អង្គការ WHO កោះ​ហៅ​ឲ្យ​មាន​ការ​ជម្លៀស​អ្នកមាន​ជំងឺ និង​រងរបួស​ពី​ក្រុង​ Aleppo

រូបភាព​ផ្តល់​ឲ្យ​ដោយ​ក្រុម​ជួយសង្រ្គោះ​មួកពណ៌ស​ បង្ហាញ​ពី​ក្រុម​អ្នក​ជួយសង្រ្គោះ​នៅ​កន្លែង​រងការ​វាយប្រហារ​តាម​អាកាស​នៅ​តំបន់ al-Sakhour នៅ​ភាគ​ខាង​កើត​ ក្រុង Aleppo ប្រទេស​ស៊ីរី កាល​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៦។

អង្គការ​សុខភាព​ពិភពលោក​ហៅ​កាត់ថា​ WHO បានអំពាវ​នាវ​ឱ្យមានការ​ជម្លៀស​ជា​បន្ទាន់នូវ​មនុស្សមានជំងឺ​និង​រងរបួស​រាប់រយ​នាក់ចេញ​ពី​ប៉ែក​ខាង​កើត​នៃ​ក្រុង Aleppo ក្នុង​ប្រទេសស៊ីរី។

អង្គការ​ WHO ស្ទង់ប្រមាណ​ថា​ កុមារ​មានប្រមាណ​មួយ​ភាគបី​នៃ​ពួក​ជន​ស៊ីវិល​ដែល​បាន​ស្លាប់ និង​ត្រូវ​របួស​កាល​ពី​ពីរ​សប្តាហ៍​មុននេះ។

លោក Rick Brennan នាយក​ផ្នែក​គ្រាមាន​អាសន្ននៃ​អង្គការ WHO បាននិយាយ​ថា «ស្ថានការណ៍​មិន​អាចវាស់វែង​បានទេ។ បើ​តាម​ពួកមន្ត្រី​សុខាភិបាល​នៅ​ទី​នោះ​ថា​ មានមនុស្ស​៣៣៨​នាក់​បាន​ស្លាប់កាល​ពី​ពីរ​អាទិត្យ​មុននេះ​ដោយ​សារ​ការ​ទម្លាក់គ្រាប់បែក​ ដោយ​មាន​រួម​បញ្ចូល​ទាំង​កុមារ​១០៦​នាក់ផង​ដែរ។ ​មនុស្ស​៨៤៦​នាក់ទៀត​បានត្រូវ​របួស​ដោយមានរួម​បញ្ចូល​ទាំង​កុមារ​២៦១នាក់ផង​ដែរគឺ​ជិតមួយ​ភាគបី​នៃ​អ្នក​រង​របួស​ទាំង​អស់»។

លោក​ប្រធានាធិបតី​ស.រ.អា​បារ៉ាក់អូបាម៉ា​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ដល់ «ការ​វាយ​ប្រហារ​តាម​អាកាស​ដ៏​ព្រៃ​ផ្សៃ​របស់​កង​យន្តហោះ​ចម្បាំង​រុស្សី​ និង​របស់​របបគ្រប់គ្រង​ស៊ីរី» លើ​ក្រុម​ជន​ស៊ីវិល​នៅ​ក្នុងផ្នែក​ខាង​កើត​នៃ​ក្រុង Aleppo។​

អាជ្ញាធរ​សេ​តវិមានបាន​និយាយ​ថា​ លោកអូបាម៉ា​បានមាន​ប្រសាសន៍​តាម​ទូរសព្ទ​ជាមួយ​លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ ​ឥស្សរជន​ទាំង​ពីរ​នាក់នេះ​បានយល់ស្រប​គ្នា​ថា ​ប្រទេស​រុស្សី​និង​របប​គ្រប់គ្រង​របស់​ប្រធានាធិបតី​ស៊ីរី​ Bashar al-Assad មាន «ការ​ទទួល​ខុស​ត្រូវ​ពិសេស» ក្នុង​ការ​បញ្ឈប់ការ​ប្រយុទ្ធគ្នា​ និង​អនុញ្ញាត​ឱ្យមានការ​ផ្តល់ជំនួយ​មនុស្សធម៌៕