រដ្ឋបាលលោក Biden កំពុងសរសើរការឈោងរបស់ខ្លួនទៅកាន់ប្រទេសចិន ដោយលើកឡើងពីកិច្ចសហប្រតិបត្តិការលើការប្រឆាំងគ្រឿងញៀន ការពិភាក្សាអំពីបញ្ញាសិប្បនិម្មិត AI និងការបន្តបង្កើតទំនាក់ទំនងផ្នែកយោធាឡើងវិញ ថាជាភស្តុតាងនៃកិច្ចសហប្រតិបត្តិការ ដែលបានកាត់បន្ថយភាពតានតឹងរវាងគូប្រជែងទាំងពីរ។
ទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan បានថ្លែងក្នុងកម្មវិធីមួយរបស់ក្រុមប្រឹក្សាទំនាក់ទំនងការបរទេស កាលពីថ្ងៃទី ៣០ ខែមករាកន្លងទៅនេះថា៖ «ការងារការទូតដ៏សកម្មនេះ គឺដើម្បីដោះស្រាយបញ្ហាលំបាកមួយចំនួន ហើយមិនមែនជាការជួសជុលទំនាក់ទំនងទេ»។
លោកបានលើកឡើងអំពីការបោះឆ្នោតជាប្រវត្តិសាស្ត្រនៅកោះតៃវ៉ាន់កាលពីខែមករាដែលគ្មានឧប្បត្តិហេតុអ្វីធ្ងន់ធ្ងរនៅច្រកសមុទ្រតៃវ៉ាន់ ហើយបាននិយាយថា មួយផ្នែកគឺដោយសារកិច្ចប្រឹងប្រែងរបស់អាមេរិក ចិន និង តៃវ៉ាន់ ក្នុងការកាត់បន្ថយការយល់ច្រឡំនិងការភ័ន្តច្រឡំក្នុងការទាក់ទងគ្នា។ រដ្ឋាភិបាលក្រុងប៉េកាំងបានចាត់ទុកតៃវ៉ាន់ជាខេត្តទទឹងរឹងរូសមួយរបស់ខ្លួន ហើយមិនបានច្រានចោលការប្រើប្រាស់កម្លាំងយោធា ដើម្បីចូលគ្រប់គ្រងពេញលេញទៅលើកោះនេះឡើយ។
សុន្ទករថារបស់លោក Sullivan ធ្វើឡើងក្នុងកិច្ចប្រជុំជាបន្តបន្ទាប់របស់មន្ត្រីជាន់ខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីបង្ហាញពីការផ្តោតការយកចិត្តទុកដាក់របស់រដ្ឋបាលអាមេរិក លើការរក្សាស្ថិរភាពក្នុងចំណងទាក់ទងរវាងអាមេរិកនិងចិន។
លោក Sullivan និយាយថា ចំណុចសំខាន់មួយគឺការទាក់ទងគ្នារវាងមេដឹកនាំនិងមេដឹកនាំ ដោយកត់សម្គាល់អំពីការសន្ទនាគ្នាតាមទូរស័ព្ទរវាងប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping ដែលត្រូវបានគេរំពឹងថា នឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ។ មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលអាមេរិកមួយរូបបានប្រាប់វីអូអេថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken រំពឹងថា នឹងធ្វើទស្សនកិច្ចនៅរដ្ឋធានីប៉េកាំងម្តងទៀត ក្នុងឆ្នាំនេះ។
សាររបស់សេតវិមានកើតមានឡើង នៅពេលដែលសង្គ្រាមកំពុងបន្តអូសបន្លាយនៅក្នុងប្រទេសអ៊ុយក្រែននិងតំបន់មជ្ឈិមបូព៌ា និងក្នុងពេលដែលលោកប្រធានាធិបតី Joe Biden កំពុងបង្កើនយុទ្ធនាការឃោសនាបោះឆ្នោតដើម្បីឱ្យលោកជាប់ឆ្នោតមួយអណត្តិទៀត ប្រឆាំងនឹងគូប្រជែងរបស់លោក គឺអតីតប្រធានាធិបតីអាមេរិកលោក Donald Trump ដែលទំនងនឹងក្លាយជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ។ បញ្ហាប្រទេសចិនទំនងជាអាចក្លាយជាប្រធានបទដ៏តឹងតែងមួយសម្រាប់គូប្រជែងទាំងពីរ។
លោក Trump កំពុងរិះគន់គោលនយោបាយថាមពលបៃតងរបស់លោក Biden ដែលត្រូវបានបង្កើតឡើង ដើម្បីជំរុញការផលិតទំនិញក្នុងប្រទេសអាមេរិក និងការទិញរថយន្តប្រើចរន្តអគ្គិសនី ដោយនិយាយថា គោលនយោបាយនេះនឹងអនុញ្ញាតឱ្យឧស្សាហកម្មផលិតរថយន្តអគ្គិសនីចិនដណ្តើមការងាររបស់ពលរដ្ឋអាមេរិកាំង។
ដោះស្រាយការខ្វែងគំនិតគ្នា
លោក Sullivan បានលើកឡើងអំពីជំនួបរបស់លោកកាលពីពេលថ្មីៗ ជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi និងការចូលរួមពាក់ព័ន្ធជាច្រើនទៀតរបស់មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោក Biden ជាមួយភាគីចិន ដើម្បីដោះស្រាយបញ្ហាមួយចំនួន ដែលមានសារៈសំខាន់ដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក។ បញ្ហាដែលបានលើកឡើងទាំងនោះ រួមមានការគាំទ្ររបស់រដ្ឋាភិបាលក្រុងប៉េកាំងក្នុងសង្គ្រាមរុស្ស៊ីប្រឆាំងនឹងប្រទេសអ៊ុយក្រែន បញ្ហាសិទ្ធិមនុស្ស និងការបង្អាក់សង្វាក់ផ្គត់ផ្គង់សាកលជាដើម។
លោកបន្ថែមទៀតថា៖ «យើងមិនបានបន្ថយការផ្តោតលើរឿងសន្តិសុខជាតិទេ ដូចជាការរឹតបន្តឹងការវិនិយោគក្រៅប្រទេស និងការធ្វើបច្ចុប្បន្នភាពនៃការគ្រប់គ្រងការនាំចេញរបស់យើងជាដើម។ ផ្ទុយទៅវិញយើងយកកិច្ចប្រជុំទាំងនេះ ធ្វើជាឱកាសដើម្បីពន្យល់អំពីវិធានការទាំងនេះ និងអំពីអ្វីទៅដែលមិនមែនជាវិធានការ ដែលមានសារៈសំខាន់ដូចគ្នា»។
លោក Sullivan លើកឡើងថា៖ «សក្តានុពលនៃរចនាសម្ព័ន្ធប្រកួតប្រជែង មិនត្រូវជាឧបសគ្គសម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយផលប្រយោជន៍ទៅវិញទៅមក និងបញ្ហាពហុអន្តរជាតិឡើយ។ លោកបញ្ជាក់ទៀតថា៖ «គោលនយោបាយចីរភាពមួយរបស់អាមេរិកចំពោះប្រទេសចិន គឺយល់ដឹងអំពីការពិតជាក់ស្តែងទាំងឡាយនិងប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហា»។
លោក Sullivan បានបដិសេធមិនបញ្ជាក់ថាតើចិន បានយល់ព្រមប្រើឥទ្ធិពលរបស់ខ្លួនលើរដ្ឋាភិបាលប្រទេសអ៊ីរ៉ង់ដែរឬទេ ក្នុងការជួយទប់ស្កាត់ការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហ៊ូធី (Houthi) ដែលមានការគាំទ្រដោយអ៊ីរ៉ង់លើនាវាដឹកជញ្ជូនពាណិជ្ជកម្មក្នុងសមុទ្រក្រហមនោះ។ កងកម្លាំងអាមេរិកបានប៉ះទង្គិចជាមួយក្រុមហ៊ូធីក្នុងប្រទេសយេម៉ែន និងកម្លាំងគាំទ្រអ៊ីរ៉ង់ផ្សេងទៀតនៅក្នុងប្រទេសលីបង់ អ៊ីរ៉ាក់និងប្រទេសស៊ីរីផងដែរ ដែលបណ្តាលមកពីសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ក្នុងតំបន់ហ្កាហ្សានោះ បានគំរាមកំហែងដល់ការចូលពាក់ព័ន្ធរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនទៅក្នុងសង្គ្រាមដ៏រីកធំមួយនៅក្នុងតំបន់មជ្ឈិមបូព៌ា។
ប្រតិបត្តិការលើប្រព័ន្ធអ៊ីនធឺណិត
ក្តីបារម្ភនៅតែមាននៅឡើយ រួមមានការភ័យខ្លាចរបស់អាមេរិកដែលថា ប្រតិបត្តិការចូលលួចយកព័ត៌មានតាមប្រព័ន្ធអ៊ីធឺណិតរបស់ចិន អាចកើតមានលើហេដ្ឋារចនាសម្ព័ន្ធនិងបង្អាក់ដំណើរការបោះឆ្នោតប្រធានាធិបតីអាមេរិកក្នុងខែវិច្ឆិកាខាងមុខ។ ក្នុងកិច្ចប្រជុំជាមួយសមាជិកសភាអាមេរិកកាលពីថ្ងៃទី ៣១ ខែមករា នាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI លោក Christopher Wray និយាយថា ក្រុមអ្នកលួចវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតរបស់រដ្ឋាភិបាលចិន កំពុងផ្តោតទៅលើបណ្តាញអគ្គិសនីអាមេរិក រោងចក្រចម្រាញ់ទឹកស្អាត បំពង់បង្ហូរប្រេង និងប្រព័ន្ធដឹកជញ្ជូនរបស់អាមេរិក។
លោក Wray ចោទប្រកាន់ថា រដ្ឋាភិបាលក្រុងប៉េកាំងកំពុងធ្វើយុទ្ធនាការតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីបង្ខិតបង្ខំនិងគំរាមកំហែងដល់ពលរដ្ឋអាមេរិកាំង និងអ្នករស់នៅក្នុងសហរដ្ឋអាមេរិក។ ក្រុមប្រឹក្សាស៊ើបការណ៍សម្ងាត់ជាតិអាមេរិកកាលពីខែធ្នូ ក៏បាននិយាយនៅក្នុងរបាយការណ៍មួយផងដែរថា រដ្ឋាភិបាលក្រុងប៉េកាំងបាន «យល់ព្រមជាសម្ងាត់នូវកិច្ចប្រឹងប្រែងនានា ដើម្បីព្យាយាមជ្រៀតជ្រែកក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិមួយចំនួន ដែលពាក់ព័ន្ធនឹងសមាជិកនៃគណបក្សនយោបាយទាំងពីរក្នុងសហរដ្ឋអាមេរិកផងដែរ»។
ទន្ទឹមនឹងនេះដែរ ជម្លោះលើបន្ទះឈីបកំពុងបន្តក្លាយជាការផ្តោតសំខាន់ផងដែរ លើការប្រកួតប្រជែងបច្ចេកវិទ្យារវាងសហរដ្ឋអាមេរិកនិងប្រទេសចិន។ រដ្ឋាភិបាលក្រុងប៉េកាំង ចោទប្រកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថា «អនុវត្តតាមបែបអនុត្តរភាពនិងការសម្លុតគំរាម» ដោយបដិសេធមិនឱ្យចិនប្រើប្រាស់ក្រុមហ៊ុនមួយចំនួនតូច ដែលផលិតបន្ទះឈីបទំនើប ខណៈអាមេរិកបានបង្កើនសមត្ថភាពផលិតបន្ទះឈីបនៅក្នុងប្រទេសរបស់ខ្លួន៕
លោក Jeff Seldin នៃវីអូអេ រាយការណ៍បន្ថែមលើសេចក្តីរាយការណ៍នេះ។
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ