មន្ត្រីការទូតសហរដ្ឋអាមេរិកជើងចាស់មួយរូបគ្រោងនឹងបង្ហាញខ្លួននៅពីមុខសមាជិករដ្ឋសភានៅថ្ងៃអង្គារនេះ ទាក់ទិននឹងការស៊ើបអង្កេតជាផ្លូវការរបស់រដ្ឋសភាដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង។
ការបង្ហាញខ្លួនរបស់មន្ត្រីការទូតរូបនេះគឺដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ដែលថា លោក Trump បានព្យួរជំនួយយោធាសម្រាប់ប្រទេសអ៊ុយក្រែន រហូតទាល់តែពេលដែលអ៊ុយក្រែនយល់ព្រមបើកការស៊ើបអង្កេតលើលោក Joe Biden ដែលជាអតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក និងជាបេក្ខជនប្រធានាធិបតីមួយរូបខាងគណបក្សប្រជាធិបតេយ្យ និងលើកូនប្រុសរបស់លោក Biden គឺលោក Hunter។
លោក William Taylor ដែលជាមន្ត្រីកំពូលនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ុយក្រែន នឹងផ្ដល់សក្ខីកម្មក្នុងសវនាការបិទទ្វារអំពីសារតាមទូរស័ព្ទជាច្រើនរបស់លោកជាមួយនឹងមន្ត្រីផ្សេងទៀត ដែលសារទាំងនោះលើកឡើងពីការព្រួយបារម្ភអំពីវិធានការរបស់សេតវិមាននៅក្នុងការផ្អាកជំនួយសម្រាប់អ៊ុយក្រែននេះ។ លោក Taylor បានសរសេរសារថា វាជារឿង «ឆ្កួតៗនៅក្នុងការដកជំនួយយោធា ដើម្បីឲ្យមានការជួយជ្រោមជ្រែងនៅក្នុងយុទ្ធនាការនយោបាយមួយ»។
ឧបការីរងរដ្ឋមន្ត្រីក្រសួងការពារប្រទេសសហរដ្ឋអាមេរិកអ្នកស្រី Laura Cooper ដែលបានធ្វើការលើផ្នែកគោលនយោបាយសហរដ្ឋអាមេរិកសម្រាប់ប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែននៅក្រសួងការពារប្រទេស គ្រោងនឹងផ្ដល់សក្ខីកម្មនៅថ្ងៃពុធស្អែក។
ការស៊ើបអង្កេតដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យដើម្បីចោទប្រកាន់ទម្លាក់លោក Trump ពីតំណែងនេះ បានធ្វើឡើងនៅពេលដែលអ្នកលួចបញ្ចេញព័ត៌មានសម្ងាត់ម្នាក់បង្ហាញការព្រួយបារម្ភប្រាប់ដល់អគ្គអធិការកិច្ចអំពីការសន្ទនាតាមទូរស័ព្ទរបស់លោក Trump ជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy។ នៅក្នុងការសន្ទនាតាមទូរស័ព្ទនោះ លោក Trump ជំរុញលោក Zelenskiy ឲ្យបើកការស៊ើបអង្កេតលើលោក Joe Biden៕