Your browser doesn’t support HTML5
ក្រោយពីការបោះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣នេះ រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធមានប៉ូលិស ទាហាននិងកងរាជអាវុធហត្ថ រួមទាំងរថពាសដែក ក្នុងក្រុងភ្នំពេញ និងតំបន់ចេញចូលភ្នំពេញ។ ដោយឡែក គណបក្សសង្គ្រោះជាតិបានព្រមានធ្វើមហាបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត ប្រសិនបើមិនមានការដោះស្រាយភាពមិនប្រក្រតីត្រឹមត្រូវនោះទេ។
ហេតុការណ៍ទាំងពីរត្រូវគេមើលឃើញថា ជាមូលហេតុនៃក្តីកង្វល់របស់ប្រជាពលរដ្ឋក្នុងពេលនេះ។
លោកជាម យៀប សមាជិកគណៈអចិន្ត្រៃនៃគណបក្សប្រជាជនកម្ពុជា បានបកស្រាយតាមទូរស័ព្ទលើបញ្ហានេះថា ការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធ«គឺជាការការពារមុនការព្យាបាល» ហើយការពង្រាយកងកម្លាំងប្រដាប់អាវុធនេះធ្វើឡើងដោយសារមានការគំរាមពីបាតុកម្មរបស់គណបក្សជំទាស់។
លោកថ្លែងថា៖ «គណបក្សប្រជាជនចង់បានសុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គម»។
ប៉ុន្តែលោកយឹម សុវណ្ណនិយាយថា ការប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីគំរាមប្រជាពលរដ្ឋ«មិនមែនជាជម្រើសដ៏ឈ្លាសវៃទេ»។
ដោយឡែកលោកនី ចរិយា ប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ថ្លែងក្នុងកម្មវិធីហេឡូវីអូអេដែរថា៖ «បញ្ហាសន្តិសុខនិងស្ថិរភាពនយោបាយជាកត្តាសំខាន់»ក្នុងប្រទេស។
ប៉ុន្តែការពង្រាយកងទ័ពនិងកងកម្លាំងប្រដាប់អាវុធក្នុងពេលនេះបានបង្កឲ្យមាន«អសន្តិសុខផ្លូវចិត្តដល់ប្រជាពលរដ្ឋដោយសារតែខ្វះតម្លាភាពក្នុងទង្វើនេះ»៕