ការផ្ទុះមេរោគវីរុសជំងឺ Zika ចម្លងដោយសត្វមូសនៅក្នុងទ្វីបអាមេរិកមានឡើងនៅពេលដែលមនុស្សរាប់សែននាក់បានត្រៀមខ្លួនធ្វើដំណើរទៅកាន់ប្រទេសប្រេស៊ីលនៅពេលបន្ទាប់ក្នុងឆ្នាំនេះដើម្បីទៅមើលការប្រកួតកីឡាអូឡាំពិក ហើយការណ៍នេះអាចធ្វើឱ្យការប្រកួតកីឡាអន្តរជាតិនេះក្លាយទៅជាកន្លែងមួយសម្រាប់ចម្លងមេរោគវីរុសនេះនៅទូទាំងពិភពលោកនៅពេលភ្ញៀវទាំងនេះវិលត្រឡប់ទៅផ្ទះពួកគេវិញ។
លោកស្រីវេជ្ជបណ្ឌិត Beth Bell នៃមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រង និងការបង្ការជំងឺបាននិយាយប្រាប់ VOA ថា «សម្រាប់មនុស្សភាគច្រើន មេរោគវីរុសជំងឺ Zika មិនមែនជាបញ្ហាទេ។ វាអាចនាំឱ្យមានរោគសញ្ញាដូចគ្រុនផ្តាសាយ ក៏ប៉ុន្តែជំងឺនេះក៏អាចបណ្តាលឱ្យទារកកើតមកមានក្បាលតូចជាងសភាពធម្មតាដែលភាសាអង់គ្លេសហៅថា microcephaly»។
មេរោគវីរុសជំងឺ Zika បានត្រូវភ្ជាប់ជាមួយករណី៤ពាន់ដែលបានត្រូវសង្ស័យថាជាជំងឺក្បាលតូចជាងសភាពធម្មតា (microcephaly) នៅក្នុងប្រទេសប្រេស៊ីល ដែលជាជំងឺមួយនាំឱ្យទារកទើបនឹងកើតមានក្បាលតូច និងខួរក្បាលតូចមិនធម្មតា។ គ្មានការព្យាបាលជំងឺក្បាលតូចជាងសភាពធម្មតា (microcephaly) នេះនៅឡើយទេ។
អង្គការសុខភាពពិភពលោកបានព្រមានថា មេរោគវីរុសជំងឺ Zika អាចរាលដាលឆាប់រហ័សនៅទូទាំងទ្វីបអាមេរិកហើយអាចមានផលប៉ះពាល់ដល់មនុស្សបួនលាននាក់។
អង្គការសុខភាពពិភពលោកបាននិយាយថា មេរោគវីរុសនេះបានរាលដាលឆាប់រហ័សទៅជាការគំរាមកំហែង «នាំឱ្យមានការភ្ញាក់ផ្អើល» ដល់សុខភាពសាធារណៈ៕