អង្គការ​សុខភាព​ពិភពលោក​ថា​ខ្លួន​ខ្វះ​ថវិកា​​៩០០​លាន​ដុល្លារ​ទៀត​ដើម្បី​ប្រយុទ្ធ​នឹង​កូវីដ១៩

អគ្គលេខាធិការ​​​ WHO លោក Tedros Adhanom Ghebreyesus ចូលរួម​ក្នុង​កិច្ចប្រជុំ​លើក​ទី១៤៧​នៃ​គណៈកម្មាធិការ​ប្រតិបត្តិ​ដែល​ធ្វើ​ឡើង​ដោយ​តាមរយៈ​វីដេអូ កាលពី​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។

អគ្គលេខាធិការអង្គការ​សុខភាព​ពិភពលោក​ WHO កាលពី​ថ្ងៃ​សុក្រ​បាន​ថ្លែង​ប្រាប់​ក្រុម​ប្រឹក្សាភិបាល​នៃអង្គការ​អន្តរជាតិ​នេះ​ថា​ WHO នៅ​ខ្វះ​ថវិកា​ចំនួន​៩០០​លាន​ដុល្លារ​ដើម្បី​អាច​ឆ្លើយ​តបនឹង​វិបត្តិ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​បាន។

អគ្គលេខាធិការ​ WHO លោក Tedros Adhanom Ghebreyesus បាន​ថ្លែង​យ៉ាង​ដូច្នេះ​នៅ​ពេល​លោក​សរុប​ការងារ​ប្រយុទ្ធ​នឹង​កូវីដ​១៩​ នៅ​ក្នុង​កិច្ចប្រជុំតាម​អនឡាញ​ដំបូងឲ្យ​ក្រុមប្រឹក្សាភិបាល​របស់ WHO ដែល​ទើប​បាន​ជ្រើស​រដ្ឋមន្ត្រី​សុខាភិបាល​ឥណ្ឌា​ធ្វើ​ជា​ប្រធាន។

លោក Tedros បញ្ជាក់​ថា​មក​ទល់​នឹង​ពេល​នេះ អង្គការ​សុខភាព​ពិភពលោក​បានផលិត​បណ្តុំ​ឯកសារ​ណែនាំនិង​ឯកសារ​បច្ចេកទេស​នានា​អំពី​ជំងឺ​កូវីដ១៩​សរុប​ជិត​១០០​ឯកសារ។ លោក​ថា WHO ក៏​បានធ្វើ​សន្និសីទ​សារព័ត៌មាន​ជាង​៥០​ដង និង​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ដូច​ជា​ Facebook Google និង Instagram ដើម្បី​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែង​បន្លំ​ទាក់ទង​នឹង​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា។

លោក​ថា​ចាប់​តាំង​ពី​ខែ​កុម្ភៈ​មក WHO បាន​ធ្វើ​ការ​ជាមួយ​អ្នកស្រាវជ្រាវ​៤០០​នាក់​ជុំវិញ​ពិភពលោក​ដើម្បី​ពិនិត្យ​មើល​ការ​ព្យាបាល​សាកល្បង​ចំនួន​៧០០​កម្មវិធី៕