ថាមពល​ខ្យល់​ជា​ថាមពល​ចាំបាច់​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ

  • Lisa Bryant

បំពង់ថាមពលខ្យល់​ក្នុង​វាល​មួយ​នៅទីក្រុង Northwood រដ្ឋ Iowa កាលពី​ថ្ងៃទី​០២ ខែកុម្ភៈ​ ឆ្នាំ២០១៨។

អាកាសធាតុ​ត្រជាក់​គឺ​ជា​ដំណឹង​ល្អ​សម្រាប់​តំបន់​ផលិត​អគ្គិសនី​ដោយ​ថាមពល​ខ្យល់។

លោក Luis Miguel Pastrana អ្នក​គ្រប់គ្រង​ក្រុមហ៊ុន Iberdrola ប្រចាំ​ទ្វីប​អឺរ៉ុប និយាយ​ថា៖ «យើង​ផលិត​ថាមពល​អគ្គិសនី​នៅ​ទី​នេះ ដែល​ទីក្រុង​មួយ​មាន​មនុស្ស ៦ សែន​នាក់​រស់នៅ​នឹង​ត្រូវការ​នៅ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ខាង​មុខ​នេះ»។

កាល​ពី​មួយ​ទសវត្ស​មុន ស្ថានីយ​ផលិត​អគ្គិសនី​ដោយ​ថាមពល​ខ្យល់ Maranchon ដែល​មាន​កង្វារ​ផលិត​ថាមពល​ខ្យល់​ចំនួន ១០៤ គ្រឿង គឺ​ជា​កន្លែង​ផលិត​អគ្គិសនី​ដោយ​ថាមពល​ខ្យល់​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ។ ឥឡូវ​នេះ កន្លែង​នេះ​មាន​ការ​ប្រកួតប្រជែង។

ប្រទេស​អេស្ប៉ាញ​មាន​ឧស្សាហកម្ម​ផលិត​អគ្គិសនី​ពី​ថាមពល​ខ្យល់​ធំ​ជាង​គេ​បំផុត​ទី​ពីរ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប បន្ទាប់ពី​ប្រទេស​អាល្លឺម៉ង់។ គេ​ឃើញ​នៅ​មាន​ឱកាស​រីក​ចម្រើន​ជា​ច្រើន​ទៀត​នៅ​ទី​នោះ។ រដ្ឋាភិបាល​អេស្ប៉ាញ​ចង់​បាន​ថាមពល​កកើត​ឡើង​វិញ​ដើម្បី​ផលិត​អគ្គិសនី​ឲ្យ​បាន ៧៥ ភាគរយ​នៃ​អគ្គិសនី​សរុប​របស់​ប្រទេស​អេស្ប៉ាញ​នៅ​ត្រឹម​ឆ្នាំ ២០៣០ និង​ឲ្យ​បាន ១០០ ភាគរយ នៅ​ត្រឹម​ឆ្នាំ ២០៥០។

លោក Alonso Soberon វិស្វករ​នៃ​ក្រុមហ៊ុន Iberdrola បាន​និយាយ​ថា៖ «យើង​អាច​ប្រជែង​ជាមួយ​នឹង​ប្រេង ឧស្ម័ន និង​ប្រេង​ឥន្ធនៈ​បាន ដោយសារតែ​ប្រសិនបើ​យើង​មើល​លើ​ទំនោរ​កាល​ពី ១០ ឆ្នាំ​កន្លង​មក​នេះ យើង​ឃើញ​ថា តម្លៃ​ថាមពល​ខ្យល់ និង​ថាមពល​ព្រះ​អាទិត្យ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង»។

ក្រុមហ៊ុន Iberdrola គឺ​ជា​ក្រុមហ៊ុន​ថាមពល​ដ៏​ធំ​របស់​ប្រទេស​អេស្ប៉ាញ ដែល​គ្រប់គ្រង​ស្ថានីយ​ផលិត​អគ្គិសនី​ពី​ថាមពល​ខ្យល់ Marachon។ ក្រុមហ៊ុន​នេះ​ផលិត​ថាមពល​ខ្យល់​ឲ្យ​ប្រទេស​អេស្ប៉ាញ​បាន​ជិត ២៥ ភាគរយ។ ក្រុមហ៊ុន​នេះ​ក៏​បាន​វិនិយោគ​លើ​ថាមពល​ខ្យល់​នេះ​នៅ​តាម​ប្រទេស​ផ្សេង​ទៀត​នៅ​ទ្វីប​អឺរ៉ុប សហរដ្ឋ​អាមេរិក បណ្ដា​ប្រទេស​នៅ​តំបន់​អាមេរិក​ឡាទីន និង​ប្រទេស​អូស្ត្រាលី​ផង​ដែរ។ កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​បាន​ប្រកាស​ពី​គម្រោង​នៅ​ក្នុង​ការ​បញ្ឈប់​ដំណើរការ​រោងចក្រ​ធ្យូង​ថ្ម​ចុងក្រោយ​របស់​ខ្លួន​ពីរ​កន្លែង ទោះបីជា​ក្រុមហ៊ុន​នៅតែ​ផ្គត់ផ្គង់​ឧស្ម័ន​ក៏​ដោយ។

ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​បាន​បញ្ជាក់​ថា នៅ​ត្រឹម​ឆ្នាំ ២០៥០ ខាង​មុខ ថាមពល​កកើត​ឡើង​វិញ​ដូចជា​ថាមពល​ខ្យល់ និង​ថាមពល​ព្រះ​អាទិត្យ​ជា​ដើម​នឹង​ផ្ដល់​អគ្គិសនី​ដល់​ពិភពលោក​បាន​ជាង ៤០ ភាគរយ។

ថាមពល​ខ្យល់​សមុទ្រ ដែល​ជា​ថាមពល​ដ៏​គួរ​ឲ្យ​សង្ឃឹម​ខ្លាំង​បំផុត​មួយ អាច​ផលិត​អគ្គិសនី​បាន​ច្រើន​ជាង ១៨ ដង​នៃ​អគ្គិសនី​ដែល​ពិភពលោក​ទាំង​មូល​ត្រូវការ​ទៅ​ទៀត។ ប៉ុន្តែ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ថា ជា​រួម ការ​កើន​ឡើង​នូវ​ថាមពល​កកើត​ឡើង​វិញ​គឺ​នៅ​ទាប​ឆ្ងាយ​ក្រោម​កម្រិត​នៃ​តម្រូវការ​ដែល​ចង់​បាន​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោល​បំណង​ថាមពល​ប្រកប​ដោយ​ចិរភាព។

លោក Ivan Pineda ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​ក្រុមហ៊ុន WindEurope បាន​និយាយ​ថា៖ «ថាមពល​ខ្យល់​នឹង​មាន​តួនាទី​សំខាន់​ខ្លាំង​បំផុត​សម្រាប់​អនាគត​នៃ​ការ​លុប​បំបាត់​ឧស្ម័ន​កាបូន និង​អនាគត​នៃ​អគ្គិសនី»។

វិស័យ​ថាមពល​ខ្យល់​នេះ​ក៏​ផ្ដល់​ការងារ​ធ្វើ​ដល់​មនុស្ស​ប្រហែល ៣ សែន​នាក់ នៅ​ទូទាំង​ទ្វីប​អឺរ៉ុប​ផង​ដែរ ដែល​ជា​តំបន់​ផលិត​ថាមពល​ខ្យល់​ច្រើន​ជាង​គេ​បំផុត​ទី​ពីរ​នៅ​លើ​ពិភពលោក បន្ទាប់ពី​ប្រទេស​ចិន។

ចំណែក​ឯ​នៅ​ក្នុង​ក្រុង Maranchon ឯ​ណោះ​វិញ ប្រជាពលរដ្ឋ​ដំបូង​មិន​ជឿ​លើ​កង្ហារ​ផលិត​ថាមពល​ខ្យល់​នេះ​ទេ ប៉ុន្តែ​លោក Jose Luis Sastre អភិបាល​ក្រុង​នោះ​ថា រឿង​នេះ​បាន​ប្រែប្រួល​ហើយ​នៅ​ពេល​ឥឡូវ​នេះ។

លោក Jose Luis Sastre និយាយ​ថា៖ «ពួកគេ​សប្បាយ​ចិត្ត​ដោយសារតែ​រោងចក្រ​ផលិត​ថាមពល​ខ្យល់​នោះ​បាន​ផ្ដល់​ប្រាក់​ចំណូល​ដល់​ក្រុង​នេះ។ ក្រុង​នេះ​អាច​មាន​លទ្ធភាព​កែប្រែ​ប្រព័ន្ធ​ទឹក ផ្នែក​អនាម័យ និង​ផ្លូវ​ថ្នល់​របស់​ខ្លួន​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង មិន​ត្រឹមតែ​ក្រុង​នេះ​ដែល​ជា​ទីតាំង​រដ្ឋបាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ សហគមន៍ ៥ ដែល​ជា​ផ្នែក​នៃ​ក្រុង​នេះ​ក៏​ប្រព័ន្ធ​ទាំង​នេះ​មាន​ភាព​ប្រសើរ​ឡើង​ផង​ដែរ»។

គេ​នៅតែ​ឃើញ​មាន​ការ​ប្រឆាំង​ខ្លាំងក្លា​នៅ​តាម​តំបន់​មួយ​ចំនួន​ចំពោះ​ស្ថានីយ​ផលិត​អគ្គិសនី​ដោយ​ថាមពល​ខ្យល់​នេះ។ អ្នក​បរិស្ថាន​និយាយ​ថា ការ​ជ្រើសរើស​ទីតាំង​ខុស​អាច​ប៉ះពាល់​ដល់​ដីធ្លី​មួយ​ចំនួន និង​ប្រភេទ​សត្វ​ដែល​រស់នៅ​ពឹងផ្អែក​លើ​សមុទ្រ។

លោក Ramon Marti ប្រធាន​ផ្នែក​បណ្ដាញ​នៃ​អង្គការ Birdlife Spain និយាយ​ថា៖ «ជា​ការពិត​ណាស់ យើង​ត្រូវតែ​គាំទ្រ​ថាមពល​កកើត​ឡើង​វិញ ប៉ុន្តែ​ក៏​ត្រូវ​ពិចារណា​អំពី​ជីវចម្រុះ​ផង​ដែរ។ យើង​ឃើញ​ថា មិន​ត្រឹមតែ​បក្សា​បក្សី​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សត្វ​ប្រជៀវ​ក៏​រង​ការ​ប៉ះពាល់​ផង​ដែរ»។

ប៉ុន្តែ ការ​ប្រឈម​ដ៏​ធំ​បំផុត​របស់​ឧស្សាហកម្ម​ថាមពល​ខ្យល់​នេះ​គឺ​ប្រហែល​ជា​ការ​ធ្វើ​យ៉ាង​ណា​ឲ្យ​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​នយោបាយ និង​ការ​វិនិយោគ​បន្ថែម​ទៀត​ដើម្បី​ឲ្យ​វិស័យ​នេះ​រីក​ចម្រើន​ទៅ​មុខ...។ ដូច្នេះ​វា​អាច​បំពេញ​តម្រូវការ​ថាមពល​ដែល​កំពុង​តែ​កើន​ឡើង​នៅ​លើ​ពិភពលោក... និង​អាច​ទប់ទល់​ទៅ​នឹង​ការ​ប៉ះពាល់​កើន​ឡើង​ដែល​បណ្ដាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ​បាន៕

ប្រែ​សម្រួល​ដោយ ភី សុភាដា