សេតវិមានកាលពីថ្ងៃចន្ទបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនមិនយល់ឃើញថាលោកប្រធានាធិបតីស៊ីរី Bashar al-Assad អាចកាន់អំណាចក្នុងរយៈពេលយូរនោះទេ។
លោក Sean Spicer ដែលជាអ្នកនាំពាក្យរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា៖ «អ្នកមិនអាចស្រមៃឃើញពីស្ថានភាពដែលមានស្ថេរភាពនិងមានសន្តិភាពនៅស៊ីរីក្រោមការដឹកនាំរបស់ប្រធានាធិបតី Assad នោះទេ។ ខ្ញុំមិនគិតថា ការគិតបែបនេះអាចទៅរួចនោះទេ»។
អ្នកនាំពាក្យរបស់សេតវិមានរូបនេះបាននិយាយថា អាទិភាពចម្បងរបស់អាមេរិកគឺកម្ចាត់ក្រុមរដ្ឋឥស្លាមនៅក្នុងប្រទេសស៊ីរី រួចហើយ«បង្កើតបរិយាកាសមួយដើម្បីផ្លាស់ប្ដូរមេដឹកនាំ»។
លោកបាននិយាយទៀតថា គោលដៅមួយដើម្បីបញ្ចប់ជម្លោះ ដែលឥឡូវនេះឈានដល់ឆ្នាំទី៧ គឺត្រូវបង្កើតកន្លែងមានសុវត្ថិភាពមួយសម្រាប់ពលរដ្ឋស៊ីរីដែលរងគ្រោះដោយសារសង្គ្រាម ដើម្បីឲ្យពួកគេអាចនៅក្នុងប្រទេសរបស់ខ្លួនដោយមិនបាច់ត្រូវរត់ចេញទៅកន្លែងមានសុវត្ថិភាពនោះទេ។
រដ្ឋបាលលោក ត្រាំ កាលពីថ្ងៃសប្តាហ៍មុនបានធ្វើការវាយប្រហារដោយបាញ់គ្រាប់មីស៊ីលទៅមូលដ្ឋានយោធាផ្លូវអាកាសស៊ីរី ដែលក្រុមមន្ត្រីអាមេរិកជឿថា ស៊ីរីបានប្រើប្រាស់ជាមូលដ្ឋានយោធាដើម្បីកម្ចាត់ក្រុមឧទ្ទាមដែលប្រយុទ្ធនឹងរបប Assad ដោយការប្រើប្រាស់អាវុធគីមី៕