អង្គការ​សុខភាព​ពិភពលោក​សរសើរ​អេស្ប៉ាញ​ដែល​ជោគជ័យ​លើ​ជំងឺកូវីដ

លោក​ Tedros Adhanom Ghebreyesus ​ប្រធាន​អង្គការ​ WHO។

ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) ​បាន​គោរព​ប្រទេស​អេស្ប៉ាញ​ដែល​ធ្លាប់​តែ​ជា​ចំណុច​ក្តៅ​នៃ​ការ​ឆ្លង​វីរុស​កូរ៉ូណាដែល​បាន​បង្វែ​ទិស​នៃ​ការចម្លង​នេះ​វិញ​បាន​។ លោក​បន្ថែម​ថា ​អេស្ប៉ាញ​បាន​បង្ហាញ ​«ដំណោះស្រាយ​ដ៏ខ្លាំង»​ដែល​«ផ្លាស់​ប្តូរទិស»​នៃ​ការឆ្លង​រាល​ដាល​នៅ​ក្នុង​ប្រទេស​នេះ​បាន។

លោក​ Tedros Adhanom Ghebreyesus ​ប្រធាន​អង្គការ​ WHO ​បាន​និយាយ​កាលពី​ថ្ងៃព្រហស្បតិ៍​ថា​«អេស្ប៉ាញ​បាន​បង្ហាញ​ថា ​ដោយ​មាន​មេដឹកនាំ​នយោបាយ​និង​សកម្មភាព​ហើយ​សហគមន៍គាំទ្រ​ គឺ​គេ​អាច​គ្រប់​គ្រង​លើ​ជំងឺ​កូវីដ​១៩​បាន ដោយ​មិន​គិត​ថា​វីរុស​នោះ​ឆ្លង​ខ្លាំង​ដល់​កម្រិត​ណា​ឡើយ។ ដោយ​ប្តូរ​ពី​ស្ថានភាព​ប្រឈម​មុខ​ខ្លាំង​ គឺ ​ប្រទេស​អេស្ប៉ាញ​បាន​បង្វែរ​ទិសដៅ​នៃ​ការឆ្លងរាលដាល​នេះ»។

នៅចុង​ខែ​មីនា ​និង​ដើមខែ​មេសា ​ប្រទេស​អេស្ប៉ាញ​មាន​អ្នកឆ្លង​វីរុស​១ម៉ឺន​នាក់​ជា​រៀង​រាល់​ថ្ងៃ។

លោក​ Tedros ​បាន​សរសើរ​ទាំងរដ្ឋាភិបាល​និង​ពលរដ្ឋ​អេស្ប៉ាញ​ដែល​ប្រកាន់​ខ្ជាប់​នូវ​វិធានការ​តឹងរ៉ឹង​ក្នុង​នោះ​មាន​ការ​ឃ្លាំមើល​ដ៏​សកម្ម​ ការ​ធ្វើ​តេស្ត​ ការ​តាមដាន​មនុស្ស​ប៉ះ​ពាល់​អ្នក​ឆ្លង​ ការព្យាបាល និង​ការ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពីគេ៕