អង្គការ WHO អំពាវនាវ​ឱ្យមាន​ការចេញចូល​ដោយ​មិន​មាន​ការ​រារាំង​សម្រាប់​បុគ្គលិក​សុខាភិបាល និង​ការ​ដឹកជញ្ជូន​បរិក្ខារពេទ្យ​ទៅ​ក្នុង​តំបន់ Gaza

ក្រុមសកម្ម​ប្រយុទ្ធ​ពី​ក្រុម Izzedine al-Qassam Brigades ដែល​ជា​សាខា​យោធា​របស់​ក្រុម Hamas ជិះរថយន្ត​ដែល​មាន​បំពាក់​ដោយ​កាំភ្លើង ខណៈពេល​ពួកគេ​ដង្ហែក្បួន​តាម​ដងផ្លូវ​ក្នុង​ជំរំជន​ភៀសខ្លួន Nusseirat នៅ​តំបន់ Gaza Strip កាលពី​ថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១។

អង្គការ​សុខភាព​ពិភពលោក​ (WHO) កំពុង​អំពាវនាវ​ឱ្យ​មាន​ការ​ចេញ​ចូល​ដោយ​មិន​មាន​ការ​រារាំង​ទៅ​ក្នុង​តំបន់ Gaza ដើម្បី​ផ្តល់​ថ្នាំ​ចាំបាច់ និង​ការ​ព្យាបាលជំងឺ​ដល់​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​ដែល​ជាប់​ក្នុង​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ក្រុម Hamas ដែល​មាន​រយៈពេល​១១ថ្ងៃ។

ជម្លោះ​ហិង្សា​នៅ​ក្នុង​តំបន់ Gaza រវាង​អ៊ីស្រាអែល និង​ក្រុម​ឥស្លាម​ជ្រុល​និយម Hamas បាន​សម្លាប់​មនុស្ស​រាប់រយ​នាក់ បង្ក​ឱ្យ​មនុស្ស​រាប់ពាន់​នាក់​រងរបួស និង​ខូចខាត​យ៉ាង​ដំណំ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ រួម​ទាំង​មណ្ឌល​សុខភាព​ផង​ដែរ។

អង្គការ​សុខភាព​ពិភពលោក​ (WHO) ថា មណ្ឌល​សុខភាព​ចំនួន ៣០ កន្លែង​ត្រូវ​បាន​បំផ្លាញ​ រួម​ទាំង​ការ​បំផ្លិចបំផ្លាញ​គ្លីនិក​ថែទាំ​សុខភាព​បឋម Hala Al-Shawa ផង​ដែរ។ អង្គការ WHO និយាយ​ថា តំបន់ Gaza មាន​ថ្នាំ​ចាំបាច់​តែ ៤៦% ប៉ុណ្ណោះ និង​មាន​បរិក្ខារ​វេជ្ជសាស្ត្រ​ចាំបាច់​តែ ៣៣% ប៉ុណ្ណោះ​នៅ​ក្នុង​ស្តុក។

មន្ត្រី​អង្គការ​សហប្រជាជាតិ​ដែល​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​តំបន់ Gaza នា​ពេល​ថ្មីៗ​នេះ​បាន​ព្រមាន​ថា ការ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​បញ្ចេញ​កាក​សំណល់​រាវ​នៅ​ក្នុង​ប្រទេស​នេះ​ បង្ក​ឲ្យ​ទឹក​កខ្វក់​ចេញ​ពី​លូ​ជាច្រើន​ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ ដែល​បង្ក​ឲ្យ​មាន​ការ​បំពុល​ និងប៉ះពាល់​ដល់​សុខភាព ។

អ្នកស្រី Fadela Chaib អ្នក​នាំពាក្យ​អង្គការ WHO និយាយ​ថា វា​មាន​សារៈសំខាន់​ណាស់ក្នុង​ការ​បើក​ឱ្យ​មាន​ការ​ឆ្លង​កាត់​ព្រំដែន​រវាង​អ៊ីស្រាអែល និង​តំបន់ Gaza ដើម្បី​អនុញ្ញាត​ឱ្យ​ជំនួយ​មនុស្សធម៌ ​បរិក្ខារពេទ្យ និង​សម្ភារៈ​នានា​សម្រាប់​ការ​អភិវឌ្ឍ ​ចូល​ទៅក្នុង​ទឹកដី​ប៉ាឡេស្ទីន។

អ្នកស្រី Fadela Chaib បាន​ថ្លែង​ថា៖ «អង្គការ WHO កំពុង​អំពាវនាវ​ឱ្យ​មាន​ការ​ចេញចូល​ដោយ​មិន​មាន​ការ​រារាំង ដើម្បី​ដឹក​ជញ្ជូន​សម្ភារៈចាំបាច់ ​ជំនួយ​មនុស្សធម៌ និង​អនុញ្ញាតឲ្យ​បុគ្គលិក​ចូល​ទៅ​ក្នុង​តំបន់ Gaza និង​ដឹក​អ្នក​ជំងឺ​ចេញ​ពី​តំបន់ Gaza ដើម្បីយក​ទៅ​ព្យាបាល​ជួយ​សង្គ្រោះ​ជីវិត។ យើង​មាន​អ្នក​ជំងឺ​ប្រមាណ៦០០នាក់​ត្រូវ​ដឹក​ចេញ​ទៅ​ព្យាបាល។ ការ​បិទ​មិន​ឲ្យ​មាន​ការ​ឆ្លង​កាត់​នេះ ​ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​ខាង​ក្រៅ​បាន»។

អ្នកស្រី Chaib ថ្លែង​ថា មនុស្ស​ចំនួន ៦០០ នាក់​ដែល​ត្រូវ​បញ្ជូន​ចេញ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុងប្រទេស​អ៊ីស្រាអែល​រួម​មាន​អ្នក​ជំងឺ​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ដូចជា​ជំងឺ​មហារីក និង​អ្នក​ដែល​ត្រូវ​របួស​ក្នុង​ពេល​មាន​ជម្លោះ​ហិង្សា​នា​ពេល​ថ្មីៗ​នេះ។

អង្គការ WHO កំពុង​អំពាវនាវ​ស្វែងរក​ទឹកប្រាក់​ចំនួន ៧ លាន​ដុល្លារ​អាមេរិក​ ដើម្បី​ផ្តល់​ការ​ថែទាំ​ផ្នែក​វេជ្ជសាស្ត្រ​ចាំបាច់​នៅ​ក្នុង​តំបន់ Gaza ក្នុង​រយៈពេល​ ៦ ខែ​ខាង​មុខ។ អាទិភាព​នៃ​ទឹក​ប្រាក់​ជំនួយ​នេះ​រួម​មាន​ការជួយ​សង្គ្រោះ​បន្ទាន់ ​សុខភាព​ផ្លូវ​ចិត្ត និង​សេវាកម្ម​ផ្នែក​ចិត្តសាស្ត្រ​សង្គម៕

ប្រែសម្រួលដោយអ្នកស្រី ស៊ូ ពេជ្រចិន្តា