ស្ថាបនិកគេហទំព័រ WikiLeaks លោក Julian Assange បានត្រឡប់ទៅប្រទេសកំណើតរបស់លោកវិញនៅអូស្ត្រាលី តាមយន្តហោះជួលពិសេស ហើយបានលើកកណ្តាប់ដៃអបអរសាទរ ខណៈដែលអ្នកគាំទ្ររបស់លោកបានអបអរសាទរកាលពីថ្ងៃពុធ គឺមានរយៈពេលតែប៉ុន្មានម៉ោង បន្ទាប់ពីលោកបានសារភាពកំហុសតាមកិច្ចព្រមព្រៀងជាមួយក្រសួងយុត្តិធម៌ពីបទបានទទួល និងបោះពុម្ពផ្សាយឯកសារសម្ងាត់យោធារបស់សហរដ្ឋអាមេរិក។
រដ្ឋអាជ្ញាបានបញ្ចប់សំណុំរឿងនោះដែលអូសបន្លាយពេលយ៉ាងយូរ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានAP។
មេធាវីរបស់លោក Assange អ្នកស្រី Jennifer Robinson បាននិយាយថា លោក Assange បានប្រាប់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅក្នុងការហៅទូរស័ព្ទពីអាកាសយានដ្ឋាននៃរដ្ឋធានី Canberra ថា អន្តរាគមន៍របស់រដ្ឋាភិបាលអូស្ត្រាលីបានជួយសង្គ្រោះជីវិតរបស់លោកពីការកាត់ទោសនៅក្នុងតុលាការសហរដ្ឋអាមេរិក។
លោក Assange បានឱបប្រពន្ធគឺអ្នកស្រី Stella Assange និងឪពុកឈ្មោះ John Shipton ដែលកំពុងរង់ចាំនៅលើកន្លែងចុះយន្តហោះ ប៉ុន្តែបានជៀសវាងមិនជួបអ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយដែលបានរៀបចំតិចជាងពីរម៉ោង បន្ទាប់ពីលោកបានចុះចត។
លោក Assange ត្រូវបានគេចោទប្រកាន់ថាបានទទួល និងបោះពុម្ពផ្សាយកំណត់ហេតុសង្គ្រាមរាប់សែនសន្លឹកនិងខ្សែអាត់ការទូត ដែលរួមបញ្ចូលព័ត៌មានលម្អិតនៃការប្រព្រឹត្តខុសឆ្គងរបស់យោធាអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន។
សកម្មភាពរបស់លោកបានទាក់ទាញការគាំទ្រពីអ្នកតស៊ូមតិដើម្បីសេរីភាពសារព័ត៌មាន ដែលបានសាទរតួនាទីរបស់លោកក្នុងការបង្ហាញអាកប្បកិរិយាយោធាឲ្យគេបានដឹង ហើយដែលអាចត្រូវបានបិទបាំង និងការព្រមានពីផលប៉ះពាល់ដ៏អាក្រក់មកលើអ្នកសារព័ត៌មាន។
សំណុំរឿងនេះបានឈានដល់ការបញ្ចប់ដ៏គួរឲ្យភ្ញាក់ផ្អើលមួយក្នុងស្ថានភាពមិនធម្មតាមួយជាមួយនឹងលោក Assange ដែលពេលនេះមានអាយុ ៥២ ឆ្នាំ បន្ទាប់ពីលោកបានចូលសារភាពទទួលកំហុសក្នុងតុលាការស្រុករបស់សហរដ្ឋអាមេរិកប្រចាំក្នុងទីក្រុង Saipan រដ្ឋធានីនៃកោះ Mariana ខាងជើង ដោយសារទីនោះនៅជិតនឹងប្រទេសអូស្ត្រាលីដែលជាប្រទេសកំណើតរបស់លោក Assange ហើយបានបំពេញតាមបំណងរបស់លោកដែលជៀសវាងមិនចង់ចូលទៅក្នុងទ្វីបអាមេរិក។
គេមិនទាន់ដឹងច្បាស់ទេថាលោក Assange នឹងទៅណាទៀតបន្ទាប់ពីទីក្រុង Canberra និងផែនការអនាគតរបស់នោះទេ។ ភរិយារបស់លោកដែលមានអាជីពជាមេធាវី ហើយមានដើមកំណើតអាហ្វ្រិកខាងត្បូង និងជាម្តាយរបស់កូនទាំងពីររបស់លោក ឈ្មោះអ្នកស្រី Stella Assange បានស្ថិតនៅក្នុងប្រទេសអូស្ត្រាលីជាច្រើនថ្ងៃរង់ចាំការដោះលែងនោះ។
មេធាវីរបស់លោក Julian Assange ម្នាក់ទៀតគឺលោក Barry Pollack រំពឹងថា កូនក្តីរបស់លោកនឹងបន្តយុទ្ធនាការដោយសំឡេងខ្លាំងៗ៕