ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នឹងពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង ជាមួយនឹងទីប្រឹក្សារបស់លោកនៅសប្ដាហ៍ក្រោយ។ នេះបើតាមការបញ្ជាក់របស់លោកកាលពីថ្ងៃសៅរ៍ម្សិលមិញ បន្ទាប់ពីលោកបាននិយាយជាមួយនឹងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In អំពីគម្រោងលក់សព្វាវុធចម្បាំង។
ប៉ុន្តែ ប្រភពខាងរដ្ឋាភិបាលបានប្រាប់សារព័ត៌មាន Washington Post ថា លោក ត្រាំ បានណែនាំទីប្រឹក្សារបស់លោកឲ្យត្រៀមដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងកូរ៉េខាងត្បូង។
ប្រភពខាងរដ្ឋាភិបាលទាំងនោះ បានបញ្ជាក់ប្រាប់សារព័ត៌មាន Washington Post បន្ថែមទៀតថា នីតិវិធីផ្លូវការក្នុងការដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ អាចចាប់ផ្ដើមនៅសប្ដាហ៍ក្រោយនេះ។
រដ្ឋបាលរបស់លោក ត្រាំ បានចាត់វិធានការនានាដើម្បីដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន ដែលលោកប្រធានាធិបតី ត្រាំ បាននិយាយថា ជាកិច្ចព្រមព្រៀងដែលមិនផ្ដល់ផលប្រយោជន៍ដល់អ្នកធ្វើការអាមេរិកាំង។
កន្លងមកមានសេចក្ដីរាយការណ៍ថា លោក ត្រាំ អាក់អន់ចិត្តចំពោះកិច្ចប្រឹងប្រែងនានាក្នុងការចរចាឡើងវិញអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០០៧ និងចូលជាធរមានកាលពីឆ្នាំ ២០១២ នេះ។ កន្លងមក លោកបានត្អូញត្អែរអំពីការកើនឡើងនូវឱនភាពពាណិជ្ជកម្មជាមួយនឹងកូរ៉េខាងត្បូង៕