អង្គការសុខភាពពិភពលោក (WHO) បានព្រមានអំពីមេរោគ Zika ដែលត្រូវបានគេមើលឃើញថា អាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពពីកំណើតនោះ កំពុងតែឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅក្នុងទ្វីបអាមេរិក និងអាចប៉ះពាល់ដល់មនុស្សរហូតដល់ចំនួន៤លាននាក់។
អង្គការសុខភាពពិភពលោកបានឲ្យដឹងថា មេរោគដែលឆ្លងតាមរយៈមូសមួយនេះ ដំបូងឡើយត្រូវបានគេមើលឃើញថាមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សនោះទេ ប៉ុន្តែដោយសារតែមេរោគនេះរាលដាលយ៉ាងឆាប់រហ័ស វាបានគំរាមកំហែងដល់សុខភាពសាធារណៈ និងធ្វើឲ្យមានការប្រុងប្រយ័ត្នខ្ពស់។
លោកស្រី Margaret Chan អគ្គនាយកទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះ បានមានប្រសាសន៍ថា មេរោគ Zika ត្រូវបានរកឃើញដំបូងបំផុតនៅក្នុងប្រទេសអ៊ូហ្គង់ដា (Uganda) កាលពីឆ្នាំ១៩៤៧ ហើយចាប់តាំងពីពេលនោះមក វាបានឆ្លងរាលដាលទូទាំងពិភពលោក ហើយក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មេរោគនេះបានប៉ះពាល់ដល់ប្រព័ន្ធប្រសាទរបស់មនុស្ស។
ស្ត្រីមានគភ៌រាប់ពាន់នាក់ដែលបានឆ្លងមេរោគនេះបានផ្តល់កំណើតដល់ទារកដែលពិការយ៉ាងធ្ងន់ធ្ងរ។
លោកស្រី Chan បានថ្លែងនៅក្នុងកិច្ចប្រជុំពិសេសមួយរបស់អង្គការសុខភាពពិភពលោកនៅទីក្រុងហ្សឺណែវកាលពីថ្ងៃព្រហស្បតិ៍ថា មេរោគ Zika កំពុងតែឆ្លងរាលដាលយ៉ាងខ្លាំងនៅទ្វីបអាមេរិក។ លោកស្រីបានស្នើឲ្យមានកិច្ចប្រជុំជាបន្ទាន់មួយជាមួយនឹងក្រុមអ្នកជំនាញការនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ។
នៅសហរដ្ឋអាមេរិក លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក៏បានស្នើឲ្យមានការធ្វើតេស្តជាបន្ទាន់ដើម្បីបង្កើតថ្នាំបង្ការ និងថ្នាំព្យាបាលមេរោគ Zika ដែលមកទល់នឹងពេលនេះមេរោគនេះនៅតែមិនទាន់អាចព្យាបាលបាននៅឡើយទេ៕