សេតវិមាន​ការពារ​ករណី​លោក Trump ឲ្យ​កូន​ស្រី​ធ្វើ​ជា​តំណាង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​កិច្ច​ប្រជុំ G ២០

លោកស្រី Ivanka Trump ចូលរួម​ក្នុង​កិច្ចប្រជុំ Women's Entrepreneurship Finance ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចប្រជុំ​កំពូល G20 កាលពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ក្នុង​ក្រុង Hamburg ប្រទេស​អាល្លឺម៉ង់។

ផល​លំបាក​ដែល​មិន​គ្រោង​ទុក​មួយ​នៃ​ការ​ចូលរួម​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump នៅ​ក្នុង​កិច្ច​ប្រជុំ G ២០ នៅ​ទីក្រុង Hamburg ប្រទេស​អាល្លឺម៉ង់ គឺ​ការ​ផ្ដោត​ឡើង​វិញ​នូវ​ទំនាក់ទំនង​ស្រពិចស្រពិល​រវាង​តួនាទី​ផ្លូវការ​របស់​លោក និង​គ្រួសារ​លោក។ ផល​វិបាក​នេះ​បាន​កើត​ឡើង​ដោយសារតែ​អ្នកស្រី Ivanka Trump ដែល​ជា​កូន​ស្រី​របស់​លោក Trump បាន​ដើរ​តួ​តំណាង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នៅ​ក្នុង​អំឡុង​ពេល​ប្រជុំ​យ៉ាង​តិច​មួយ នៃ​កិច្ច​ប្រជុំ G ២០ នេះ។

ប៉ុន្តែ​សម្រាប់​សេតវិមាន​ប្រធានាធិបតី​អាមេរិក​វិញ កិច្ច​ប្រជុំ G ២០ នេះ គឺ​ជា​កិច្ច​ប្រជុំ​មួយ​ខុស​ប្លែក​ពី​ធម្មតា។

នាយ​ខុទ្ទកាល័យ​សេតវិមាន​លោក Reince Priebus បាន​ប្រាប់​អ្នក​សម្ភាសន៍​មួយ​រូប​នៅ​ក្នុង​កម្មវិធី «Fox News Sunday‍» ថា៖ «លោក​ប្រធានាធិបតី Trump ជា​អ្នក​រៀបចំ​កិច្ច​ប្រជុំ G ២០ នេះ​ឲ្យ​កើត​ឡើង។ មេដឹកនាំ​នៃ​ក្រុម​ប្រទេស G ២០ បាន​មក​សួរ​នាំ​លោក Trump នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ។ លោក​គឺ​ជា​តារា​មួយ​ដួង​រះ​នៅ​ក្នុង​កិច្ច​ប្រជុំ G ២០ ក្នុង​ប្រទេស​អាល្លឺម៉ង់​នេះ ដោយ​មិន​អាច​ប្រកែក​បាន។ ហើយ​ការ​ពិត​គឺ​ថា លោក Trump បាន​ចាត់ទុក​សហរដ្ឋ​អាមេរិក​ថា​ជា​អាទិភាព​លើ​បញ្ហា​អ្វីៗ​ទាំង​អស់‍»។

ប៉ុន្តែ អ្នក​ខ្លះ​គិត​ថា លោក Trump ផ្ដល់​អាទិភាព​ដល់​ក្រុម​គ្រួសារ​របស់​លោក​មុន​គេ​បង្អស់។ លោក Trump ត្រូវ​បាន​គេ​ជួយ​និយាយ​កែ​តម្រូវ​អំពី​សកម្មភាព​របស់​លោក​នៅ​ក្នុង​ការ​ចាកចេញ​ពី​ការ​ប្រជុំ​យ៉ាង​តិច ១ ឬ​អាច​រហូត​ដល់​ទៅ ៣ នៃ​កិច្ច​ប្រជុំ G ២០ កាល​ពី​សប្ដាហ៍​មុន និង​ការ​អនុញ្ញាត​ឲ្យ​កូន​ស្រី​របស់​លោក​តំណាង​ឲ្យ​រូប​លោក រហូត​ទាល់​តែ​ពេល​លោក​ត្រឡប់​មក​វិញ។

អ្នក​រិះគន់​បាន​ហៅ​ការ​សម្រេច​របស់​លោក Trump ក្នុង​ការ​អនុញ្ញាត​ឲ្យ​កូន​ស្រី​លោក​តំណាង​រូប​លោក ថា​ជា​សកម្មភាព​មិន​ដែល​មាន​ពី​មុន​មក និង​ជា​ការ​រំលោភ​ទៅ​លើ​ពិធីការ​ការទូត៕