ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​អាជ្ញាពិសេស​ស៊ើបអង្កេត​លើ​លោក​ Trump ទាក់ទង​នឹង​ការ​រារាំង​ក្នុង​ការ​ទទួល​បាន​យុត្តិធម៌


លោក Dan Coats (រូប​ឆ្វេង) ប្រធាន​ផ្នែក​ស៊ើបអង្កេត​ជាតិ ទៅ​ដល់​វិមាន​សភា Capitol Hill កាលពី​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧។
លោក Dan Coats (រូប​ឆ្វេង) ប្រធាន​ផ្នែក​ស៊ើបអង្កេត​ជាតិ ទៅ​ដល់​វិមាន​សភា Capitol Hill កាលពី​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧។

ការ​ស៊ើបអង្កេត​របស់​រដ្ឋ​អាជ្ញាពិសេស​អំពី​ឥទ្ធិពលរបស់​រុស្ស៊ី​លើ​ការ​បោះឆ្នោត​ស.រ.អា.​កាល​ពី​ឆ្នាំ​ទៅ​មិញ​ និង​អំពី​លទ្ធភាព​នៃ​ការ​ភ្ជាប់​ទាក់ទង​ជាមួយយុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​ប្រធានាធិបតី​ Donald Trump បាន​ពង្រីក​ដោយ​មាន​រួម​បញ្ចូល​ទាំង​ការ​ពិនិត្យ​មើល​ថា​តើ​លោក​ប្រធានាធិបតី​បាន​រាំង​ខ្ទប់​យុត្តិធម៌​ ឬ​ទេ។

ការ​លាត​ត្រដាង​នេះ​ធ្វើ​ឡើង​កាលពី​យប់​ថ្ងៃ​ពុធ​នៅ​ក្នុង​អត្ថបទ​បោះពុម្ព​ផ្សាយ​ដោយ​កាសែត​ Washington Post កាសែត New York Times និង​ Wall Street Journal ផ្អែក​លើ​ការ​រៀបរាប់​ដោយ​ពួក​មនុស្ស​ដែល​បាន​ដឹង​អំពី​ការ​ស៊ើបអង្កេត​នេះ។​

សារព័ត៌មាន​ទាំង​នេះ​បាន​និយាយ​ថា​លោក Robert Mueller រដ្ឋ​អាជ្ញា​ពិសេស​គ្រោង​នឹង​សម្ភាសន៍​លោក Dan Coats នាយកផ្នែក​ស៊ើបការណ៍​សម្ងាត់​ជាតិ លោក Michael Rogers នាយក​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ ​និង​លោក​ Richard Ledgett អតីត​នាយក​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​ហៅ​កាត់​ថា​ NSA។​

បើ​តាមរបាយ​ការណ៍​របស់​កាសែត​ Washington Post និង​ Wall Street Journal ថា​លោក Ledgett បាន​សរសេរ​អនុស្សារណៈ​មួយ​ពណ៌នា​ការ​ហៅ​ទូរស័ព្ទ​មួយ​របស់ Trump ទៅ​កាន់លោក Coats ដែល​នៅ​ក្នុង​នោះ​លោក​ប្រធានាធិបតី​បាន​សុំ​ឱ្យ​លោក Coats និយាយ​ជា​សាធារណៈ​ថា​ក្រុម​អ្នក​ឃោសនា​បោះឆ្នោតឱ្យ​លោក​មិន​បាន​ឃុបឃិត​ជាមួយ​រុស្ស៊ី​ទេ។

កាសែត​ Washington Post បាន​ផ្សាយ​ថា​ Trump បាន​ស្នើសុំ​ស្រដៀង​គ្នា​នេះ​ដែរ​នៅ​ក្នុង​ការ​ហៅ​ទូរស័ព្ទ​មួយ​ទៅ​កាន់​លោក Rogers។​

លោក Mark Corallo អ្នក​នាំ​ពាក្យ​របស់​មេធាវី​ផ្ទាល់​ខ្លួន​របស់​ Trump បាន​និយាយ​ថា «ការ​បន្លេច​ព័ត៌មាន​ដោយ​ FBI ទាក់ទិន​នឹង​លោក​ប្រធានាធិបតី​ជា​ការ​ទ្រគោះយង់ឃ្នង​ជាខ្លាំង ជា​ការ​មិន​អាច​អត់ឱន​ឱ្យ​បាន​ទេ និង​ជា​ការ​ខុស​ច្បាប់​ផង​ដែរ»។

អ្នកស្រី​ Ronna McDaniel ប្រធាន​គណៈកម្មាធិការ​ជាតិ​នៃ​គណបក្ស​សាធារណរដ្ឋ​បាន​រិះគន់​អត្ថបទ​នេះ​ក្នុង​កាសែត Washington Post ថា​ជា​«ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន» មួយ៕

XS
SM
MD
LG