ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

មេដឹកនាំ​នានា​នៅ​អឺរ៉ុប​រួម​គ្នា​រៃ​អង្គាស​ថវិកា​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩


រូបឯកសារ៖ ប្រធាន​គណៈកម្មាធិការ​សហភាព​អឺរ៉ុប អ្នកស្រី Ursula von der Leyen ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ បន្ទាប់​ពី​សន្ទនា​តាម​វីដេអូ​ជាមួយ​​ក្រុម​មេដឹក​នាំ​អឺរ៉ុប នៅ​ឯ​អគារ​ក្រុមប្រឹក្សា​អឺរ៉ុប ក្នុង​ទីក្រុង​ប្រ៊ុយសែល ប្រទេស​ប៊ែលហ្សិក កាល​ពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២០។

មេដឹកនាំ​នានា​នៅ​ទ្វីប​អឺរ៉ុប​កំពុង​បង្កើត​អង្គការ​វេជ្ជសាស្ត្រ​អន្តរជាតិ​មួយ​ដើម្បី​រួម​គ្នា​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩។

នៅ​ក្នុង​ការ​ប្រកាស​របស់​ពួកគេ​នៅ​ក្នុង​កាសែត The Independent ពួកគេ​បាន​និយាយ​ថា ពួកគេ​ធ្វើ​តាម​ជំហាន​របស់​លោក «Louis Pasteur ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​ដ៏​អស្ចារ្យ​ម្នាក់​នៅ​លើ​ពិភពលោក និង​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​នៅ​ក្នុង​ការ​បង្កើត​វ៉ាក់សាំង និង​ដំណោះស្រាយ​នានា ដែល​បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​រាប់​លាន​នាក់​អស់​រយៈពេល ៣ សតវត្ស​កន្លង​មក​នេះ»។

ក្រុម​មេដឹកនាំ​ទាំង​នេះ​បាន​និយាយ​ថា៖ «គោល​បំណង​របស់​ពួក​យើង​គឺ​សាមញ្ញ​បំផុត» គឺ​នៅ​ថ្ងៃ​ច័ន្ទ​ស្អែក នឹង​រៃ​អង្គាស​ថវិកា​ឲ្យ​បាន ៨ ពាន់​លាន​ដុល្លារ តាម​រយៈ​យុទ្ធនាការ​រៃ​អង្គាស​ថវិកា​អនឡាញ ដើម្បី​ឧបត្ថម្ភ​ដល់​ការ​ស្វែងរក​វ៉ាក់សាំង និង​ការ​ព្យាបាល​ជំងឺ​កូវីដ១៩។

ក្រុម​មេដឹកនាំ​ដែល​ប្រកាស​ដូច្នេះ​នៅ​ក្នុង​កាសែត The Independent មាន​ដូចជា នាយករដ្ឋមន្ត្រី​អ៊ីតាលី​លោក Giuseppe Conte ប្រធានាធិបតី​បារាំង​លោក Emmanuel Macron អធិការបតី​អាល្លឺម៉ង់​អ្នកស្រី Angela Merkel ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប​លោក Charles Michel នាយករដ្ឋមន្ត្រី​ន័រវេ​អ្នកស្រី Erna Solberg និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​អ្នកស្រី Ursula von der Leyen។

ក្រុម​មេដឹកនាំ​ទាំង​នេះ​បាន​បញ្ជាក់​ថា៖ «រាល់​ថវិកា​មួយ​អឺរ៉ូ ឬ​មួយ​ដុល្លារ​ដែល​យើង​រួម​គ្នា​រៃ​អង្គាស​បាន នឹង​ត្រូវ​បញ្ជូន​ជា​ចម្បង​តាម​រយៈ​អង្គការ​សុខាភិបាល​សាកលលោក​ដែល​គេ​ទទួល​ស្គាល់​នានា​ដូចជា​អង្គការ CEPI អង្គការ Gavi អង្គការ The Vaccines Alliance អង្គការ Global Fund និង​អង្គការ Unitaid ជា​ដើម ដើម្បី​បង្កើត និង​ចែកចាញ​ឲ្យ​បាន​ច្រើន និង​ឆាប់​រហ័ស​តាម​តែ​អាច​ធ្វើ​ទៅ​បាន​នូវ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ ការ​ព្យាបាល និង​វ៉ាក់សាំង ដែល​នឹង​ជួយ​ពិភពលោក​ទាំង​មូល​ឲ្យ​យក​ឈ្នះ​លើ​ជំងឺ​កូវីដ១៩»៕

XS
SM
MD
LG