សេតវិមានបានប្រាប់ឲ្យដឹងថា បញ្ហាប្រទេសអ៊ុយក្រែននឹងនៅលើរបៀបវារៈកំពូលនៅពេលដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក និងប្រធានាធិបតីរុស្ស៊ីជួបគ្នានៅក្នុងបុរីញូយ៉កនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ ហើយថា លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា នឹងប្រាប់ប្រធានាធិបតីរុស្ស៊ី Vladimir Putin ថា ការគាំទ្ររបស់រដ្ឋាភិបាលទីក្រុងមូស្គូដល់រដ្ឋាភិបាលស៊ីរីគឺជាការភ្នាល់ចាញ់មួយ។
លោក Josh Earnest អ្នកនាំពាក្យសេតវិមានក៏បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ដែរថា ជំនួបត្រូវធ្វើឡើងទៅតាមសំណើរបស់លោក Putin។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ លោក Dmitry Peskov អ្នកនាំពាក្យរដ្ឋាភិបាលវិមានក្រឹមឡាំងបាននិយាយថា ជំនួបនោះត្រូវបានរៀបចំឡើងដោយការព្រមព្រៀងគ្នាទៅវិញទៅមក ហើយថា បញ្ហាប្រទេសស៊ីរីនឹងស្ថិតនៅលើរបៀបវារៈកំពូល។ លោក និយាយទៀតថា បញ្ហាអ៊ុយក្រែននឹងត្រូវពិភាក្សា ប្រសិនបើពេលវេលាអំណោយផល។
ជំនួបនោះកើតមានឡើងនៅពេលដែលមានសេចក្តីរាយការណ៍ថា រុស្ស៊ីកំពុងបង្កើនវត្តមានយោធារបស់ខ្លួនក្នុងប្រទេសស៊ីរីដើម្បីជួយប្រធានាធិបតី Bashar al-Assad នៅក្នុងការប្រយុទ្ធប្រឆាំងពួកឧទ្ទាមដែលកំពុងស្វះស្វែងទម្លាក់លោកចេញពីតំណែង រួមទាំងក្រុមរដ្ឋឥស្លាមផងដែរ។
មន្រ្តីជាន់ខ្ពស់ម្នាក់ដែលមិនប្រាប់ឈ្មោះរបស់រដ្ឋបាលអូបាម៉ាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកប្រធានាធិបតីសហរដ្ឋអាមេរិកនឹងឆ្លៀតឱកាសនៃជំនួបនេះដើម្បីពិភាក្សាបញ្ហាប្រទេសអ៊ុយក្រែន ហើយនិងផ្តោតទៅលើការធ្វើឲ្យប្រាកដថា រុស្ស៊ីធ្វើទៅតាមការតាំងចិត្តរបស់ខ្លួន ឬធ្វើតាមកិច្ចព្រមព្រៀងឈប់បាញ់គ្នាដែលបានធ្វើឡើងរវាងរដ្ឋាភិបាលអ៊ុយក្រែន និងពួកទាមទារបំបែករដ្ឋដែលគាំទ្រដោយរុស្ស៊ី៕