លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Rex Tillerson នឹងធ្វើដំណើរទៅកាន់រដ្ឋធា នីម៉ូស្គូនៅថ្ងៃទី១២ ខែមេសាខាងមុខនេះ ប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារកាំជ្រួចមីស៊ីលទៅលើមូលដ្ឋានទ័ពអាកាសស៊ីរីនៅក្នុងការឆ្លើយតបទៅនឹងការវាយប្រហារអាវុធគីមីរបស់ស៊ីរីដែលបានសម្លាប់ជនស៊ីវិល។
ពួកមន្រ្តីនិយាយថា អ្នកការទូតកំពូលសហរដ្ឋអាមេរិករូបនេះ នឹងជំរុញឲ្យរុស្ស៊ីគិតឡើងវិញពីការបន្តការគាំទ្ររបស់ខ្លួនដល់រដ្ឋាភិបាលប្រធានាធិបតី Bashar al-Assad នៃប្រទេសស៊ីរី។
លោក Boris Johnson រដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកបានលប់ចោលដំណើរបំពេញទស្សនកិច្ចទៅកាន់ទីក្រុងម៉ូស្គូដែលបានគ្រោងធ្វើឡើងនៅថ្ងៃទី១០ ខែមេសានេះ។ សេចក្តីថ្លែងការណ៍របស់លោកJohnson បានប្រាប់ឲ្យដឹងថា «ព្រឹត្តិការណ៍នៅក្នុងប្រទេសស៊ីរីបានផ្លាស់ប្តូរស្ថានការណ៍ដ៏ខ្លាំង»។
លោករដ្ឋមន្រ្តីការបរទេសអាមេរិក Tillerson មានគម្រោងធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូនៅថ្ងៃពុធខាងមុខនេះ បន្ទាប់ពីលោកចូលរួមសន្និសីទរបស់រដ្ឋមន្រ្តីការបរទេស G-7 នៅក្នុងប្រទេសអ៊ីតាលីចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែមេសានេះ។ ក្រសួងការបរ ទេសអាមេរិក មិនបានឆ្លើយតបទៅនឹងស៊ើបអង្កេតរបស់ VOAថាតើដំណើរទស្សន កិច្ចរបស់លោករដ្ឋមន្រ្តីការបរទេសអាមេរិក Tillerson បានត្រូវផ្លាស់ប្តូរឬលុបចោលទេពីព្រោះតែការវាយប្រហារខាងយោធារបស់សហរដ្ឋអាមេរិកនោះ។
ពួកអ្នកវិភាគនិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនត្រូវការទំនាក់ទំនងខាងការទូត បន្ទាប់ពីចំណាត់ការខាងយោធាមក។
អ្នកការទូតសហរដ្ឋអាមេរិកដែលគេស្គាល់ថាជាមនុស្សមិនសូវនិយាយស្តី បានធ្វើអត្ថាធិប្បាយដោយប្រើពាក្យខ្លាំងៗឲ្យរុស្ស៊ីដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានស្តីបន្ទោសចំពោះការខកខានមិនបានទប់ប្រធានាធិបតីស៊ីរី Bashar al-Assad ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី៕