ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អ៊ូ វីរៈ៖ ​លោកហ៊ុន សែន​ទំនងជា​ត្រៀម​ផ្ទេរអំណាច​ឲ្យ​កូន


លោក ហ៊ុន ម៉ានី (រូប​កណ្តាល​ខាង​ស្តាំ) កូន​ប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដើរ​លើ​កម្រាល​ព្រំ​ក្រហម​ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​ខួប​ទី​៣៤​នៃ​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម​កាល​ពី​ឆ្នាំ​១៩៧៩ ដែល​បាន​ប្រព្រឹត្ត​ធ្វើ​នៅ​ស្នាក់ការ​​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៣។ (AP Photo/Heng Sinith)
លោក ហ៊ុន ម៉ានី (រូប​កណ្តាល​ខាង​ស្តាំ) កូន​ប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដើរ​លើ​កម្រាល​ព្រំ​ក្រហម​ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​ខួប​ទី​៣៤​នៃ​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម​កាល​ពី​ឆ្នាំ​១៩៧៩ ដែល​បាន​ប្រព្រឹត្ត​ធ្វើ​នៅ​ស្នាក់ការ​​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៣។ (AP Photo/Heng Sinith)

លោក​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ហ៊ុន សែន​ទំនង​ជាបាន​បោះ​ជំហាន​ទៅ​មុខ​មួយ​ទៀត​ដើម្បី​រៀប​ចំ​ឲ្យ​កូន​របស់​លោក បាន​ឡើង​ស្នង​តំណែង​របស់​លោក​នៅ​ពេល​អនាគត។​

នេះ​បើ​តាម​ការ​វិភាគ​របស់​លោក​អ៊ូ វីរៈ ​នាយក​វេទិកា​អនាគត​ដែល​ជា​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​គោល​នយោបាយ​ក្នុងស្រុក​មួយ។​ ​លោក​អ៊ូ វីរៈ​បាន​សង្កត់​ធ្ងន់​លើ​លទ្ធ​ផល​នៃ​សមាជ​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​១​ខែ​កុម្ភៈ។​ សមាជ​នោះ​បាន​ដាក់​បញ្ចូល​កូន​ប្រុស​ទាំង​បី​របស់​លោក​ហ៊ុន សែន​ចូលជា​សមាជិក​នៃ​គណៈ​កម្មាធិការ​កណ្តាល​នៃ​គណបក្ស​នេះ រួម​ទាំង​បញ្ចូល​កូន​ប្រសារ​ប្រុស​ម្នាក់​របស់​លោក​ដែល​ត្រូវ​ជា​ស្វាមី​របស់​កូន​ស្រី​គឺ​លោក​ស្រី​ហ៊ុន ម៉ាណា​ ដែល​កំពុង​កាន់​កាប់​ប្រព័ន្ធផ្សព្វ​ផ្សាយ ​និង​មុខ​ជំនួញ​ជាច្រើន។​

ថ្លែង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វីអូអេ​សំឡេងសហ​រដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ​ លោក​អ៊ូ វីរៈ ​មើល​ឃើញ​ថា​ លោក​ហ៊ុន សែន​កំពុង​រៀប​ចំជើង​ព្រួល​ ដូច​ជា​ក្រឡាអុក​យ៉ាង​ប៉ិន​ប្រសប់​ នោះ​គឺ​គាត់បាន​ប្រើ​កូន​ទាំង​បីដែល​ជា​មេ​បញ្ជាការ​យោធា ​មេបញ្ជាការ​ប៉ូលិស ​ជា​អ្នក​តំណាង​រាស្ដ្រ​ និង​កូន​ប្រសារ​ប្រុស​ជា​មេ​បញ្ជាការ​ប៉ូលិស​ ដែល​មាន​ភរិយា​កាន់​កាប់​មុខ​ជំនួញ​ច្រើន​មុខ​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផង។​

«ការ​រៀប​ចំ​របស់​គាត់​មិន​មែន​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ទេ។​ គាត់​បាន​រៀប​ចំ​ជើង​ទាំង​បួន​គ្រប់​ហើយ។​ ហើយ​បើ​សិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​នៅ​ឆ្នាំ​២០១៨ ​នោះខ្ញុំ​ជឿ​ថា ​គាត់​នឹង​ចាប់​ផ្តើម​រៀប​ចំ​ឲ្យ​កូន​គាត់​ឡើង​ជំនួស​គាត់​នៅ​ក្នុង​គណបក្ស ​ឬ​ឡើង​ជំនួស​គាត់​នៅ​ឆ្នាំ​២០២៣​ទៀត»។​ នេះ​បើ​តាម​សម្តី​របស់​លោក​អ៊ូ វីរៈ។

នាយក​វេទិកា​អនាគត​ដដែល​នេះ​រង់​ចាំមើល​ថា ​ល្គិក​ណា​កូន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​នឹង​ត្រូវ​បញ្ចូល​ជា​សមាជិក​គណៈ​កម្មការ​អចិន្ត្រៃយ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​នោះ​វា​នឹង​មាន​ភាព​កាន់​តែ​ច្បាស់​ថា៖ ​«គាត់​នឹង​រៀប​ចំ​សម្រាប់​ការ​ជំនួស​អំណាច​របស់​គាត់»៕

XS
SM
MD
LG