សេតវិមាន​អាច​បញ្ជូន​ជន​ចំណាក​ស្រុក​ទៅ​ទីក្រុង​ណា​ដែល​ការពារ​ជន​ចំណាក​ស្រុក​ខុស​ច្បាប់

អ្នក​សារព័ត៌មាន​លើក​ដៃ​ដើម្បី​សួរ​សំណយរ​ទៅ​អ្នកស្រី Sarah Huckabee Sanders ក្នុង​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ​ នៅ​សេតវិមាន កាលពី​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។

កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ សេតវិមាន​ប្រធានាធិបតី​អាមេរិក​បាន​គាំទ្រ​លោក​ប្រធានាធិបតី Donald Trump ដោយ​បាន​បញ្ជាក់​ថា ការ​បញ្ជូន​ជន​ចំណាក​ស្រុក​គ្មាន​ក្រដាស​ស្នាម​ត្រឹមត្រូវ​ទៅ​កាន់​ទីក្រុង​នៅ​សហរដ្ឋ​អាមេរិក​ណា​ដែល​ការពារ​ជន​ទាំង​នោះ​ពី​ការ​បញ្ជូន​ចេញ​ពី​ប្រទេស​គឺ​នៅតែ​អាច​ទៅ​រួច ទោះបីជា​ក្រសួង​រដ្ឋាភិបាល​មួយ​ចំនួន​បាន​បញ្ជាក់​ថា ការ​ធ្វើ​ដូច្នេះ​គឺ​មិន​អាច​ទៅ​រួច និង​គ្មាន​ថវិកា​សម្រាប់​ចាត់ចែង​រឿង​នេះ​ក៏​ដោយ។

អ្នក​នាំ​ពាក្យ​សេតវិមាន​អ្នកស្រី Sarah Sanders បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍ «Fox News Sunday» ថា៖ «យើង​ប្រាកដជា​មើល​លើ​ជម្រើស​ទាំង​អស់ ប្រសិនបើ​គណបក្ស​ប្រជាធិបតេយ្យ​នៅតែ​បដិសេធ​មិន​ទទួល​ស្គាល់​វិបត្តិ​នៅ​តាម​ព្រំដែន»។

លោក Trump បាន​បញ្ជាក់​កាល​ពី​យប់​ថ្ងៃ​សៅរ៍​នៅ​លើ Twitter ថា៖ «គណបក្ស​ប្រជាធិបតេយ្យ​ត្រូវតែ​កែប្រែ​ច្បាប់​អន្តោប្រវេសន៍​ឲ្យ​បាន​ឆាប់។ បើ​មិន​ដូច្នេះ​ទេ ទីក្រុង​ណា​ដែល​ការពារ​ជន​ចំណាក​ស្រុក​ខុស​ច្បាប់ ត្រូវតែ​ចាត់​វិធានការ​ភ្លាមៗ​ដើម្បី​មើល​ថែ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ទាំង​នោះ ដែល​ក្នុង​នោះ​មាន​ទាំង​សមាជិក​ក្រុម​ជន​អន្ធពាល ពួក​ជួញដូរ​គ្រឿង​ញៀន ពួក​ជួញដូរ​មនុស្ស និង​ឧក្រិដ្ឋជន​ផ្សេងៗ​ទៀត។ ប្ដូរ​ច្បាប់​អន្តោប្រវេសន៍​ចេញ​ឥឡូវ​នេះ​ទៅ!»។

ទីក្រុង​រាប់​រយ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក រួម​ទាំង​រដ្ឋ California ដែល​ជា​រដ្ឋ​មាន​ពលរដ្ឋ​ច្រើន​បំផុត​នៅ​ក្នុង​ប្រទេស បាន​ប្រកាស​ខ្លួន​ថា​ជា​ទី​សុខ​សម្រាប់​ជន​ចំណាក​ស្រុក​ដែល​ឆ្លង​ចូល​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់​តាម​ព្រំដែន​ភាគ​ខាង​ត្បូង​ជាប់​ប្រទេស​ម៉ិកស៊ិក។ ទីក្រុង​ទាំង​នោះ​បដិសេធ​មិន​ជួយ​មន្ត្រី​អន្តោប្រវេសន៍​អាមេរិក​នៅ​ក្នុង​ការ​តាមដាន​ចាប់​បញ្ជូន​ជន​អន្តោប្រវេសន៍​ទាំង​នោះ​ចេញ​ពី​ប្រទេស។

អាជ្ញាធរ​ព្រំដែន​សហរដ្ឋ​អាមេរិក​បាន​ចាប់​ខ្លួន​ជន​ចំណាក​ស្រុក​ខុស​ច្បាប់​ជាង ១ សែន​នាក់ ដែល​ភាគ​ច្រើន​មក​ពី​ប្រទេស​ក្វាតេម៉ាឡា ហុងឌូរ៉ាស និង​អែលសាល់វ៉ាឌ័រ នៅ​ឯ​ព្រំដែន​កាល​ពី​ខែ​មីនា​កន្លង​ទៅ​នេះ៕