ការសម្រេចចិត្តរបស់រដ្ឋាភិបាលហ្វីលីពីនដើម្បីស្តារកិច្ចព្រមព្រៀងស្តីពីទស្សនកិច្ចយោធាជាមួយកងទ័ពសហរដ្ឋអាមេរិកបន្ទាប់ពីការគំរាមកំហែងរយៈពេល៨ខែថានឹងបោះបង់ចោលកិច្ចព្រមព្រៀងនោះបង្ហាញថា រដ្ឋាភិបាលក្រុងប៉េកាំងមិនបានផ្តល់ឲ្យបានគ្រប់គ្រាន់ដល់ហ្វីលីពីនដើម្បីរក្សាមិត្តភាពឬមិនបានធ្វើឲ្យពលរដ្ឋហ្វីលីពីនទូទៅរំភើប។ នេះតាមអ្នកវិភាគ។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិកលោក Lloyd Austin ទៅកាន់ទីក្រុងម៉ានីលកាលពីថ្ងៃទី២៩ខែកក្កដា លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីនបានប្រកាសថាលោកនឹងបន្តសន្ធិសញ្ញាស្តីពីទស្សនកិច្ចយោធាជាមួយកងទ័ពសហរដ្ឋអាមេរិកដែលមានចំណាស់២២ឆ្នាំនេះ។លោក Duterte បាននិយាយចាប់តាំងពីខែកុម្ភៈឆ្នាំ២០២០ថា លោកមានគម្រោងបញ្ចប់កិច្ចព្រមព្រៀងនោះ។
ក្រុមអ្នកជំនាញនិយាយថា លោក Duterte ដែលបានកាន់តំណែងនៅឆ្នាំ២០១៦បានដឹងថា ចិននឹងមិនធ្វើទៅតាមការសន្យានៅឆ្នាំនោះអំពីការផ្តល់ជំនួយនិងការវិនិយោគទុនចំនួន៣៣ពាន់លានដុល្លារនៅប្រទេសនេះដែលស្រេកឃ្លានចង់បានការរីកចម្រើនដ៏ឆាប់រហ័សនិងហេដ្ឋារចនាសម្ព័ន្ធ។
អ្នកវិភាគនិយាយថា ជម្លោះនៅក្នុងខែមីនានិងមេសាអំពីទូករបស់ចិនចំនួន២២០គ្រឿងនៅតំបន់ថ្មប៉ប្រះទឹកដែលប្រទេសទាំង២មានជម្លោះនោះបានធ្វើឲ្យក្រុមមន្ត្រីហ្វីលីពីននៅក្នុងទីក្រុងម៉ានីលកាន់តែរកាំចិត្តដោយបានរំឭកពួកគេអំពីជម្លោះអធិបតេយ្យភាពដែនទឹកទ្រង់ទ្រាយធំជាងនេះជាមួយរដ្ឋាភិបាលក្រុងប៉េកាំង។
បណ្តាញព័ត៌មានក្នុងស្រុកបានរាយការណ៍កាលពីឆ្នាំទៅថា ក្នុងចំណោមប្រាក់ដែលចិនសន្យាឱ្យរដ្ឋាភិបាលក្រុងម៉ានីលនោះមានតែ៤,៧ពាន់លានដុល្លារប៉ុណ្ណោះបានទៅដល់ក្រុងម៉ានីលនៅត្រឹមដើមឆ្នាំ២០១៩។
កិច្ចព្រមព្រៀងទស្សនកិច្ចយោធានេះអនុញ្ញាតការលក់អាវុធការចែករំលែកព័ត៌មានសម្ងាត់និងការពិភាក្សាលើកិច្ចប្រតិបត្តិការយោធា។កិច្ចព្រមព្រៀងនោះអនុញ្ញាតឲ្យកងទ័ពសហរដ្ឋអាមេរិកចេញចូលទឹកដីហ្វីលីពីនដើម្បីធ្វើសមយុទ្ធយោធាដែលមានគោលបំណងធ្វើកិច្ចការសន្តិសុខក្នុងតំបន់និងកិច្ចការមនុស្សធម៌នៅហ្វីលីពីន។ វិធានការទាំងនោះទ្រទ្រង់សន្ធិសញ្ញាឆ្នាំ១៩៥១ស្តីពីការការពារគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ៕