ក្រុមមន្រ្តីជាន់ខ្ពស់សេតវិមាននិយាយថា រដ្ឋបាលរបស់លោកអូបាម៉ានឹងយកថវិកាជិត៦រយលានដុល្លារភាគច្រើនមកពីថវិកាសម្រាប់ជំងឺអ៊ីបូឡាដើម្បីប្រយុទ្ធប្រឆាំងការរាលដាលនៃមេរោគ Zika។
លោក Shaun Donovan នាយកការិយាល័យចាត់ចែងថវិកាបាននិយាយកាលពីថ្ងៃពុធថា «ថវិកាទាំងនេះ មិនល្មមគ្រប់គ្រាន់ដើម្បីគាំទ្រការឆ្លើយតបដ៏ធំមួយប្រឆាំងនឹងមេរោគ Zika ទេ ហើយអាចដោះស្រាយបណ្តោះអាសន្នដល់អ្វីដែលគេត្រូវការរហូតទាល់សភាធ្វើទៅតាមសំណើប្រាក់បន្ថែមជាបន្ទាន់របស់រដ្ឋបាលនេះ»។
សេតវិមានបានបញ្ជូនសំណើដែលមានទឹកប្រាក់ចំនួន១ពាន់៩រយលានដុល្លារទៅសភាកាលពីខែកុម្ភៈឆ្នាំនេះ។
កាលពីថ្ងៃពុធ មន្រ្តីសេតវិមាន បានព្រមានថា ដោយគ្មានថវិកា សហរដ្ឋអាមេរិកអាចនឹងគ្មានលទ្ធភាពដើម្បីធ្វើការឆ្លើយតបឲ្យបានត្រឹមត្រូវដល់មេរោគ Zika ដែលរួមមានការអូសបន្លាយក្នុងការត្រួតពិនិត្យសត្វមូស និងការថែទាំ ការវិភាគជំងឺ និងការបង្កើតថ្នាំវ៉ាក់សាំងចាក់ការពារ។
លោកស្រី Sylvia Burwell រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសេវាកម្មមនុស្ស និយាយថា «ការខំប្រឹងប្រែងទាំងអស់នេះ ចាំបាច់បន្ត ហើយពួកគេ មិនអាចធ្វើការផ្លាស់ប្តូរភ្លាមៗទេ។ យើងប្រឈមបញ្ហាសុខភាពសាកលលោកពិតប្រាកដគឺមេរោគអ៊ីបូឡានិង Zika។ យើង មិនមានជម្រើសអ្វីក្រៅពីរក្សាទុកមួយ ហើយច្រានចោលមួយទេ»។
លោកស្រី Burwell បានមានប្រសាសន៍ទៀតថា ឥឡូវនេះ មានករណីមេរោគ Zika ចំនួន៦៧២ករណីដែលបានបញ្ជាក់នៅក្នុងសហរដ្ឋអាមេរិក រួមមានស្រ្តីដែលមានផ្ទៃពោះចំនួន៦៤នាក់។ មេរោគ Zika មួយករណីត្រូវបានបញ្ជាក់ថា កើតមាននៅក្នុងរដ្ឋហាវ៉ៃ៕