សេតវិមានបាននិយាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ គាំទ្រខ្លាំងណាស់ដល់ពួកសមាជិកសភាអភិរក្សនិយមខាងគណបក្សសាធារណរដ្ឋ២៤នាក់ដែលបានចូលទាំងទទឹងទទែងទៅអុកឡុកការប្រជុំបិទទ្វារស្តីពីការស៊ើបអង្កេតដើម្បីចោទប្រកាន់លោក កាលពីដើមសប្តាហ៍នេះ ដោយបានពន្យារពេលសវនការនេះចំនួន៥ម៉ោង។
ពួកសមាជិកសភាទាំងនោះបានបរិហាររិះគន់ទម្រង់ការបិទទ្វារនេះ ហើយទាមទារឱ្យមានការផ្សព្វផ្សាយអត្ថបទនៃសវនាការនេះពីពួកមន្ត្រីមួយចំនួនធំខាងការទូតនិងខាងសន្តិសុខជាតិពាក់ព័ន្ធនឹងការចោទប្រកាន់ថាលោក ត្រាំ ដាក់សម្ពាធលើប្រទេសអ៊ុយក្រែនឱ្យបើកការស៊ើបអង្កេតអំពីទ្រឹស្តីខុសមួយ។ ទ្រឹស្ដីនោះគឺថា ការលើកឡើងថា អ៊ុយក្រែនបានស្វះស្វែងធ្វើឱ្យលោក ត្រាំ ចាញ់ឆ្នោតនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៦។
លើសពីនេះទៀត ក៏មានការលើកឡើងថា លោកបានស្នើឲ្យស៊ើបអង្កេតអំពីគូប្រជែងធំរបស់លោកខាងគណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតនៅឆ្នាំ២០២០ នោះគឺលោកអតីតអនុប្រធានាធិបតី Joe Biden និងកូនប្រុសលោកឈ្មោះ Hunter Biden ដែលបានបម្រើការនៅក្នុងក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនឧស្ម័នធម្មជាតិអ៊ុយក្រែនមួយ។
លោក Adam Schiff សមាជិកសភាស.រ.អា.ដែលជាអ្នកប្រជាធិបតេយ្យនាំមុខគេក្នុងការស៊ើបអង្កេតអំពីសកម្មភាពរបស់លោក ត្រាំ បានមានប្រសាសន៍ថា អត្ថបទនៃសវនាការនេះនឹងត្រូវផ្សព្វផ្សាយ។ ពួកមន្ត្រីបាននិយាយថា សវនាការសាធារណៈអំពីការចោទប្រកាន់លោក ត្រាំ អាចចាប់ផ្តើមធ្វើនៅពាក់កណ្តាលខែវិច្ឆិកា។
ប៉ុន្តែពួកគេថា ប្រសិនបើសភាតំណាងរាស្ត្រអាមេរិកាំងចោទប្រកាន់លោក ត្រាំ លោកនឹងប្រឈមនឹងការកាត់ក្តីនៅក្នុងព្រឹទ្ធសភាស.រ.អា.ដែលមានសមាជិកភាគច្រើនខាងគណបក្សសាធារណរដ្ឋ ហើយលោកមិនទំនងត្រូវបានដកចេញពីតំណែងទេ៕