ហេតុ​ដូច​ម្តេច​បាន​ជា​វចនានុក្រម ​Merriam-Webster​ កែប្រែ​និយម​ន័យ​នៃ​ពាក្យ​«រើស​អើង​ពូជ​សាសន៍»​

«Black Lives Matter» ត្រូ​វ​បាន​គេ​សរសេរ​នៅ​លើផ្លូវ​ Fulton Street ក្នុង​ទីក្រុង Brooklyn ទីក្រុងញូវយ៉កកាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ២០២០។

ការ​ស្លាប់​បុរស​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​ម្នាក់​នៅ​ពេល​ត្រូវ​ឃាត់​ខ្លួន​ដោយ​ពួក​ប៉ូលិស​នៅ​ក្នុង​ក្រុង​ Minneapolis​ រដ្ឋ​ Minnesota​ កាល​ពី​ថ្ងៃ​ទី២៥​ខែ​ឧសភាបាន​នាំ​ឱ្យ​មាន​ប្រតិកម្ម​ច្រើន​នៅ​ទូទាំង​ស.រ.អា.​ដោយ​មាន​រួម​បញ្ចូល​ទាំង​សំណួរ​មួយ​អំពី​និយម​ន័យ​នៃ​ពាក្យ​ថា«រើស​អើង​ពូជសាសន៍»​ដែល​មាន​នៅ​ក្នុង​វចនានុ​ក្រម​សំខាន់​មួយ​ផង​ដែរ។​

បណ្ណាធិការ​នៃ​វចនានុក្រម​ភាសា​អង់គ្លេស​ Merriam-Webster​ ដែល​មាន​ប្រើ​នៅ​ក្នុង​ថ្នាក់​រៀនការិយាល័យ​និង​បណ្ណាល័យ​ក្នុង​ស.រ.អា.​បាន​ប្រកាស​ថា​ពួក​គេ​នឹង​កែ​សម្រួល​ឲ្យ​ល្អ​ប្រសើរ​ជាង​មុន​នូវ​និយម​ន័យ​នៃ​ពាក្យ​«រើស​អើង​ពូជសាសន៍»​នៅ​ក្នុង​ការ​បោះពុម្ព​ផ្សាយ​វចនានុក្រម​នេះ​ដោយ​មាន​រួម​បញ្ចូល ទាំង​ទស្សនៈ​នៃ​ការ​«រើស​អើង​ពូជសាសន៍»​ជា​ប្រព័ន្ធ​ផង​ដែរ។​

សកម្មភាព​នេះ​កើត​មាន​ឡើង​ក្រោយ​ពី​មាន​សំណួរ​របស់​ពួក​និស្សិត​ដែល​បាន​ទទួល​បរិញ្ញា​បត្រ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដែល​បាន​លើក​ឡើង​ទៅ​ពិភាក្សា​ជាមួយ​ផ្នែក​បោះពុម្ព​របស់​វចនានុ​ក្រម​នេះ​ដោយ​បកស្រាយថា​ពាក្យ​នេះ​មាន​បង្កប់​ន័យ​បី​គឺ​មាន​បុរេនិច្ឆ័យមាន​មនោគម​វិជ្ជា​និង​មាន​កម្មវិធី​នយោបាយ។

នៅ​ពេល​បាតុកម្ម​រីក​រាល​ដាល​ក្រោយ​ការ​ស្លាប់​លោក George Floyd ​ដែល​ជា​បុរស​ស្បែក​ខ្មៅ​ដែល​បាន​ស្លាប់​នៅ​ពេល​ឋិត​ក្នុង​ការ​ឃាត់​ខ្លួន​ដោយ​ពួក​ប៉ូលិស​នៅ​ក្នុង​ក្រុង​ Minneapolis រដ្ឋ​Minnesota នោះ​អ្នកស្រី ​Kennedy Mitchum ​ស្ត្រី​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​មក​ពី​ក្រុង Florissant​ រដ្ឋ​ Missouri​ ជា​តំបន់​ជាយ​ក្រុង​ St. Louis ​បាន​សរសេ​អ៊ីម៉ែល​ទៅ​បណ្ណាធិការ​នៃ​វចនានុក្រម​ភាសា​អង់គ្លេស ​Merriam-Webster​ ដោយ​សុំឱ្យ​មាន​ការ​កែប្រែ​ការ​ពណ៌នា​និយមន័យ​នៃ​ពាក្យ​នេះ​ដែល​មាន​រួម​បញ្ចូល​និយមន័យ​នៃ​ការរើស​អើង​ពូជ​សាសន៍​ជា​ប្រព័ន្ធ​ផង​ដែរ​។

អ្នកស្រី​ Kennedy Mitchum ​ដែល​បាន​ទទួល​បរិញ្ញា​បត្រ​ពី​សាកល​វិទ្យាល័យ​ Drake ​បាន​សរសេរ​ទៅ​កាន់​ពួក​បណ្ណាធិការ​ថា៖​«ពាក្យ​រើស​អើង​ពូជ​សាសន៍​មិន​គ្រាន់​តែ​មាន​ន័យ​បុរេនិច្ឆ័យ​ប្រឆាំង​នឹង​ពូជសាសន៍​ណាមួយ​ដោយ​សារ​ពណ៌​សម្បុរ​ស្បែក​របស់​មនុស្ស​ម្នាក់​ទេ។ ​វា​ជាបុរេនិច្ឆ័យ​រួម​ផ្សំ​ជា​មួយ​អំណាច​សង្គម​និង​អំណាចស្ថាប័ន។​ វា​ជា​ប្រព័ន្ធ​មួយ​នៃ​ការ​ទាញ​យក​អត្ថប្រយោជន៍​ដោយ​ផ្អែក​លើ​ពណ៌​សម្បុរ​ស្បែក»។​

អ្នកស្រី​ Kennedy Mitchum ​បាន​និយាយ​ប្រាប់​កាសែត​ Des Moines Register ​ ក្នុង​រដ្ឋ ​Iowa​ថា៖​« ខ្ញុំ​មាន​អារម្មណ៍​ថា​មនុស្ស​ច្រើន​នាក់​នៅ​ទូទាំង​ប្រទេស​មិន​យល់​អំពី​ទំហំ​នៃ​ការ​រើសអើង​ពូជ​សាសន៍​និង​ជម្រៅ​នៃ​ការ​រើសអើង​ពូជ​សាសន៍​ហើយ​បញ្ហា​នេះ​រួម​បញ្ចូល​ទាំង​វចនានុក្រុម​នេះ​ផង​ដែរ»។​

បណ្ណាធិការ​នៃ​វចនានុក្រម​ភាសាអង់គ្លេស​ Merriam-Webster ​បាន​យល់​ព្រម​កែ​ប្រែ​ការ​ពន្យល់​និយម​ន័យ​បច្ចុប្បន្ន​របស់​ពាក្យ​នេះ​ដោយ​កត់​សម្គាល់​ថាពាក្យ​រើសអើង​ពូជសាសន៍​មាន​ភាព​សាំញ៉ាំ​ជាង​ការ​ជឿ​របស់​បុគ្គល​ម្នាក់។

លោក​ Alex Chambers ​ដែល​ជា​បណ្ណាធិការ​ម្នាក់​នៃ​វចនានុក្រម​នេះ​បាន​និយាយ​ប្រាប់​អ្នក​ស្រី​Mitchum​ ថា៖​«ជា​និច្ច​កាល​ខណៈ​យើង​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​ការ​ឆ្លុះ​បញ្ចាំង​ពិត​ប្រាកដ​នៃ​ការ​ប្រើ​ពាក្យ​មួយ​ដោយ​មិន​បង្កប់​គំនិត​អ្វី​មួយ​នោះយើង​បាន​សន្និដ្ឋាន​ថា​ការ​មិន​បាន​គិត​ដល់​ប្រព័ន្ធ​ទិដ្ឋភាព​ការ​រើសអើង​ពូជ​សាសន៍​នោះ​វា​នាំ​ឲ្យ​មាន​ការ​យល់​ឃើញ​ថា​ពាក្យ​នេះ​មាន​បង្កប់​គំនិត​អ្វីមួយ»។​

លោក​ Chambers​ បាន​និយាយ​ថា​និយម​ន័យ​ពាក្យ​នេះ​បាន​ត្រូវ​សើរើ​ជា​ថ្មី​«នៅ​ពេល​យើង​ឃើញ​ថាភាសាមាន​ការផ្លាស់​ប្តូរ​ខ្លាំង»។​

កញ្ញា ​Regina Brennan ​ជា​និស្សិត​ជាន់​ខ្ពស់​នៅ​ឯ​សាកល​វិទ្យាល័យ​កាតូលិក​នៃ​ប្រទេស​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​និង​ជា​អ្នក​ចុះធ្វើ​កម្ម​សិក្សា​ជាមួយ​លោក ​Robert Casey ​សមាជិក​ព្រឹទ្ធ​សភា​ស.រ.អា.​ប្រចាំ​រដ្ឋ​ Pennsylvania​ គាំទ្រ​និយម​ន័យ​ថ្មី​នៃ​ពាក្យ​នេះ។​

កញ្ញា​ Brennan ​បាន​និយាយ​ថា​ការ​ឱ្យ​និយម​ន័យយ​ថ្មី​ដល់​ពាក្យ​នេះ​បញ្ជាក់​អំពី​ការ​យល់​ដឹង​ជាង​មុន​អំពី​ការ​រើស​អើង​ពូជ​សាសន៍​ដែល​ជា​មេរៀន​មួយ​ជា​ជាង​ប្រកាន់​ខ្ជាប់​គោល​ការណ៍​មួយ។​

កញ្ញា​ Regina Brennan ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​សម្ភាសន៍​មួយ​ជា​មួយ​វីអូអេ​ថា​៖​«ខ្ញុំ​តែង​តែ​មាន​អារម្មណ៍​ចង់​រំឭក​ថា​ការ​រើសអើង​ពូជសាសន៍ដូចជា​បញ្ហា​យែនឌ័របញ្ហា​ប្រាក់កាស​និង​បញ្ហា​ទំនាក់​ទំនង​ខាងសេដ្ឋកិច្ច​ដែរ​គឺ​ជាទស្សនៈ​ផ្អែក​លើ​វប្បធម៌​មាន​កំណើត​ក្នុង​ការ​ជឿ​និង​ការ​អនុវត្តន៍​ហើយ​វា​មិន​មាន​មូលដ្ឋាន​ខាងវិទ្យាសាស្ត្រ​ទេ»។​

កញ្ញា​ Brennan ​បាន​និយាយ​ថា​ទោះ​ណា​ជា​មនុស្ស​ខ្លះ​ប្រហែល​យល់​ឃើញ​ថាការ​រើសអើងពូជ​សាសន៍​ជា​«អំពើ​បិសាច»​ក៏​ដោយក៏​មនុស្ស​ជា​ច្រើន​មិន​បាន​ពិចារណា​ថា​តើ​វា​ជ្រាប​ចូល​ក្នុង​សង្គម​តាម​របៀប​ណា​ទេ។ កញ្ញា​បាន​និយាយ​យោង​ដល់​ប្រព័ន្ធ​យុត្តិធម៌​និង​បរិស្ថាន​រើសអើង​ពូជ​សាសន៍។​

កញ្ញា​ថ្លែង​ថា​៖ «ប្រព័ន្ធ​វិសមភាព​ទាំង​នេះ​មិន​មែន​កើត​ឡើង​ដោយ​ចៃដន្យ​ទេ។​ ប្រព័ន្ធ​ទាំង​នេះ​បាន​ត្រូវ​បង្កើត​ឡើង»។​

កញ្ញា​ Natalie Dodson ​ជា​អ្នក​បាន​ទទួល​បរិញ្ញា​បត្រ​ថ្មីៗ​ពី​សាកល​វិទ្យាល័យ​ Dallas​ ក្នុង​រដ្ឋ Texas។​ កញ្ញា​បាន​និយាយ​ថា​កញ្ញា​មាន​យោបល់​ផ្ទុយ​ពី​និយម​ន័យ​ថ្មី​នៃ​ពាក្យ​នេះ។​

កញ្ញា​ Natalie Dodson​ បាន​ពន្យល់​ថា៖​«ខ្ញុំ​យល់​ថា​ការ​រើស​អើង​ពូជ​សាសន៍​បាន​ត្រូវ​បង្កើត​នៅ​ក្នុង​ប្រព័ន្ធ​របស់​យើង​ក្នុង​កម្រិត​មួយ»។​ ក៏​ប៉ុន្តែ​នាង​បាន​និយាយ​ថា​នាង​ក៏​មាន​ជំនឿ​ដែរ​ថា​ជួនកាល​«ការ​បែក​បាក់​គ្រួសារ»​បណ្តាល​ឱ្យ​មាន​ឱកាស​នៃ​ការ​រើសអើង​ពូជ​សាសន៍​ជា​ប្រព័ន្ធ​ដូច​ជា​«ប្រាក់​ចំណូល​ទាប​និង​បញ្ហា​ក្នុង​ផ្ទះ​សម្បែង​កាន់​តែ​ធ្ងន់ធ្ងរ»។​

កញ្ញា​ Brennan​ និង​កញ្ញា​ Dodson​ ជា​ជន​ស្បែក​ស។​

លោក ​Peter Sokolowski​ ជា​បណ្ណាធិការ​គោចរ​នៃ​វចនានុក្រម​ភាសា​អង់គ្លេស ​Merriam-Webster។​ លោក​បាន​និយាយ​ថា​និយម​ន័យ​ដែល​ធ្វើ​ឱ្យ​ទាន់​សម័យ​នឹង​មាន​រួម​បញ្ចូល​ឧទាហរណ៍​ជាក់​លាក់​នៃ​ការ​រើស​អើង​ពូជ​សាសន៍​ជា​ប្រព័ន្ធ​ផង​ដែរ។​

លោក​ Chambers​ បាន​ពោល​ថា​ការ​ពណ៌នា​និយម​ន័យ​ឯ​ទៀតៗ​ក៏​ត្រូវការ​ការ​សើរើ​ជា​ថ្មី​ដែរ​ដោយសារ​មាន​ការ​ទាក់​ទិន​ជាមួយ​ការ​រើស​អើង​ខាង​ពូជ​សាសន៍៕​

ប្រែសម្រួល​ដោយ​លោក ​ឈឹម​ សុមេធ​