​អង្គការ​សុខភាព​ពិភពលោកថា ការផ្ទុះ​ឡើង​នូវ​មេរោគ​កូរ៉ូណាមិន​ទាន់​ដល់​កម្រិត​រាល​ដាល​ទេ

ក្រុមអ្នកស្ម័គ្រចិត្តធ្វើការសម្អាតស្ថានីយរថភ្លើងមួយនៅខេត្ត Hunan ប្រទេសចិន បន្ទាប់ពីមានការផ្ទុះឡើងនូវវីរុសកូរ៉ូណា កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។

ថ្វីបើ​ការរកឃើញ​មេរោគ​កូរ៉ូណា​កើនឡើង​នៅ​ក្នុង​ប្រទេស​មួយ​ចំនួនក៏ដោយ អង្គការ​សុខភាព​ពិភព​លោក (WHO) ប្រាប់​ឲ្យ​ដឹង​ថា ការផ្ទុះ​ឡើង​នូវមេរោគ​កូរ៉ូ​ណា​ថ្មីមិនទាន់​ដល់​កម្រិត​រាលដាល​ទេ។

លោកស្រី​វេជ្ជបណ្ឌិត Sylvie Briand នាយក​នៃជំងឺ​ឆ្លង​របស់​អង្គការ​សុខភាព​ពិភពលោកបាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​នៅ​ទីក្រុង​ហ្សឺណែវ​កាលពី​ថ្ងៃ​អង្គារ​ថា ​ការ​ផ្ទុះ​ឡើងនូវជំងឺ​នោះ​ស្ថិត​នៅ​ក្នុង​ដំណាក់​ការ​ជាបន្តបន្ទាប់ ​«ដែលវាមានច្រើន​មុខ​ព្រួញ»។

រហូត​មក​ដល់​ថ្ងៃ​អង្គារ មនុស្ស​យ៉ាងហោច​ណាស់​ ​៤២៥នាក់​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​ចិនដីគោកបាន​ស្លាប់​ដោយ​សារមេរោគកូរ៉ូណា​ចាប់​តាំង​ពីមេរោគ​នោះបាន​ត្រូវគេ​រកឃើញ​មុន​ដំបូង​កាល​ពី​ខែ​ធ្នូ​នៅទីក្រុង​វូហាន​ភាគ​កណ្តាល ​ដោយ​មាន​ចំនួន​មនុស្ស​ឆ្លងលើស​ពី​២ម៉ឺននាក់។ ​មាន​ករណី​នៃ​ជំងឺ​នោះ​ប្រហែល​១៥០ ​នៅ​ក្នុង​ប្រទេស​២៣ ​រួមមាន​ការ​ស្លាប់​ម្នាក់​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ​ដែល​ជា​ការ​ស្លាប់​លើក​ដំបូង​នៅ​ក្រៅ​ប្រទេស​ចិនដីគោក។

ការរាល​ដាល​នៃ​មេរោគ​នោះត្រូវគេ​រកឃើញ​នៅ​ក្នុង​កប៉ាល់​ដឹក​អ្នក​ដំណើរ​កំ​សាន្ត។ អ្នក​ដំណើរ​និង​នាវិកជាង​៣ពាន់​នាក់​នៅ​កប៉ាល់​ដឹក​អ្នក​ដំណើរ​កំសាន្ត​មួយ​គ្រឿង ​បាន​ចត​នៅផ្ទៃទឹក​កំពង់ផែ Yokohama នៃ​ប្រទេស​ជប៉ុនបាន​ត្រូវ​គេ​ដាក់​ឲ្យ​នៅ​ដាច់​ពីគេ ​បន្ទាប់​ពី​អ្នក​ដំណើរ​ម្នាក់បាន​ធ្វើ​តេស្ត​មាន​មេរោគ​នោះ។ អ្នក​ប្រតិបត្តិ​ការកប៉ាល់​ដឹក​អ្នក​ដំណើរ​ Carnival របស់​ជប៉ុននិយាយ​ថា ​អ្ន​ក​ដំណើរ​នោះ​ជា​បុរស​ដែល​មាន​អាយុ​៨០​ឆ្នាំ​ដែល​បានចុះ​ពី​កប៉ាល់​ដឹក​អ្នក​ដំណើរ​កំសាន្តឈ្មោះ Diamond Princess កាល​ពី​ថ្ងៃ​ទី២៥ ខែមករា ​បន្ទាប់​ពី​កប៉ាល់​នោះបាន​ចត​នៅ​ក្នុង​ទីក្រុងហុងកុង។ ​ការ​ចេញ​ដំណើរ​របស់​កប៉ាល់​នោះបាន​ត្រូវ​ពន្យា​ពេល​នៅពេល​ដែល​បុគ្គលិក​សុខាភិ​បាលបាន​ធ្វើ​តេស្ត​អ្នក​ដំណើរ​ទាំងអស់​ចំនួន២ពាន់​ ៦រយ​ ៦៦​នាក់​ហើយ​អ្នក​បើកបរ​និង​អ្នក​ធ្វើការ​នៅ​កប៉ាល់​នោះ​ចំនួន​១ពាន់​៤៥​នាក់។

ក្នុង​ខណៈ​នោះ​ដែរ ​បុគ្គលិក​សុខា​ភិបាល​ក្នុង​ក្រុង​ហុងកុងបាន​ធ្វើ​កូដកម្ម​២​ថ្ងៃ​ជាប់ៗ​គ្នា​កាល​ពី​ថ្ងៃ​អង្គារ​នៅពេល​ដែល​ដែន​ដី​របស់​ចិន​ដីគោក​នោះរាយការណ៍​ពីការ​ស្លាប់​លើក​ទី១​មក​ពី​មេរោគ​កូរ៉ូណា​នេះ។

ក្រុងហុងកុងបាន​បិទចំណុច​ឆ្លងកាត់ព្រំ​ដែន​ដីគោក​និង​សមុទ្រ​ស្ទើរតែទាំងអស់​ជា មួយ​ចិនដីគោក​កាល​ពី​ពាក់កណ្តាល​យប់​ថ្ងៃ​អង្គារ​បន្ទាប់​ពី​បុគ្គលិក​សុខាភិ​បាល​ជាង​២ពាន់​នាក់​បាន​ដើរចេញ​ពីការ​ងារ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទាមទារឲ្យបិទចំណុច​ឆ្លង​កាត់​ព្រំ​ដែន​ទាំងអស់៕