សេតវិមានបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ខ្លួននឹងមិនត្រួតត្រាលើការស៊ើបអង្កេតថ្មីរបស់ប៉ូលិស FBI លើករណីបំពានផ្លូវភេទរបស់លោក Brett Kavanaugh ទេ។ លោក Kavanaugh ត្រូវបានលោកប្រធានាធិបតី ដូណាល់ ត្រាំ តែងតាំងសម្រាប់តំណែងចៅក្រមតុលាការកំពូលអាមេរិក។
អ្នកស្រី Huckabee Sanders អ្នកនាំពាក្យសេតវិមានបានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fox News ថា «ក្រុមប្រឹក្សាសេតវិមានបានអនុញ្ញាតឲ្យព្រឹទ្ធសភាជាអ្នកសម្រេចទៅលើទំហំនៃការស៊ើបអង្កេតនេះ»។ ការស៊ើបអង្កេតនេះគឺជាការស៊ើបអង្កេតរបស់ប៉ូលិស FBI ទៅលើការចោទប្រកាន់ការបំពានផ្លូវភេទពីសំណាក់លោកស្រី Christine Blassey Ford ទៅលើលោក Kavanaugh។
ទាំងលោក Kavanaugh និងលោកស្រី Ford បានផ្តល់សក្ខីកម្មដាច់ដោយឡែកពីគ្នានៅចំពោះមុខគណៈកម្មាធិការចៅក្រមព្រឹទ្ធសភាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ លោកស្រី Ford បានប្រាប់ទៅគណៈកម្មាធិការចៅក្រមព្រឹទ្ធសភាថា លោកស្រីច្បាស់ «១០០%» ថា លោក Kavanaugh បានបំពានផ្លូវភេទលោកស្រី នៅពេលដែលអ្នកទាំងពីរនៅជាសិស្សវិទ្យាល័យនៅឡើយក្នុងឆ្នាំ១៩៨២ ខណៈដែលលោក Kavanaugh បានខឹងសម្បារយ៉ាងខ្លាំងចំពោះការចោទប្រកាន់នេះ។
លោក ត្រាំ បានបញ្ជាឲ្យបើកការស៊ើបអង្កេតថ្មីទៅលើករណីលោក Kavanaugh កាលពីថ្ងៃសុក្រ ទៅតាមសំណើរបស់គណៈកម្មាធិការព្រឹទ្ធសភា។ ការសម្រេចឲ្យបើកការស៊ើបអង្កេតទៅលើករណីនេះត្រូវសម្រេចដោយរដ្ឋបាលលោក ត្រាំ និងសមាជិកខាងគណបក្សសាធារណរដ្ឋដែលអះអាងយ៉ាងមុតមាំថា លោក Kavanaugh ត្រូវបានស៊ើបអង្កេតយ៉ាងហ្មត់ចត់ជាច្រើនលើកច្រើនសារមកហើយ៕