សេតវិមានប្រធានាធិបតីអាមេរិកបានប្រកាសថា ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកបាននិយាយដាច់ដោយឡែកពីគ្នាជាមួយសមភាគីកូរ៉េខាងត្បូងនិងជប៉ុនអំពីការបាញ់ម៉ីស៊ីលរបស់ប្រទេសកូរ៉េខាងជើងកាលពីព្រឹកថ្ងៃអង្គារកាត់ពីលើប្រទេសជប៉ុន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
អ្នកនាំពាក្យផ្នែកសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកអ្នកស្រី Adrienne Watson បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃចន្ទម៉ោងនៅសហរដ្ឋអាមេរិកត្រូវនឹងព្រឹកថ្ងៃអង្គារម៉ោងនៅប្រទេសកូរ៉េខាងជើងថា៖ «នៅក្នុងការពិភាក្សាគ្នាតាមទូរស័ព្ទនោះ ទីប្រឹក្សាសន្តិសុខជាតិទាំងនោះបានពិគ្រោះយោបល់គ្នាអំពីការឆ្លើយតបរួមជាលក្ខណៈអន្តរជាតិឱ្យបានសមស្របនិងខ្លាំងក្លា [លើប្រទេសកូរ៉េខាងជើង] ហើយទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានគូសបញ្ជាក់ជាថ្មីអំពីការតាំងចិត្តដ៏ម៉ឺងម៉ាត់របស់សហរដ្ឋអាមេរិកនៅក្នុងការការពារប្រទេសជប៉ុននិងប្រទេសកូរ៉េខាងត្បូង»។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ បញ្ជាការដ្ឋានសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការតំបន់ឥណ្ឌូប៉ាស៊ីហ្វិកក៏បានថ្កោលទោសផងដែរលើការបាញ់សាកល្បងម៉ីស៊ីលរបស់ប្រទេសកូរ៉េខាងជើងនេះ។
សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ដូច្នេះថា៖ «សហរដ្ឋអាមេរិកថ្កោលទោសចំពោះសកម្មភាពនេះ ហើយអំពាវនាវឱ្យប្រទេសកូរ៉េខាងជើងបញ្ឈប់ការធ្វើសកម្មភាពបង្កអស្ថិរភាពនិងខុសច្បាប់បន្ថែមទៀត»។
កាលពីឆ្នាំ ២០១៧ ប្រទេសកូរ៉េខាងជើងក៏ធ្លាប់បាញ់មីស៊ីលកាត់ពីលើប្រទេសជប៉ុនផងដែរ នៅចំពេលដែលមានស្ថានការណ៍តានតឹងរវាងកូរ៉េខាងជើងនិងសហរដ្ឋអាមេរិក ដោយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងលោក Donald Trump ដែលជាប្រធានាធិបតីសហរដ្ឋអាមេរិកនៅពេលនោះបានរិះគន់គ្នាខ្លាំងៗទៅវិញទៅមក៕