ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិនិយាយថា សន្តិភាពនៅក្នុងប្រទេសស៊ីរីមិនអាចកើតឡើងនោះទេ ប្រសិនបើលោកប្រធានាធិបតី Bashar al-Assad នៅកាន់អំណាច។
នៅក្នុងអត្ថាធិប្បាយដែលបានផ្សាយកាលពីថ្ងៃអាទិត្យ លើសារព័ត៌មាន CNN លោកស្រី Nikki Haley បានមានប្រសាសន៍ថា៖ «គ្មានជម្រើសអ្វីសម្រាប់ដំណោះស្រាយនយោបាយនោះទេ ប្រសិនបើលោក Assad នៅតែជាមេដឹកនាំរបបនេះ»។
ស្របពេលជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson បានមានប្រសាសន៍ថា ការកម្ចាត់ក្រុមរដ្ឋឥស្លាមនៅតែជាអាទិភាពនៅក្នុងប្រទេសស៊ីរី។
នៅក្នុងអត្ថាធិប្បាយកាលពីថ្ងៃអាទិត្យលើកញ្ចក់ទូរទស្សន៍ CBS ក្នុងកម្មវិធី Face the Nation លោក Tillerson បានមានប្រសាសន៍ថា៖ «អាទិភាពទីមួយគឺត្រូវកម្ចាត់ពួករដ្ឋឥស្លាម។ ហើយនៅពេលដែលការគំរាមកំហែងពីក្រុមរដ្ឋឥស្លាមត្រូវបានកាត់បន្ថយឬបំបាត់ចោលទាំងស្រុង ខ្ញុំគិតថាយើងអាចផ្តោតយកចិត្តទុកដាក់ដោយផ្ទាល់ទៅលើធ្វើឲ្យស្ថានការណ៍នៅក្នុងប្រទេសស៊ីរីមានស្ថេរភាពឡើងវិញ៕