ​បណ្តាញ​សង្គម​យ៉ាង​ខ្លាំង​ដែរ។ ដូច្នេះខ្ញុំ​គិត​ថា​ក្នុង​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បោះជំហាន​ទៅមុខ​និង​រៀបចំ​សម្រាប់​យុទ្ធនាការ​បោះឆ្នោត​ គឺ​អ្វី ដែល​ពួកគេ​បាន​ធ្វើ​នឹង​ដំណើរការ​ល្អ​ប្រសើរ។ ដូច្នេះ​សំណួរ​នៅ​ត្រង់​ថា​តើ​ពួកគេ​នឹង​មាន​រយៈ​ពេល​ឃោស​នា​៣០​ថ្ងៃ​ឬ​តែ​១៤​ថ្ងៃ​គឺ​យើង​មិន​ទាន់​ដឹង​នៅឡើយ​ទេ។ ខ្ញុំ​គិត​ថា​នឹង​មាន​ការសម្រេច​ចិត្ត​លើ​បញ្ហា​នេះ​នៅ​ខែ​កុម្ភៈ​។

វីអូអេ៖ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ទើប​តែ​ប្រារព្ធ​ខួប​លើក​ទី​៣០​ឆ្នាំ​នៃការ​កាន់​អំណាច​របស់​គាត់។ តើ​លោក​សង្កេត​ឃើញ​មាន​ការ​សម្រេច​បាន​អ្វី​ខ្លះ​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​នៃការ​កាន់​អំណាច​របស់​គាត់?

ភីធឺ​ តាន់​កែវ​៖ ខ្ញុំ​គិត​ថា​នេះ​គឺ​ជា​សំណួរ​ដ៏​ល្អ​មួយ។ ហើយ​ខ្ញុំ​គិត​ថា​មាន​ទស្សនៈពីរ​ទាក់​ទង​នឹង​បញ្ហា​នេះ។​ ទីមួយ​គឺ​សហគមន៍​អន្តរជាតិ​និង​អ្នក​ដែល​ហាក់​ដូច​ជា​ប្រឆាំង​នឹង​បក្ស​កាន់​អំណាច​នឹង​និយាយ​ថា​មិន​ទទួល​បាន​អ្វី ទេ​ព្រោះ​លទ្ធិប្រជាធិបតេយ្យ​បានដើរ​ថយ​ក្រោយ​ជំនួស​ឱ្យ​ការ​ត្រូវ​ដើរ​ទៅមុខ ក្នុង​ន័យ​ដែល​ថា​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ដើរ​ថយ​ក្រោយ។ នេះ​ជា​ទស្សនៈ​មួយ។ ទស្សនៈ​មួយ​ទៀត​ដែល​គាំទ្រលោក​ហ៊ុន សែន​នឹង​និយាយ​ថា​កម្ពុជា​នឹង​មិនមាន​សន្តិភាព​ទេ​បើ​សិន​ជា​មិន​មាន​ការដឹកនាំ​របស់​គាត់​ក្នុង​រយៈ​ពេល​៣០​ឆ្នាំនេះ។​ នេះ​គឺ​ជា​ទស្សនៈ​ដ៏​ធំ​ទាំង​ពីរ​ហើយ​ខ្ញុំ​គិត​ថា​មាន​ការ​ពិត​នៅ ក្នុង​នោះ។

វីអូអេ៖ បើ​និយាយ​ពី​បរិបទ​តំបន់​វិញ​តើ​ការ​កាន់​អំណាច​រយៈ​ពេល​៣០ឆ្នាំ​របស់​គាត់​វា​នឹង​មាន​ផលយ៉ាង​ម៉េច​ដែរ​?

ភីធឺ​ តាន់​កែវ​៖ ខ្ញុំ​គិតថា​ប្រសិន​បើ​លោក​មើល​ប្រទេស​សឹង្ហបុរី​គឺ​មាន​ការ​ដឹកនាំ​រយៈ​ពេល​យ៉ាង​យូរ​ក្រោម​ការ​ដឹកនាំ​របស់​លោក​លីក្វាន់​យូ​ ដូច្នេះ​បើ​និយាយ​ពី​និន្នាការ​ក្នុង​តំបន់​វិញ​នេះ​ជា​អ្វី ដែល​កំពុង​តែ​កើត​មាន​ឡើង។ សំណួរ​ដែល​ខ្ញុំ​តែង​តែ​សួរ​ខ្លួន​ឯង​គឺ​ថា​តើ​នេះ​មាន​ន័យ​យ៉ាង​ម៉េច​ចំពោះ​ប្រទេស​ក្នុង​តំបន់​ដូច​ជា​ភូមា​ដែល​កំពុង​តែ​រៀបចំ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ខ្លួន។ តើ​ពួកគេ​នឹង​សំឡឹ​ង​មើល​មក​ប្រទេស​កម្ពុជា? ហើយ​និយាយ​ថា​យើង​ក៏​អាច​នៅ កាន់​អំណាច​បាន​៣០​ឆ្នាំ​ដែរ​ព្រោះ មើល​ប្រទេស​ជិតខាង​កម្ពុជា​យើង​បាន​ធ្វើ។​ ទាំងនេះ​គឺ​ជា​សំណួរ​ដែល​មាន​សារៈ​សំខាន់​ដែល​អាច​លើក​មក​ពិភាក្សាបាន។​

វីអូអេ៖ ​បើ​ខ្ញុំ​មើល​តួលេខ​វិញ​គឺ​ពលរដ្ឋ​កម្ពុជា​៦៨​ភាគរយ​អាយុ​៣០​ឆ្នាំ​ចុះ​ក្រោម​។ នេះ​បាន​ន័យ​ថា​តាំងតែ​ពី​ថ្ងៃ​ដែល​ពួកគេ​កើតមាន​គឺ​ឃើញ​តែ​នាយករដ្ឋ​មន្ត្រី​មួយ​ប៉ុណ្ណោះ​ដូច្នេះ​តើ​មាន​ស្មារតី​ថ្មី​ដែល​ពួកគេ​ត្រូវ​សំឡឹង​មើល​ឬ​ទេសម្រាប់​អនាគត​របស់​ពួកគេ?

ភីធឺ​ តាន់​កែវ​៖ ជាការ​ពិត​នៅ​ពេល​ដែល​និយាយ​ដល់​ក្រុម​យុវជន​គឺ​ពួកគេ​មាន​ភ័ព្វ​វាសនា​ជាង​ឪពុកម្តាយ​របស់​ពួកគេ​ព្រោះ​ពួកគេ​មិន​បាន​ឆ្លងកាត់​សង្គ្រាម​ដូច​ឪពុក​ម្តាយ​របស់​ពួកគេ​ទេ។ ប៉ុន្តែ​បើ​យើង​សំឡឹង​មើល​ដល់​ឫសគល់​គឺ​នៅ មាន​យុវជន​ជាច្រើន​ដែល​មិន​មាន​ការ​ងារ​ធ្វើ​ មាន​យុវជន​ជាច្រើន​មិន​បានសិក្សាបានច្រើន​សូម្បី​កម្រិត​វិទ្យាល័យ​ ហើយកុំ​និយាយ​ទៅដល់​កម្រិត​មហាវិទ្យាល័យ​ធ្វើ​អ្វី។ សម្រាប់​អ្នក​ដែល​ទៅ រៀន​នៅ​មហាវិទ្យាល័យ​អ្នក​ខ្លះ​បាន​សញ្ញា​បត្រ​បរិញ្ញា​ដល់​ទៅ​ពីរ​ដែល​នេះ​ជា​និន្នាការ​មួយ​ហើយ​បន្ទាប់​មក​ពួកគេ​ចូល​ទៅ ក្នុង​ទីផ្សា​រ​ដែល​មិនមាន​ការ​ងារ​សម្រាប់​ពួកគេ​ដូច្នេះ​ច្បាស់​ណាស់​ថា​មាន​កម្រិត​នៃ​ការ​ខឹង​សម្បារ​ដែល​ក្រុម​យុវជន​ទាំង​នេះ​មាន​។ ខ្ញុំ​គិត​ថា​ការខឹង​សម្បារ​នេះ​ឃើញ​ច្បាស់​ណាស់​ក្នុង​ពេល​បោះឆ្នោត​កន្លង​មក។ បើ​យើង​សំឡឹង​ទៅ​មុខ​ទៀត​វា​ជា​ការ​ចាំបាច់​ណាស់​សម្រាប់​ថ្នាក់​ដឹកនាំដែល​មិន​ត្រឹម​តែ​និយាយ​ទេ​ប៉ុន្តែ​ពួកគេ​ត្រូវ​តែ​ធ្វើ​សកម្ម​ភាព​ផងដែរ​ដូច​ជា​ការ​រៀបចំ​ប្រព័ន្ធ​អប់រំ​មួយ​ពី​ថ្នាក់​ទី​១​ដល់​ទី​១២​ និង​មហាវិទ្យាល័យ។ ហើយ​កាន់​តែ​ សំខាន់​ជាងនេះ​ទៀត​គឺ​ការ​បង្កើត​ការងារ​សម្រាប់​ពួកគេ។​

វីអូអេ៖ ដូច្នេះ​តើ​យើង​នឹង​ឃើញ​ការ​ផ្លាស់​ប្តូរ​ទេ​ក្នុង​រយៈ​ពេល​៤​ឬ​៥​ឆ្នាំ​ខាងមុខ​នេះ?

ភីធឺ​ តាន់​កែវ​៖ បើ​និយាយ​ពី ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ មាន​របាយការណ៍​មួយ​ទើប​តែ​ចេញ​មក​បង្ហាញ​ថា​ប្រទេស​កម្ពុជា​ ​ឡាវនិង​ភូមាជា​ប្រទេស​ដែល​មាន​ការ​រីក​លូតលាស់​ខ្លាំងជាង​គេ​នៅ​ក្នុង​តំបន់។ ដូច្នេះ​ខ្ញុំ​គិត​ថា​នេះ​គឺជា​អ្វី​ដែល​យើង​ត្រូវ​តែ​ទទួល​ស្គាល់​និង​អបអរ​សាទរ។ ប៉ុន្តែ​ប្រសិន​បើ​ក្រឡេក​មើល​បញ្ហា​ទាំង​អស់​នេះ​ហើយ​និយាយ​ថា​តើ​យើង​នឹង​បង្កើត​ការងារ​គ្រប់​គ្រាន់​ឬ​ទេសម្រាប់​ក្រុម​យុវជន​ទាំងនេះ? ខ្ញុំ​គិត​ថា​វា​ជា​សំណួរ​មួយ​ដ៏​ធំ។ រយៈ​ពេល​បួន​ប្រាំ​ឆ្នាំ​ទៀត​គឺ​មិន​មាន​អ្វី នឹង​ផ្លាស់​ប្តូរ​ទេ។ ប៉ុន្តែ​ខ្ញុំ​ចង់​សម្តែង​សុទិដ្ឋិនិយម​បន្តិច​គឺ​ថា​នឹង​មាន​ការ​ផ្លាស់​ប្តូរ។​

វីអូអេ​៖ សូមអគុណ​លោក​បណ្ឌិត​តាន់​កែវ​ ដែល​ផ្តល់​បទសម្ភាស​ដល់​វីអូអេ។

ភីធឺ​ តាន់​កែវ​៖ សូម​អរគុណ​ច្រើន៕