ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថាបនិក​គេហទំព័រ WikiLeaks លោក Julian Assange ចេញ​ពី​កា​រលាក់ខ្លួន​ទៅ​ចូល​សារភាព​នៅ​តុលាការ​អាមេរិក​ដើម្បី​ជា​ថ្នូរ​នឹង​សេរីភាព


ស្ថាបនិកគេហទំព័រ WikiLeaks លោក Julian Assange សម្លឹងមើល​ទៅក្រៅ​កញ្ចក់​យន្តហោះ ពេលយន្តហោះសំចតនៅក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។ ( Wikileaks via X/via REUTERS)
ស្ថាបនិកគេហទំព័រ WikiLeaks លោក Julian Assange សម្លឹងមើល​ទៅក្រៅ​កញ្ចក់​យន្តហោះ ពេលយន្តហោះសំចតនៅក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។ ( Wikileaks via X/via REUTERS)

យន្តហោះ​មួយ​គ្រឿង​ដែល​ដឹក​លោក Julian Assange ​បាន​ចុះចត​នៅក្នុង​ទីក្រុង​បាងកក ​កាលពី​ថ្ងៃអង្គារ ​ដើម្បី​ចាក់សាំង​មុន​នឹង​បន្ត​ដំណើរ​ទៅកាន់​សហរដ្ឋ​អាមេរិក ​ដើម្បី​ធ្វើ​កិច្ចព្រមព្រៀង​ទទួល​កំហុស​មួយ​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​ដែលនឹង​នាំឱ្យ​លោក​មាន​សេរីភាព​និង​បញ្ចប់​ករណី​ផ្លូវ​ច្បាប់​ដែលបាន​អូស​បន្លាយជាច្រើន​ឆ្នាំ​កន្លងមកនេះជាប់​ពាក់ព័ន្ធ​នឹង​ការចុះផ្សាយ​ឯកសារ​សម្ងាត់​ជាច្រើន។

យន្តហោះ​ជួល​មួយ​គ្រឿង​ពី​ទីក្រុង​ឡុងដ៍ ​ដែល​ភរិយា​របស់​លោក Assange ​បាន​បញ្ជាក់​ថា ​ដឹក​ស្វាមី​របស់​អ្នកស្រី​នោះ ​បាន​ចុះចត​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ Don Mueang ។ ក្រុម​មន្ត្រី​នៅ​ទីក្រុង​បាងកក ​បាន​ប្រាប់​ទីភ្នាក់ងារ​សារ​ព័ត៌មាន AP ​ថា​ យន្តហោះ​នោះ​គ្រោង​នឹង​បន្ត​ដំណើរ​ទៅកាន់​រដ្ឋធានី ​Saipan ​នៃ​ប្រជុំកោះ ​Northern Mariana ​ដែល​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​សហរដ្ឋ​អាមេរិក ​នៅ​តំបន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ​ដែល​នៅទីនោះ​លោក​ Assange ​ត្រូវគេ​រំពឹង​ថា​នឹង​បង្ហាញ​ខ្លួន​នៅមុខ​តុលាការ​នៅ​ថ្ងៃពុធ។

លោក​ត្រូវគេ​រំពឹង​ថា​នឹង​សារភាព​ទោសកំហុសនៅ​ក្នុង​បទចោទ​ប្រកាន់​មួយ ​ក្នុង​ច្បាប់​លួច​ព័ត៌មាន​ការពារ​ជាតិដោយ​ខុសច្បាប់​ ហើយ​ចែកចាយ​ព័ត៌មាន​សម្ងាត់​ពាក់ព័ន្ធ​ជាមួយ​ការ​ការពារ​ជាតិ។​ នេះ​បើ​តាម​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​បញ្ជាក់​នៅក្នុង​លិខិត​មួយ​ច្បាប់​ដែល​ដាក់​ក្នុង​តុលាការ។

លោក Assange ​ត្រូវគេ​រំពឹង​ថា​នឹង​ត្រឡប់​ទៅកាន់​ប្រទេស​កំណើត​របស់​លោកនៅ​អូស្ត្រាលី ​បន្ទាប់​ពី​ការទទួល​កំហុស​និង​ការកាត់ទោស។ សវនាការ​របស់​លោក​នឹង​ធ្វើ​នៅ​រដ្ឋធានី Saipan ​ដោយសារ​លោក Assange ​មិន​ព្រម​ធ្វើ​ដំណើរ​ទៅកាន់​សហរដ្ឋ​អាមេរិក ​និង​ដោយសារ​តុលាការ​នេះនៅជិត​ប្រទេស​អូស្ត្រាលី​ផង។​ នេះបើ​តាម​ការបញ្ជាក់​របស់​ក្រុម​រដ្ឋអាជ្ញា។

ក្រុមមន្ត្រី​តុលាការ​ចក្រភព​អង់គ្លេស ​បាន​បញ្ជាក់​ថា ​លោក Assange ​បាន​ចាកចេញ​ពី​ចក្រភព​អង់គ្លេស ​កាលពី​ល្ងាច​ថ្ងៃចន្ទ ​ក្រោយពី​បាន​ទទួល​ការអនុញ្ញាត​ឱ្យ​នៅ​ក្រៅឃុំ ​នៅក្នុង​សវនាការ​សម្ងាត់​មួយ ​កាលពី​សប្តាហ៍​មុន។

កិច្ចព្រមព្រៀង​ទទួល​កំហុស​នេះ ​នាំឱ្យ​មាន​ការបញ្ចប់​ករណី​ឧក្រិដ្ឋកម្ម​មួយ​ដែល​នាំឱ្យ​មាន​ការចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ពិភពលោក ​ហើយ​បញ្ចប់​កិច្ចប្រឹងប្រែង​អស់ពេល​រាប់ឆ្នាំ​របស់​សហរដ្ឋ​អាមេរិក ​ដើម្បី​ដាក់ទោស​បណ្ណាធិការរូបនេះ ​ដែល​មាន​គេហទំព័រ​ចែកចាយ​ព័ត៌មាន​សម្ងាត់ដ៏មាន​ប្រជាប្រិយ​ ភាព​ដែល​បានធ្វើឱ្យ​លោក​ក្លាយជា​មនុស្ស​ល្បី​ម្នាក់ ​ក្នុង​ចំណោម​អ្នកគាំទ្រ​សេរីភាព​សារព័ត៌មាន​ ដែល​បាន​និយាយ​ថា ​លោក​បានដើរតួរ​ជា​អ្នកសារព័ត៌មាន​ម្នាក់ ​ដែល​បង្ហាញ​ឱ្យ​ឃើញ​នូវ​អំពើ​ខុសឆ្គង​របស់​យោធា​សហរដ្ឋ​អាមេរិក។

ផ្ទុយទៅវិញ ​ក្រុម​រដ្ឋអាជ្ញា​សហរដ្ឋ​អាមេរិក​បាន​អះអាង​ជាច្រើន​លើក​ច្រើន​សារ​ថា​ សកម្មភាព​របស់​លោកបានបំពានច្បាប់ ​ហើយ​បាន​ធ្វើឱ្យ​មាន​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG