សេតវិមាន​បដិសេធ​ការ​អះអាង​ដែល​ថា​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ធ្លាក់​ចុះ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​រួម​មួយ​ជាមួយ​​ប្រធានាធិបតី​បារាំងលោក Emmanuel Macron នៅ​សេតវិមាន​ រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ ២០១៨។

សេតវិមាន​ប្រធានាធិបតី​អាមេរិក​បាន​ច្រាន​ចោល​នូវ​ការ​ចោទ​ប្រកាន់​ដែល​ថា លោក​ប្រធានាធិបតី Donald Trump និង​រដ្ឋបាល​របស់​លោក​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

អង្គការ​តស៊ូ​មតិ និង​តាមដាន​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​បាន​ទម្លាក់​ពិន្ទុ​សម្រាប់​សហរដ្ឋ​អាមេរិក​ចំនួន​ពីរ​ពិន្ទុ​មក​នៅ​ត្រឹម​ទី ៤៥ នៅ​ក្នុង​ការ​ចាត់​ថ្នាក់​សេរីភាព​សារព័ត៌មាន​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ដោយ​បាន​រិះគន់​លើ​ការ​វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី​ជា​បន្តបន្ទាប់​របស់​លោក Trump លើ​អ្នក​យក​ព័ត៌មាន អត្ថបទ​ព័ត៌មាន និង​បណ្ដាញ​ព័ត៌មាន​ទូរទស្សន៍​នានា។

អ្នក​នាំ​ពាក្យ​សេតវិមាន​លោកស្រី Sarah Huckabee Sanders បាន​និយាយ​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា៖ «ខ្ញុំ​គិត​ថា រដ្ឋបាល​របស់​លោក Trump គឺ​ជា​រដ្ឋបាល​មួយ​ដែល​អ្នក​យក​ព័ត៌មាន​អាច​សាកសួរ​បាន​ជាង​គេ​បំផុត​មួយ​ក្នុង​ចំណោម​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​នានា​ដែល​យើង​បាន​ឃើញ​កន្លង​មក​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ»។

លោកស្រី​ថ្លែង​ដូច្នេះ​គឺ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​មក បន្ទាប់ពី​អង្គការ Reportes Without Borders បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​ស្ដី​ពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ ២០១៨។

អង្គការ Reporters Without Borders បាន​ទម្លាក់​សហរដ្ឋ​អាមេរិក​ចំនួន​ពីរ​ពិន្ទុ​នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​របស់​ខ្លួន​ទៅ​លើ​សេរីភាព​សារព័ត៌មាន​ក្នុង​ចំណោម​ប្រទេស​ចំនួន ១៨០ នៅ​លើ​ពិភពលោក។

អង្គការ​នេះ​បាន​លើក​ឡើង​ថា លោក Trump បាន​ហៅ​សារព័ត៌មាន​ថា​ជា «សត្រូវ​របស់​ប្រជាពលរដ្ឋ​អាមេរិកាំង» និង​បាន​ប្រើប្រាស់​ពាក្យ «ព័ត៌មាន​ប្រឌិត» ដើម្បី​ជា​ការ​សងសឹក​ចំពោះ​សេចក្ដី​រាយការណ៍​ណា​ដែល​រិះគន់​វិភាគ​រក​ខុស​ត្រូវ​ជា​ដើម៕