សេតវិមានបានប្រកាសកាលពីថ្ងៃពុធមិ្សលមិញថា សហរដ្ឋអាមេរិកបានចាប់ផ្តើមដកកងទ័ពចេញពីប្រទេសស៊ីរីភ្លាមៗបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង្ហោះសារថា សហរដ្ឋអាមេរិកបានផ្តួលរំលំក្រុមភេរវកម្មរដ្ឋឥស្លាមនៅទីនោះហើយ។
លោកស្រី Sarah Sanders អ្នកនាំពាក្យសេតវិមានបានថ្លែងតាមរយៈសេចក្តីថ្លែងការមួយថា «យើងបានចាប់ផ្តើមបញ្ជូនកងទ័ពត្រឡប់មកសហរដ្ឋអាមេរិកវិញហើយ បន្ទាប់ពីបានផ្លាស់ប្តូរទៅដំណាក់កាលបន្ទាប់នៃយុទ្ធនាការយោធានេះ»។ លោកស្រីបានថ្លែងបន្ថែមថា ការផ្តួលរំលំរដ្ឋឥស្លាមនេះ មិនមែនមានន័យថា យុទ្ធនាការយោធាដឹកនាំដោយកងកម្លាំងចម្រុះត្រូវបញ្ចប់នៅក្នុងប្រទេសស៊ីរីទេ។
លោកស្រី Sandersបានថ្លែងយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកនិងក្រុមសម្ព័ន្ធមិត្តរបស់យើងត្រៀមលក្ខណៈរួចរាល់ដើម្បីធ្វើទំនាក់ទំនងនៅគ្រប់កម្រិត ដើម្បីការពារអត្ថប្រយោជន៍របស់អាមេរិកនៅពេលណាដែលចាំបាច់ ហើយយើងនឹងបន្តធ្វើការរួមគ្នាដើម្បីបោសសម្អាតដែនដីរបស់ក្រុមភេរវកម្មឥស្លាមជ្រុលនិយម កាត់ផ្តាច់ការឧបត្ថម្ភហរិញ្ញវត្ថុដល់ក្រុមនេះ ការគាំទ្រនានា និងការជ្រៀតចូលតាមរយៈគ្រប់រូបភាពចូលក្នុងព្រំដែនរបស់យើង»។
នៅថ្ងៃដដែលនោះ អ្នកនាំពាក្យទីបញ្ជាការប៉ង់តាហ្គូន លោកស្រី Dana White បានថ្លែងតាមរយៈសេចក្តីថ្លែងការមួយថា «កងកម្លាំងចម្រុះបានរំដោះដែនដីដែលកាន់កាប់ដោយក្រុម ISIS ប៉ុន្តែតែយុទ្ធនាការប្រឆាំងនឹងពួកISIS មិនទាន់បានបញ្ចប់នៅឡើយទេ។ យើងនឹងបន្តធ្វើការជាមួយនឹងដៃគូ និងសម្ព័ន្ធមិត្តនានារបស់យើង ដើម្បីផ្តួលរំលំក្រុម ISIS នៅគ្រប់កន្លែងដែលពួកគេធ្វើប្រតិបត្តិការ»៕