អ្នក​ជំនាញ​ថា​អាកាសធាតុ​រដូវ​ក្តៅ​ប្រហែល​ជា​មិន​អាច​បញ្ឈប់​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩​ទេ

  • Steve Baragona

បុរស​ម្នាក់​អានកាសែត​មួយ​នៅពេល​លោកកំពុងពាក់ម៉ាស់​ក្នុង​ទីក្រុងHavana កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ២០២០។

នៅ​គ្រប់​តំបន់​នៃអឌ្ឍគោល​ខាង​ជើង រដូវ​ស្លឹកឈើ​លាស់​(និទាឃរដូវ)កាន់​តែ​ជិត​មក​ដល់។ ខណៈ​ដែល​រដូវ​រងារ​កំពុង​ឈាន​ដល់​ទី​បញ្ចប់ អ្នក​​ខ្លះ​រពឹង​ថា ជំងឺ​កូវីដ១៩​ក៏​នឹង​សាប​រលាប​ទៅ​តាម​រដូវ​រងារ​ដែរ។ ​​​​

កាល​ពី​ខែ​កុម្ភៈ ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump) បាន​ទស្សន៍ទាយ​ថា វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ដែល​រាតត្បាត​ជា​សាកល​នេះ នឹង​បាត់​ទៅ​វិញ​នៅ​ខែ​មេសា​ខាង​មុខ នៅ​ពេល​សីតុណ្ហភាព​ឡើង​កម្តៅ​តាម​រដូវកាល។ អ្នក​ផ្សេង​ទៀត​សង្ស័យ​ថា​ អាកាសធាតុ​ក្តៅហើយ​សើម​នៅ​តំបន់​ត្រូពិក បាន​ធ្វើ​ឲ្យ​ជំងឺ​កូវីដ១៩​នេះឆ្លង​រាតត្បាត​តិច​នៅ​តំបន់​ក្តៅ​ទាំង​នោះ។​

រឿង​ទាំង​នេះ​អាច​ជា​ការ​ពិត ក៏​ប៉ុន្តែ​លោក Christopher Mores អ្នក​ស្រាវជ្រាវ​ខាង​វីរុស​ចម្លង​ដោយ​សត្វ​ល្អិត ​នៅ​សាកលវិទ្យាល័យ George Washington ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្លែង​ថា «ខ្ញុំ​ប្រហែល​មិន​ហ៊ានភ្នាល់​ដាក់​លុយច្រើន​ថា រដូវ​ក្តៅ​នឹង​ធ្វើ​ឲ្យ​ជំងឺ​កូវីដ១៩​បាត់​ទៅ​វិញ​ទេ»។

នៅ​បណ្តា​ប្រទេស​មាន​អាកាសធាតុ​មធ្យម ជំងឺ​ផ្តាសាយ​និង​ជំងឺ​ផ្តាសាយ​ធំ (flu) មាន​ចំនួន​កើន​ឡើង​និង​ថយ​ចុះ​ទៅ​តាម​រដូវកាល។ ជំងឺ​កូវីដ១៩​គឺ​ជា​ជំងឺ​ផ្លូវ​ដង្ហើម​មួយ​ដែល​ស្រដៀង​នឹង​ជំងឺ​ផ្តាសាយធំ​ដែរ ហើយ​វីរុស​នេះ​ជា​ប្រភេទ​វីរុស​ដែលស្ថិត​នៅ​ក្នុង​អំបូរ​ជាមួយ​វីរុស​ដែល​បង្ក​ជំងឺ​ផ្តាសាយ​ធម្មតា។

ដោយ​ផ្អែក​លើការ​វិវត្តន៍​របស់​វីរុស​កូរ៉ូណា​ប្រភេទ​ផ្សេង​ទៀត​កន្លង​មក អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​ទស្សន៍​ទាយ​ថា ចំនួន​ករណី​អ្នក​កើត​ជំងឺ​កូវីដ១៩ អាច​ធ្លាក់​ចុះ​វិញ ​ខណៈ​ដែល​និទាឃរដូវចាប់​ផ្តើម​នៅ​អឌ្ឍគោល​ខាង​ជើង​នៃ​ផែនដី។

ប៉ុន្តែ​នេះ​មិន​មាន​ន័យ​ថា ជំងឺ​កូវីដ១៩​នឹង​រលាយ​បាត់​ទេ។ គំរូ​ទស្សន៍ទាយ​របស់​អ្នក​វិទ្យាសាស្ត្រ​ទាំង​នេះ​បង្ហាញ​ថា ចំនួន​ករណី​ឆ្លង​វីរុស​នេះ​នឹង​កើន​ឡើង​ខ្ពស់​ជា​ថ្មី​នៅ​រដូវ​រងារ​ឆ្នាំ​ក្រោយ។

ចុះ​តំបន់​ក្តៅ​ហើយ​សើម​វិញ?

អ្នក​វិទ្យាសាស្ត្រ​មិន​ដឹង​ពី​មូលហេតុទាំង​អស់​ដែល​នាំ​ឲ្យ​ជំងឺ​ផ្តាសាយ​ធម្មតា​និង​ផ្តាសាយ​ធំ​វិវត្ត​តាម​រដូវ​នោះ​ទេ ប៉ុន្តែ​មាន​គំនិត​មួយ​ដែល​ថា កូរ៉ូណាវីរុស​ងាយ​ឆ្លង​ជាង​នៅ​ក្នុង​ខ្យល់​អាកាស​ស្ងួត ដែល​កើត​ឡើង​នៅ​រដូវ​រងារ។

ប៉ុន្តែ​បើ​យោង​តាមអ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​ទៀត សំណើម​ក្នុង​ខ្យល់​អាកាស​មិន​មែន​ជា​កត្តា​ដែល​ប៉ះពាល់​ដល់​ជំងឺ​កូវីដ១៩​ទេ។​

អ្នក​វិទ្យាសាស្ត្រ​ទាំង​នេះ​បាន​រក​ឃើញ​ថា ជំងឺ​កូវីដ១៩ បាន​ឆ្លង​រាលដាល​នៅ​គ្រប់​តំបន់​ក្នុង​ប្រទេស​ចិន តាំង​ពី​តំបន់​ត្រជាក់​ស្ងួត​នៅ​ភាគ​ខាង​ជើង រហូត​ដល់​តំបន់​ក្តៅ​សើម​នៅ​ភាគ​ខាង​ត្បូង។

ម៉្យាង​ទៀត នៅ​ប្រទេស​សិង្ហបុរី​ដែល​ស្ថិត​នៅ​តំបន់​ត្រូពិក​អាកាសធាតុ​ក្តៅ​ហើយ​សើម ក៏​មាន​ការ​ឆ្លងវីរុស​កូវីដ​១៩​ជា​បន្ត​បន្ទាប់​ដែរ។

ដូច​គ្នា​នេះ​ដែរ កត្តា​កម្តៅ​និង​សំណើម​ក៏​មិន​អាច​បញ្ឈប់​ការ​ឆ្លង​នៃ​ជំងឺ​ផ្តាសាយ​ធំ​ដែរ។ ការ​សិក្សា​មួយ​ចំនួន​បង្ហាញ​ថា ករណីឆ្លង​ផ្តាសាយ​ធំ​កាន់​តែ​ធ្លាក់​ចុះ​នៅ​ពេល​ដែល​គេ​កាន់​តែ​ខិត​ជិត​ទៅដល់​តំបន់​អេក្វាទ័រ ប៉ុន្តែជំងឺ​ផ្តាសាយ​ធំ​នៅ​តែ​ជា​កត្តា​សំខាន់​ដែល​នាំ​ឲ្យ​មាន​ការ​ស្លាប់​និង​ការព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​តំបន់​ទាំង​នោះ។ ហើយ​ក្នុង​អំឡុង​នៃ​ការ​ផ្ទុះ​រាតត្បាត​នៃ​ជំងឺ​ផ្តាសាយ​ជ្រូក H1N1 កាល​ពី​ឆ្នាំ​២០០៩ បណ្តា​ប្រទេស​នៅ​តំបន់​ត្រូពិក​ដូចជា ម៉ិកសិក ឥណ្ឌា បង់ក្លាដែស មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី និង ក្វាតេម៉ាឡា ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​អត្រា​ការ​ស្លាប់​ច្រើន​ជាង​គេ​ដោយសារ​ជំងឺ​រាតត្បាត​នេះ។​

កត្តា​ការ​ឆ្លង​នៅ​តាម​សាលារៀន

អាកាសធាតុ​តាម​រដូវ​មិន​មែន​ជា​កត្តា​តែ​មួយដែល​នាំ​ឲ្យ​ករណី​ជំងឺ​ផ្តាសាយ​ធំ​ត្រូវ​ធ្លាក់​ចុះ​នៅ​អឌ្ឍគោល​ខាង​ជើង​ក្នុង​រដូវ​ក្តៅ​នោះ​ទេ។ វិស្សមកាល​នៅ​តាម​សាលាក៏​ជា​កត្តា​មួយ​ដែរ។

លោក Mark Lipsitch នាយក​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​ការ​វិវត្ត​នៃ​ជំងឺ​ឆ្លង​នៅ​សាកល​វិទ្យាល័យ​ Harvard ក្នុង​សហរដ្ឋ​អាមេរិក ថ្លែង​ថា ករណី​ឆ្លង​នៃ​ជំងឺ​ផ្តាសាយ​ធំ​អុតស្វាយ​ កញ្ជ្រិល​ និងជំងឺ​ផ្លូវ​ដង្ហើម​ផ្សេង​ទៀត ចាប់​ផ្តើម​កើន​ឡើង​នៅ​ពេល​ចូល​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី។ ហើយ​ចំនួន​ឆ្លង​នេះ​ចាប់​ផ្តើម​ធ្លាក់​ចុះ​វិញ​នៅពេល​ចូល​ដល់​វិស្សមកាល​រដូវ​ក្តៅ​នៅ​ពាក់​កណ្តាល​ឆ្នាំ។

នៅ​ពេល​នេះ​ មាន​សាលារៀន​ជា​ច្រើន​បាន​សម្រេចផ្អាក​ការ​សិក្សា​ទាំង​អស់​ នៅ​ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​កូរ៉ូណា។ ប៉ុន្តែ​គេ​មិន​ច្បាស់​ថា វិធានការ​នេះ​នឹង​ជួយ​ទប់ទល់​ការ​ឆ្លង​បាន​កម្រិត​ណា​ទេ។

បើ​ទោះ​បី​ជា​កុមារ​ភាគ​ច្រើន​ហាក់​ដូច​ជា​មិន​ងាយ​ធ្លាក់​ខ្លន​ឈឺ​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺកូវីដ១៩​ក៏​ដោយ ក៏​កុមារ​អាច​ផ្ទុក​និង​ចម្លង​វីរុស​នេះ​បន្ដ​ទៅ​ទៀត។ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​កុមារ​ដើរ​តួ​កម្រិត​ណា​ក្នុង​ការ​ចម្លង​វីរុស​ដែល​រាតត្បាត​ជា​សាកល​នេះ។

លោក Mark Lipsitch បាន​សរសេរ​នៅ​ក្នុង​គេហទំព័រ​នៃ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​ការ​វិវត្ត​នៃ​ជំងឺ​ឆ្លង​នៅ​សាកលវិទ្យាល័យ​ Harvard ថា៖ «ការ​យល់​ច្បាស់​អំពី​ស្ថានភាព​នេះ​ជា​រឿង​សំខាន់ ប្រសិន​បើ​យើង​ចង់​ដឹង​ថា​តើ​ការ​បិទ​សាលា​អាច​ជួយ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩​ដែរ​ឬ​ទេ និង​ដើម្បី​នឹង​អាច​ទស្សន៍ទាយ​បន្ត​ថា តើ​វិស្សមកាល​រដូវ​ក្តៅ​នឹង​អាច​ជួយ​ទប់ស្កាត់​ការ​ឆ្លង​ក្នុង​កម្រិត​ណា​នោះ»។​

វីរុស​កើត​ជា​ថ្មី​តាម​រដូវ​កាល

លោក Lipsitch បាន​សរសេរ​បន្ត​ថា មូលហេតុ​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​វីរុស​រាតត្បាត​ជា​សាកល​កូវីដ១៩​មិន​ងាយ​បាត់​ទៅ​វិញ​គឺ​ដោយសារ «វីរុស​ថ្មី​មាន​ប្រៀប​បណ្តោះ​អាសន្ន​តែ​សំខាន់​មួយ​ទៀត​គឺ​មិនមាន​ជន​ណា​ ឬ​មាន​មនុស្ស​តិចតួច​ប៉ុណ្ណោះក្នុង​ចំណោម​ប្រជាជន​ដែលប្រព័ន្ធ​ការពារ​ក្នុង​រាងកាយ​របស់​ពួក​គេ​បាន​ស៊ាំ​នឹង​វីរុស​ថ្មី​នេះ»។

ការណ៍​នេះ​មាន​ន័យ​ថា មិន​មាន​កត្តា​អ្វី​អាច​ទប់ទល់​នឹង​វីរុស​ថ្មី​នេះ​បាន​ទេ ទោះ​បី​អាកាសធាតុ​ក្តៅ​អាច​ទប់​ខ្លះ​ក៏​ដោយ។

ទោះ​ជា​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ត្រូវ​ធ្លាក់​ចុះ​នៅ​ក្នុង​រដូវ​ក្តៅ​ពាក់​កណ្តាល​ឆ្នាំ​នេះ​ក្តី ក៏​ជំងឺ​នេះ​អាចឆ្លង​ជា​ថ្មី​ទៀត​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​ចុង​ឆ្នាំ និង​កើត​មក​វិញ​នៅ​រដូវ​ស្លឹកឈើ​ជ្រុះឆ្នាំ​បន្តបន្ទាប់​ទៀត។ ដោយ​អាស្រ័យ​ទៅ​លើ​កត្តា​ថា​តើ​ប្រព័ន្ធ​ការពារ​ក្នុង​ខ្លួន​របស់​អ្នក​ជំងឺកូវីដ១៩ ខ្លាំង​កម្រិត​ណា​និង​ថា​តើ​ពួក​គេ​ងាយ​ជា​សះស្បើយ​កម្រិត​ណា​នោះ ជំងឺ​កូវីដ១៩​អាច​ជា​ជំងឺ​ដែល​កើត​ថ្មី​តាម​រដូវកាល។ នេះ​បើ​យោង​តាម​ការ​សិក្សាមួយ​ដែល​លោក Lipsitch បាន​ចូល​រួម​ដឹកនាំ​ស្រាវជ្រាវ។

ស្ថានការណ៍​នេះ​ធ្វើ​ឲ្យ​ការបង្កើតវ៉ាក់សាំង​ការពារ​និង​ការ​រក​ឃើញវិធី​ព្យាបាល​រឹត​តែ​សំខាន់៕

ប្រែសម្រួល​ដោយ​លោក សឹង សុផាត