សេតវិមាននៅតែមានភាពមានះ ប៉ុន្មានថ្ងៃបន្ទាប់ពីតុលាការឧទ្ធរណ៍សហព័ន្ធបានព្យួរបទបញ្ជាអំពីបម្រាមធ្វើដំណើររបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ មិនឲ្យប្រទេស៧ដែលមានអ្នកកាន់សាសនាឥស្លាមភាគច្រើនចូលក្នុងសហរដ្ឋអាមេរិក។ សេតវិមាននិយាយថា ការប៉ុនប៉ងមួយដើម្បីរឹតត្បិតអ្នកដែលចូលសហរដ្ឋអាមេរិក អាចត្រូវចាប់ផ្តើមនៅសប្តាហ៍នេះ។
ការជួបជុំក្រុមគ្រួសារឡើងវិញប្រកបដោយការសប្បាយរីករាយនៅចំណតយន្តហោះសហរដ្ឋអាមេរិកកើតឡើងនៅពេលដែលពួកអ្នកធ្វើដំណើរដែលត្រូវបានហាមឃាត់ដោយបទបញ្ជារបស់ប្រធានាធិបតីបានត្រូវផ្អាកដោយតុលាការ ហើយជនភៀសខ្លួនដូចជាក្រុមគ្រួសារជាតិស៊ីរីនេះ បានទទួលការស្វាគមន៍នៅទឹកដីថ្មីក្នុងសហរដ្ឋអាមេ រិក។
លោក Abul Tsam Nayef ជាជនភៀសខ្លួនស៊ីរីនិយាយថា៖ «អរគុណប្រជាពលរដ្ឋអាមេរិកាំងដែលបានធ្វើឲ្យយើងមកនៅទីនេះ ហើយនឹងធ្វើឲ្យយើងមានក្តីសង្ឃឹមម្តងទៀត»។
លោក Stephen Miller ទីប្រឹក្សាសេតវិមាន បាននិយាយថា៖ «យើងមានជម្រើសច្រើន។ ដោយយើងកំពុងពិចារណាជម្រើសទាំងនេះ»។
សេតវិមាននិយាយថា ខ្លួននឹងឈ្នះ។ លោក Stephen Miller បានថ្លែងទៀតថា៖ «តាមរដ្ឋធម្មនុញ្ញ ពលរដ្ឋនៅប្រទេសផ្សេងដែលគ្មានសិទ្ធិមករស់នៅសហរដ្ឋអាមេរិកមិនមានសិទ្ធិទាមទារចូលប្រទេសនេះទេ។ បញ្ហាគឺថា អំណាចរបស់ប្រធានាធិបតីនៅក្នុងវិស័យនេះតំណាងអំណាចកំពូល។ ហើយយើងមានឧបករណ៍ជាច្រើនដើម្បីធ្វើឲ្យប្រាកដថា យើងកំពុងរារាំងពួកភេរវជនកុំឲ្យជ្រៀតចូលក្នុងប្រទេសរបស់យើង»។
ច្បាប់សហព័ន្ធផ្តល់អំណាចយ៉ាងទូលំទូលាយដល់ប្រធានាធិបតីដើម្បីរឹតត្បិតជនជាតិបរទេសមិនឲ្យចូលក្នុងសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ ការធានាក្នុងរដ្ឋធម្មនុញ្ញនៃសេរីភាពសាសនានិងការការពារស្មើគ្នានៅក្រោមច្បាប់កើតមានមុនគេ យោងតាមរដ្ឋមន្រ្តីយុត្តិធម៌រដ្ឋដែលកំពុងដឹកនាំការតវ៉ាខាងផ្លូវច្បាប់ប្រឆាំងបម្រាមការធ្វើដំណើររបស់ប្រធានាធិបតីត្រាំ។
លោក Bob Ferguson រដ្ឋមន្រ្តីយុត្តិធម៌សម្រាប់រដ្ឋវ៉ាស៊ីនតោននិយាយថា៖ «ជាការពិត ប្រធានាធិបតីមានឆន្ទានុសិទ្ធិដ៏ធំធេង។ ក៏ប៉ុន្តែមិនមាននរណាស្ថិតនៅលើច្បាប់ទេ។ហើយបទបញ្ជាប្រធានាធិបតី ត្រូវតែស្របទៅរដ្ឋធម្មនុញ្ញរបស់យើង។ ហើយនេះជាបញ្ហាដែលលោកប្រធានាធិបតីត្រូវប៉ះទង្គិចជាមួយចៅក្រមសហព័ន្ធ»។
សេតវិមានអាចបន្តការពារបម្រាមធ្វើដំណើរឬប៉ុនប៉ងសរសេរបម្រាមថ្មីមួយដើម្បីទប់ទល់នឹងបញ្ហាខាងផ្លូវច្បាប់នេះ។ លោកប្រធានាធិបតីត្រាំ និយាយថា៖ «យើងក៏មានជម្រើសផ្សេងទៀតយ៉ាងច្រើនដែរ រួមមានការដាក់បទបញ្ជាថ្មីនៅថ្ងៃចន្ទ»។
២សប្តាហ៍ចុងក្រោយ មានការធ្វើបាតុកម្មប្រឆាំងការសន្យារបស់ប្រធានាធិបតីត្រាំដើម្បីធ្វើឲ្យបានជោគជ័យតាមការសន្យាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតហើយអំណាចតុលាការធ្វើអន្តរាគមន៍៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន