ហ្វីលីពីន​ជំរុញ​ម៉ាឡេស៊ី​ឲ្យ​សហការ​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម​នៅ​សមុទ្រ Sulu

  • Ralph Jennings

លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Mahathir Mohamad និងលោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ចាប់ដៃស្វាគមន៍គ្នា មុននឹងថ្លែងរួមគ្នានៅក្នុងសន្និសីទសារព័ត៌មានមួយ នៅវិមានរដ្ឋាភិបាល Malacanang នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩។

ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បាន​កោត​សរសើរ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Mahathir Mohamad ដែល​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ហ្វីលីពីន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ប្រទេស​ម៉ាឡេស៊ី​ធ្វើ​បាន​ល្អ​នៅ​ក្នុង​ការ​រក្សា​សន្តិភាព​នៅ​តំបន់​ចលាចល​ដែល​សំបូរ​អ្នក​កាន់​សាសនា​ឥស្លាម​រស់នៅ ហើយ​លោក​រំពឹង​ថា​នឹង «មាន​កិច្ចការ​ល្អ​បន្ថែម​ទៀត‍» នៅ​ពេល​ខាង​មុខ។

ទោះបីជា​លោក Duterte សរសើរ​លោក Mohamad និង​សរសើរ​អំពី​មិត្តភាព​ទ្វេភាគី​រយៈពេល​វែង​រវាង​ប្រទេស​ហ្វីលីពីន និង​ម៉ាឡេស៊ី​ក៏​ដោយ ក៏​ប្រទេស​ទាំង​ពីរ​នៅតែ​ប្រើប្រាស់​សមុទ្រ Sulu រួម​គ្នា។ អ្នកជំនាញ​ខ្លះយល់ថា​ សមុទ្រ Sulu នេះ ជា​សមុទ្រ​ដ៏​គ្រោះថ្នាក់​បំផុត​នៅ​ទ្វីប​អាស៊ី។

សមុទ្រ Sulu ដែល​ស្ថិត​នៅ​ចន្លោះ​ខេត្ត Sabah របស់​ប្រទេស​ម៉ាឡេស៊ី និង​កោះ​ចុង​ខាង​ត្បូង​បំផុត​នៃ​ប្រទេស​ហ្វីលីពីន នៅតែ​ជា​សមុទ្រ​គ្មាន​សុវត្ថិភាព ដោយសារតែ​ក្រុម​ឥស្លាម​ទាមទារ​ស្វ័យភាព​មួយ​ក្រុម ដែល​មាន​ទំនាក់ទំនង​នឹង​អតីត​តំបន់​ដែល​គ្រប់គ្រង​ដោយ​មេដឹកនាំ​ឥស្លាម បាន​គ្រប់គ្រង​សមុទ្រ​នោះ​យ៉ាង​មាន​ប្រសិទ្ធភាព។ ដោយសារតែ​ហេតុ​នេះ​ហើយ​បានជា​នាវា​របស់​កង​សន្តិសុខ​នានា​មាន​ការ​លំបាក​ក្នុង​ការ​បញ្ឈប់​ឧក្រិដ្ឋកម្ម​កើន​ឡើង​ពិត​ប្រាកដ​ជា​ច្រើន ដែល​តែងតែ​កើត​ឡើង​នៅ​ឯ​សមុទ្រ​នោះ។

អ្នកស្រី Maria Ela Atienza សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ University of the Philippines និយាយ​ថា៖ «វា​ជា​តំបន់​មួយ ដែល​មិន​សូវ​មាន​ការ​ល្បាត​ត្រួត​ពិនិត្យ​មើល​ញឹកញាប់។ តំបន់​នោះ​មាន​ចន្លោះ​ប្រហោង​ច្រើន​ណាស់។ វា​ជា​តំបន់​មួយ ដែល​ជា​ទម្លាប់ មនុស្ស​មិន​ទទួល​ស្គាល់​ព្រំដែន​ជាតិ​នោះ​ទេ ដូច្នេះ​វា​ងាយស្រួល​នឹង​ឆ្លងកាត់​ណាស់‍»។

អ្នក​សិក្សា​ស្រាវជ្រាវ​នានា​និយាយ​ថា ជន​ចំណាក​ស្រុក​ខុស​ច្បាប់ អ្នក​ជួញដូរ​គ្រឿង​ញៀន អ្នក​រត់ពន្ធ​អាវុធ ចោរ​សមុទ្រ និង​ពួក​ភេរវជន​នានា តែងតែ​ធ្វើ​ដំណើរ​តាម​សមុទ្រ​នេះ។

ការ​គ្រប់គ្រង​តាម​ព្រឹត្តិន័យ

ក្រុម​ឥស្លាម​ក្នុង​ស្រុក​មួយ ដែល​គាំទ្រ​ដោយ​ជន​អំបូរ Tausug បាន​គ្រប់គ្រង​ពិត​ប្រាកដ ឬ​គ្រប់គ្រង​តាម​ព្រឹត្តិន័យ​អស់​រយៈពេល​រាប់​រយ​ឆ្នាំ​មក​ហើយ លើ​តំបន់​ភាគ​ឦសាន​នៃ​កោះ Borneo។ នៅ​ពេល​បច្ចុប្បន្ន​នេះ តំបន់​នេះ​ភាគ​ច្រើន​គឺ​ជា​ដែនដី​របស់​ប្រទេស​ម៉ាឡេស៊ី ហើយ​បណ្ដា​កោះ​នានា​របស់​ប្រទេស​ហ្វីលីពីន​ស្ថិត​នៅ​ជ្រុង​ម្ខាង​នៃ​សមុទ្រ Sulu ទំហំ ២ សែន ៦ ម៉ឺន​គីឡូម៉ែត្រ​ការ៉េ​នេះ។

អង្គការ​នយោបាយ​មួយ​ដែល​មាន​ឈ្មោះ​ថា Sultanate of Sulu បាន​គ្រប់គ្រង​តំបន់​មាត់​សមុទ្រ​នេះ​ភាគ​ច្រើន​តាំង​ពី​ឆ្នាំ ១៥៧៨ មក ប៉ុន្តែ ឥទ្ធិពល​របស់​ក្រុម​នេះ​បាន​ថមថយ បន្ទាប់ពី​ប្រទេស​ហ្វីលីពីន​បាន​ឈប់​ទទួល​ស្គាល់​មេដឹកនាំ​ឥស្លាម​របស់​ក្រុម​នេះ​នៅ​ក្នុង​ទសវត្ស ១៩៧០។

រដ្ឋាភិបាល​ម៉ាឡេស៊ី​នៅតែ​បង់​ថ្លៃ​ជួល​ដល់​កូនចៅ​តំបន់​ដែល​គ្រប់គ្រង​ដោយ​មេដឹកនាំ​ឥស្លាម​នេះ ប៉ុន្តែ​មាន​សិទ្ធិ​គ្រប់គ្រង​ផ្នែក​រដ្ឋបាល​លើ​ដែនដី​នេះ​នៅ​ផ្នែក​របស់​ខ្លួន​នៃ​សមុទ្រ Sulu។

ការ​បាត់បង់​ការ​គ្រប់គ្រង​នយោបាយ​របស់​ពួក​ឥស្លាម​បាន​បង្ក​ឲ្យ​មាន​ភាព​ចលាចល​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន ដោយ​បាន​ធ្វើ​ឲ្យ​មនុស្ស​ប្រហែល ១ សែន ២ ម៉ឺន​នាក់​ស្លាប់​បាត់បង់​ជីវិត​តាំង​ពី​ទសវត្ស ១៩៦០ មក។

តាំង​ពី​ឆ្នាំ ២០១៧ មក ទាំង​ប្រទេស​ម៉ាឡេស៊ី និង​ទាំង​ប្រទេស​ហ្វីលីពីន បាន​ចាប់ផ្ដើម​ធ្វើ​ទំនើបកម្ម​ទាហាន​ជើង​ទឹក​របស់​ខ្លួន។ ប៉ុន្តែ អ្នក​វិភាគ​នានា​បាន​និយាយ​ថា ពួកគេ​ខ្វះ​កម្លាំង​នៅ​ក្នុង​ការ​បញ្ចប់​ឧក្រិដ្ឋកម្ម។

កង្វះ​ការ​ក្ដោបក្ដាប់​អំណាច​លើ​សមុទ្រ Sulu នេះ មាន​ន័យ​ថា​នឹង​មាន «ផល​វិបាក​ធ្ងន់ធ្ងរ​សម្រាប់​ស្ថិរភាព​នៅ​ក្នុង​តំបន់‍»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Enrico Cau អ្នក​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​តៃវ៉ាន់​ដើម្បី​ការ​សិក្សា​យុទ្ធសាស្ត្រ​អន្តរជាតិ (Taiwan Center for International Strategic Studies)។

អ្នកស្រី Atienza បាន​និយាយ​ថា៖ «ទាហាន​ជើង​ទឹក​តែងតែ​មាន​ការ​ខ្វះខាត​ទាក់ទិន​នឹង​រឿង​ថវិកា និង​រឿង​ការ​គាំពារ​ផ្សេងៗ‍»។

មជ្ឈមណ្ឌល​ចែក​រំលែក​ព័ត៌មាន ReCAAP ដែល​ជា​អង្គការ​ផ្ទុក​ទិន្នន័យ​ក្នុង​តំបន់ បាន​កត់ត្រា​ហេតុការណ៍​ពិត​ប្រាកដ ឬ​ក៏​ហេតុការណ៍​ដែល​ប៉ុនប៉ង​ឡើង​ចំនួន ៧ ករណី នៅ​ក្នុង​សមុទ្រ Sulu និង​សមុទ្រ Celebesកាល​ពី​ឆ្នាំ ២០១៧ និង​ឆ្នាំ ២០១៨ ដោយ​ធ្វើ​ឲ្យ​សមុទ្រ​ទាំង​នេះ​ក្លាយជា​ផ្លូវ​ទឹក​អន្តរជាតិ​ដ៏​គ្រោះ​ថ្នាក់​បំផុត​នៅ​ក្នុង​ទ្វីប​អាស៊ី​នៅ​ក្នុង​អំឡុង​ពេល​នោះ។

លោក Ramon Casiple នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​នយោបាយ និង​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត (Institute for Political and Electoral Reform) ដែល​ជា​អង្គការ​តស៊ូ​មតិ​មួយ​នៅ​ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន និយាយ​ថា៖ «ជា​ការពិត​ណាស់ បញ្ហា​គឺ​ថា ជន​អំបូរ Tausug គ្មាន​ព្រំដែន​ពិត​ប្រាកដ​ទេ។ ជា​ធម្មតា ពួកគេ​មិន​ប្រើ​លិខិត​ឆ្លង​ដែន​ទេ។ ពួកគេ​អាច​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​បាន​រវាង​រដ្ឋ Sabah នៃ​ប្រទេស​ម៉ាឡេស៊ី និង​ខេត្ត Tawi Tawi និង​ខេត្ត Sulu នៃ​ប្រទេស​ហ្វីលីពីន‍»។

ការ​ធ្វើ​ដំណើរ​នៅ​ទូទាំង​សមុទ្រ Sulu ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​នេះ បាន​ធ្វើ​ឲ្យ​ប្រទេស​ហ្វីលីពីន​ចាប់​អារម្មណ៍​កាល​ពី​ឆ្នាំ ២០១៧ នៅ​ពេល​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​រក​ឃើញ​ថា ជនជាតិ​ម៉ាឡេស៊ី និង​ជនជាតិ​ឥណ្ឌូនេស៊ី​បាន​ចូលរួម​វាយ​ប្រយុទ្ធ​ជាមួយ​នឹង​ពួក​ឧទ្ទាម​ឥស្លាម​នៅ​ទីក្រុង Marawi នៃ​ប្រទេស​ហ្វីលីពីន ដែល​នៅ​ក្បែរ​នោះ។ ទាហាន​ហ្វីលីពីន​បាន​វាយ​ប្រយុទ្ធ​ជាមួយ​នឹង​ពួក​ឧទ្ទាម​ទាំង​នោះ​អស់​រយៈពេល ៥ ខែ ដោយ​បាន​ធ្វើ​ឲ្យ​មនុស្ស​ប្រហែល ១ ពាន់ ១ រយ​នាក់​ស្លាប់​បាត់បង់​ជីវិត។

កាល​ពី​ខែ​មករា ក្រុម​ឧទ្ទាម​ឥស្លាម​ក្នុង​ស្រុក​មួយ​ដែល​គាំទ្រ​ដោយ​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម​បាន​ចេញ​មុខ​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់​បែក ដែល​បាន​សម្លាប់​មនុស្ស ២០ នាក់ និង​ធ្វើ​ឲ្យ​មនុស្ស ១១១ នាក់​រង​របួស នៅ​ឯ​ព្រះ​វិហារ​គ្រិស្តសាសនា​មួយ​កន្លែង​នៅ​ក្នុង​ខេត្ត Sulu។

កិច្ច​ប្រឹងប្រែង​រួម​គ្នា​ដើម្បី​បង្កើន​សុវត្ថិភាព​នៅ​ឯ​សមុទ្រ

មន្ត្រី​រដ្ឋាភិបាល​នៃ​ប្រទេស​ម៉ាឡេស៊ី ហ្វីលីពីន និង​ឥណ្ឌូនេស៊ី បាន​ពិភាក្សា​គ្នា​យ៉ាង​ហោច​ណាស់​ក៏​ចាប់តាំង​ពី​ទសវត្ស ១៩៩០ មក​ដែរ អំពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​តំបន់​ជាប់​សមុទ្រ និង​បង្កើន​សន្តិសុខ​រួម​គ្នា​នៅ​ឯ​សមុទ្រ។

កាល​ពី​ខែ​មិថុនា ឆ្នាំ ២០១៧ ប្រទេស​ទាំង ៣ បាន​ធ្វើ​ការ​ល្បាត​ដែន​សមុទ្រ​រួម​គ្នា​ចេញ​ពី​ប្រទេស​ឥណ្ឌូនេស៊ី ហើយ ៥ ខែ​ក្រោយ​មក បាន​ធ្វើ​ការ​ល្បាត​ដែន​អាកាស​រួម​គ្នា​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី។

ប៉ុន្តែ ការ​ផ្លាស់ប្ដូរ​គោល​នយោបាយ​អាទិភាព​ជាតិ​នៃ​ប្រទេស​ទាំង ៣ បន្ទាប់ពី​មាន​ការ​ផ្លាស់ប្ដូរ​ថ្នាក់​ដឹកនាំ​ក្នុង​ប្រទេស​ទាំង​នោះ​មក បាន​បង្អាក់​ដល់​ដំណើរ​វិវឌ្ឍ​ទៅ​មុខ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Song Seng Wun សេដ្ឋវិទូ​នៃ​សាខា​ធនាគារ CIMB នៅ​ក្នុង​ប្រទេស​សិង្ហបុរី។

លោក Song Seng Wun និយាយ​ថា៖ «ខ្ញុំ​គិត​ថា វា​ពាក់ព័ន្ធ​ច្រើន​ទៅ​នឹង​នយោបាយ​ក្នុង​ប្រទេស​ដែល​មាន​ប្រៀប​លើ​គម្រោង​ទាំង​នេះ។ វា​ពិតជា​មាន​ការ​ពាក់ព័ន្ធ​ច្រើន​ទៅ​នឹង​ការ​ផ្លាស់ប្ដូរ​គោល​នយោបាយ​អាទិភាព​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​រៀងៗ​ខ្លួន»។

ប្រទេស​ទាំង ៣ នេះ ប្រហែលជា​មិន​ចង់​ពិភាក្សា​បន្ថែម​អំពី​បញ្ហា​សន្តិសុខ ក្នុង​ករណី​ណា​ដែល​ភាគី​មួយ​មិន​ពេញចិត្ត​ជាមួយ​នឹង​ដំណើរការ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Enrico Cau។

នៅ​ក្នុង​ការ​ប្រជុំ​ជាមួយ​នឹង​លោក Mahathir កាល​ពី​ថ្ងៃ​ទី ៧ ខែ​មិនា កន្លង​ទៅ​នេះ លោក Duterte បាន​ហៅ «ការ​ដោះស្រាយ​បញ្ហា​សន្តិសុខ ជា​ពិសេស​លើ​អំពើ​ភេរវកម្ម ចោរ​ប្លន់​តាម​សមុទ្រ និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ជា​ដើម‍» ថា​ជា​បញ្ហា​ដែល​ប្រទេស​ទាំង​ពីរ​គួរតែ​បន្ត​បង្កើន​ទំនាក់ទំនង​របស់​ពួកគេ។ នេះ​បើ​យោង​តាម​វិបសាយ​ប្រធានាធិបតី​ហ្វីលីពីន។

លោក Duterte ដែល​ជា​អ្នក​មក​ពី​តំបន់ Mindanao បាន​ព្យាយាម​បញ្ឈប់​អំពើ​ហិង្សា​ឥស្លាម​តាំង​ពី​លោក​បាន​ឡើង​កាន់​តំណែង​នៅ​ក្នុង​ឆ្នាំ ២០១៦ មក។

លោក Carl Baker ប្រធាន​កម្មវិធី​នៃ​វេទិកា​ប៉ាស៊ីហ្វិក​របស់​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ CSIS នៅ​ក្នុង​ទីក្រុង Honolulu រដ្ឋ Hawaii សហរដ្ឋ​អាមេរិក និយាយ​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា ការ​ព្រួយ​បារម្ភ​ចម្បង​សម្រាប់​លោក Duterte គឺ​ការ​ព្យាយាម​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​នូវ​លំហ​ដែន​សមុទ្រ​រវាង​ប្រទេស​ម៉ាឡេស៊ី និង​តំបន់ Mindanao‍»៕

ប្រែ​សម្រួល​ដោយ ភី សុភាដា