ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អង្គការ​អន្តរជាតិ​ពីរ​ព្រមាន​ថា មេដឹកនាំ​ប្រជាធិបតេយ្យ​ភាគ​ច្រើន​កំពុង​បង្ក​ការ​គំរាម​កំហែង​ដល់​សេរីភាព​សារព័ត៌មាន


សមាជិក​អង្គការ អ្នក​រាយការណ៍​គ្មាន​ព្រំដែន Reporters Without Borders កាន់​រូប​តំណាង​ឲ្យ​អ្នកសារព័ត៌មាន​តួកគី​ដែល​ជាប់​ឃុំ ក្នុង​ពេលធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថាន​ទូត​តួកគី​ក្នុង​ទីក្រុង​ប៉ារីស កាល​ពី​ខែ​មករា ២០១៨។
សមាជិក​អង្គការ អ្នក​រាយការណ៍​គ្មាន​ព្រំដែន Reporters Without Borders កាន់​រូប​តំណាង​ឲ្យ​អ្នកសារព័ត៌មាន​តួកគី​ដែល​ជាប់​ឃុំ ក្នុង​ពេលធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថាន​ទូត​តួកគី​ក្នុង​ទីក្រុង​ប៉ារីស កាល​ពី​ខែ​មករា ២០១៨។

ការ​វាយ​ប្រហារ​ឥត​ឈប់​ឈរ​របស់​អ្នក​នយោបាយ​ប្រជា​និយម​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កំពុង​បង្ក​ជា​ការ​គំរាម​កំហែង​ដល់​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​នានា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អង្គការ​អន្តរជាតិ​ពីរ​ដែល​តាម​ដាន​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ។

នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​អំពី​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​ជុំវិញ​ពិភព​លោក អង្គការ Reporters Without Borders ​និង​អង្គការ​ Freedom House ​បាន​រិះគន់​យ៉ាង​ខ្លាំងៗ​លើ​មេដឹកនាំ​ប្រជានិយម​បស្ចិម​ប្រទេស​នានា​ថា ​បាន​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ជេរ​ប្រទេច​លើ​អ្នក​សារព័ត៌មាន និង​គំរាម​ដាក់​កំហិត​ផ្សេងៗ។

អង្គការ Freedom House ​បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ដែល​មាន​ចំណង​ជើង​ថា ស្ថានភាព​សេរីភាព​សារព័ត៌មាន​សាកល​លោក​ឆ្នាំ ​២០១៧-២០១៨ ​យ៉ាង​ដូច្នេះ​ថា៖ «យ៉ាង​យូរ​បំផុត​ត្រឹម ៥ ឆ្នាំ​មុន ​ការ​ដាក់​សម្ពាធ​សាកលលោក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​បាន​ប៉ះ​ពាល់​ដល់​សហរដ្ឋ​អាមេរិក ឬ​ក៏​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​នានា​នៅ​ទ្វីប​អឺរ៉ុប​នៅ​ក្នុង​វិធី​ជាក់​ច្បាស់​ណា​មួយ​នោះ​ទេ។ សព្វថ្ងៃ​នេះ ​មេដឹកនាំ​ប្រជា​និយម​នានា​បាន​បង្ក​ជា​ការ​គំរាម​កំហែង​យ៉ាង​ខ្លាំង​ចំពោះ​សេរីភាព​បញ្ចេញ​មតិ​នៅ​ក្នុង​សង្គម​បើក​ចំហ​ទាំង​នេះ»។

ចំណែក​ឯ​អង្គការ​ Reporters Without Borders វិញ ក៏​បាន​ធ្វើ​ការ​វាយ​តម្លៃ​ស្រដៀង​គ្នា​នេះ​ដែរ ​ដោយ​បាន​ព្រមាន​ថា៖ «មេដឹកនាំ​ដែល​ជ្រើស​តាំង​តាម​បែប​ប្រជាធិបតេយ្យ​កាន់​តែ​ច្រើន​មិន​បាន​ចាត់ទុក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​ជា​ផ្នែក​មួយ​នៃ​ទម្រ​ដ៏​សំខាន់​របស់​លទ្ធិ​ប្រជាធិបតេយ្យ​នោះ​ទេ ប៉ុន្តែ​បែរជា​ចាត់​ទុក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​ជា​សត្រូវ​ដែល​មេដឹក​នាំ​ទាំង​នោះ​បង្ហាញ​ការ​ស្អប់​ដោយ​ត្រង់ៗ​ទៅ​វិញ»។

អង្គការ​ទាំង​ពីរ​នេះ​បាន​រិះគន់​យ៉ាង​ចាស់​ដៃ​ចំពោះ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ។ អង្គការ Reporters Without Borders បាន​ហៅ​លោក ត្រា​ ថា​ជា​ «អ្នក​ចូល​ចិត្ត​វាយ​ប្រហារ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ»។

រី​ឯ​អង្គការ​ Feedom House​ វិញ​បាន​ព្រមាន​ថា ការណ៍​ដែល​លោក ត្រាំ​ ហៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​ជា ​«សត្រូវ​របស់​ប្រជាពលរដ្ឋ​អាមេរិកាំង» និង​ការ​បន្តុះ​បង្អាប់​អ្នក​សារព័ត៌មាន និង​អង្គការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​បាន​ធ្វើ​ឲ្យ​ «ប៉ះពាល់​ដល់​ទំនុក​ចិត្ត​សាធារណៈ​លើ​ការពិត​ដែល​ផ្អែក​លើ​សារព័ត៌មាន»៕

XS
SM
MD
LG