សហរដ្ឋអាមេរិក ប្រហែលមានការបាត់បង់យ៉ាងច្រើន ប្រសិនបើខ្លួនចូលរួមខ្លាំងពេកទៅក្នុងរឿងចម្រូងចម្រាស់នេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំថ្លែងថា៖ «យើងចង់ឲ្យប្រទេសកាតាវិលត្រឡប់មកចូលរួមក្នុងចំណោមប្រទេសដែលមានការសាមគ្គីភាពនិងការទទួលខុសត្រូវ»។
លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ជាថ្មីម្តងទៀតបានរិះគន់ប្រទេសកាតាដែលជាប្រទេសដ៏តូចនិងសម្បូរប្រេងថាជាអ្នកផ្តល់ថវិកាដ៏សំខាន់មួយដល់ក្រុមភេរវជន។ ក៏ប៉ុន្តែ ប្រទេសកាតាជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក ហើយមូលដ្ឋានទ័ពអាកាស al Udeid របស់ប្រទេសនោះជាបន្ទាយទទួលបុគ្គលិកយោធាដ៏ធំបំផុតរបស់អាមេរិកនៅក្នុងតំបន់មជ្ឈឹមបូព៌ា។ លោក Michael O’Hanlon នៃវិទ្យាស្ថាន Brookings បាននិយាយថា៖ «យើងនិយាយអំពីយន្តហោះចំបាំងដែលកំពុងហោះពីលើប្រទេសអ៊ីរ៉ាក់និងស៊ីរីដើម្បីទម្លាក់គ្រាប់បែក។ យើងនិយាយពីយន្តហោះស៊ើបការណ៍ទាំងអស់ដែលកំពុងវាយតម្លៃទីដៅហើយនឹងការវាយប្រហារកាលពីពេលមុន។ យើងកំពុងពិភាក្សាអំពីទីបញ្ជាការទ័ពអាកាសនិងការត្រួតពិនិត្យយន្តហោះដើម្បីធ្វើឲ្យប្រាកដថា យើងមិនប៉ះទង្គិចជាមួយយន្តហោះរបស់ប្រទេសរុស្ស៊ីនិងស៊ីរីដោយចៃដន្យហើយនឹងតាមមើលប្រទេសអ៊ីរ៉ង់និងប្រទេសផ្សេងទៀត»។
លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Rex Tillerson បានជំរុញឲ្យប្រទេសកាតាដោះស្រាយការជាប់ទាក់ទិនក្នុងការផ្តល់ហិរញ្ញវត្ថុដល់ភេរវជន ហើយបាននិយាយទៀតថា ប្រទេសដែលបិទខ្ទប់ប្រទេសកាតា ចាំបាច់បញ្ឈប់។ លោករដ្ឋមន្រ្តីការបរទេសអាមេរិក Tillerson ថ្លែងថា៖ «ការបិទខ្ទប់កំពុងរារាំងសកម្មភាពយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់និងការធ្វើយុទ្ធនាការប្រឆាំងនឹងក្រុមរដ្ឋឥស្លាម ISIS»។
លោករដ្ឋមន្រ្តីការបរទេសអាមេរិក Tillerson ហាក់ដូចជាបានបង្ហាញនូវភាពផ្ទុយគ្នាពីសេចក្តីថ្លែងការណ៍របស់ក្រសួងការពារប្រទេសអាមេរិកដែលអះអាងថា កិច្ចប្រតិបត្តិ ការប្រឆាំងក្រុមរដ្ឋឥស្លាមមិនរងផលប៉ះពាល់ដោយសារជម្លោះនៅក្នុងតំបន់ទេ។
ក្រោយពីសុន្ទរកថារបស់លោករដ្ឋមន្រ្តីការបរទេសអាមេរិក Tillerson ក្រសួងការពារប្រទេសសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍ថ្មីមួយដោយនិយាយថា ខណៈដែលកិច្ចប្រតិបត្តិការមិនបានត្រូវបង្អាក់ឬកាត់បន្ថយ ស្ថានភាពនេះកំពុងរារាំងសមត្ថ ភាពយោធាសម្រាប់ការរៀបចំផែនការរយៈពេលយូរ។
ក្រសួងការពារប្រទេសអាមេរិកបានប្រាប់ឲ្យដឹងថា ខ្លួនមានផែនការបម្រុងទុកមួយចំនួន បើសិនជាកងទ័ពនិងយន្ត ហោះរបស់ខ្លួនចាំបាច់ចាកចេញពីប្រទេសនៅតំបន់ឈូងសមុទ្រពែកនេះ។ លោកឧត្តមសេនីយឯកចូលនិវត្តន៍ Thomas Spoehe នៃមូលនិធិ Heritage Foundation បាននិយាយថា៖ «យើងមិនស្ថិតក្នុងស្ថានការណ៍ដូចកាលពីឆ្នាំ២០០៣ទេ។ មានជម្រើសផ្សេងៗទៀតនៅពេលឥឡូវនេះដែលមិនស្ថិតនៅទីនោះកាលពី១០ឆ្នាំមុនទេ»។
ក៏ប៉ុន្តែ ពួកអ្នកវិភាគយល់ស្របថា ទោះបីជាមានផែនការបម្រុងទុកដ៏ល្អបំផុត ក៏កិច្ច ប្រតិបត្តិការប្រឆាំងភេរវកម្មក្នុងតំបន់ទំនងនិងអាចជួបនិងការបង្អាក់ដំណើរដែរពីព្រោះការផ្លាស់ប្តូរនិងសម្ភារទាំងអស់នោះ អាចចំណាយពេលរាប់សិបខែដែរ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន