នៅឯកិច្ចប្រជុំរបស់បណ្ដាប្រទេសជាសមាជិកអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី៥ ខែមករាកន្លងទៅនេះ អគ្គនាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus បានជូនព័ត៌មានទាំងល្អ និងមិនល្អអំពីជំងឺកូវីដ១៩។
លោកបាននិយាយថា នៅក្នុងឆ្នាំទី៤ នៃការរាតត្បាតជំងឺកូវីដ១៩ នេះ «ពិភពលោកស្ថិតនៅក្នុងស្ថានភាពប្រសើរជាងកាលពីប៉ុន្មានឆ្នាំមុន ដោយសារតែការគ្រប់គ្រងផ្នែកសុខាភិបាល វ៉ាក់សាំង និងការព្យាបាល។ សម្រាប់មួយភាគធំនៃឆ្នាំមុន អត្រាឆ្លងជំងឺកូវីដ១៩ បានធ្លាក់ចុះ។ ការចាក់វ៉ាក់សាំងបានកើនឡើងនៅជុំវិញពិភពលោក ហើយមានដំណើរវិវឌ្ឍទៅជាបន្តនៅតាមបណ្តាប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យមជាច្រើន»។
ប៉ុន្តែលោកបានព្រមានថា ការគំរាមកំហែងដោយសារជំងឺកូវីដ១៩ នៅតែមាន។
លោកបានថ្លែងដូច្នេះថា៖ «វិសមភាពដ៏ធំនៅក្នុងការទទួលបានការធ្វើតេស្ត ការព្យាបាល និងការចាក់វ៉ាក់សាំងនៅតែមាន។ រាល់សប្តាហ៍ មនុស្សប្រមាណ ១០.០០០ នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩។ ហើយតួលេខពិតប្រាកដទំនងជាខ្ពស់ជាងនេះ»។
លោកបានបន្ថែមថា៖ «ស្ថានភាពរាតត្បាតនៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្នគឺគួរឱ្យព្រួយបារម្ភ។ មានការឆ្លងជំងឺនេះនិងសម្ពាធយ៉ាងខ្លាំងលើប្រព័ន្ធសុខាភិបាល ជាពិសេសនៅតាមតំបន់មានធាតុអាកាសក្តៅល្មមនៅតំបន់អឌ្ឍគោលខាងជើង ហើយវីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទស្រដៀងគ្នានេះកំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័ស»។
លោកបានលើកឡើងថា វីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទ XBB.1.5 កើតចេញពីវីរុសពីរប្រភេទនៃវីរុសកូវីដ១៩ ប្រភេទ BA.2។
លោកបានថ្លែងថា៖ «វីរុសប្រភេទនេះត្រូវបានកំណត់ឃើញដំបូងកាលពីខែតុលា ឆ្នាំ ២០២២។ ឥឡូវនេះ វីរុសនេះត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន ២៩ និងហាក់ដូចជាកំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅតាមភូមិសាស្ត្រមួយចំនួន»។
លោកបានបន្ថែមថា អង្គការសុខភាពពិភពលោកកំពុងតាមដានវីរុសនេះយ៉ាងដិតដល់។
ស្របពេលនេះដែរ លោកបានបញ្ជាក់ថា ប្រទេសចិន «កំពុងប្រឈមនឹងការឆ្លងយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ» ហើយមន្រ្តីអង្គការសុខភាពពិភពលោកបានជួបជាមួយនឹងមន្រ្តីចិនដើម្បីពិភាក្សាអំពីការកើនឡើងនៃករណីឆ្លងនិងការសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់អ្នកជំងឺកូវីដ១៩៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា